en     km
en     km

ILO និងក្រសួងការងារបន្ដចុះMOU ស្តីពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

Share

អង្គការ ILO និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជជីវៈ បានបន្ដចុះអនុស្សារណៈយោគយល់គ្នា លើកទី៨ ស្ដីពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ក្នុងការជំរុញសេដ្ឋកិច្ចជាតិ ខណៈសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ក៏បានសម្ដែងសេចក្តីរីករាយក្នុងការបន្តអនុស្សរណៈនេះដើម្បីបន្តអនុវត្តក្នុងរយៈពេល៥ឆ្នាំ​ទៅ​​មុខទៀត។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

(ភ្នំពេញ)៖ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២២ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជជីវៈ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា សម្រាប់ឆ្នាំ ២០២៣-២០២៧ ដើម្បីជំរុញការនាំចេញឧស្សាហកម្មកាត់ដេរកម្ពុជា ដែលជាផ្នែកមួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថាកម្មករនិយោជិត និងនិយោជកនៃរោងចក្រកាត់ដេរទទួលនូវអត្ថប្រយោជន៍ជាច្រើនអំពីការអនុវត្តគម្រោង រោងចក្រកាន់តែប្រសើរ​នៅកម្ពុជា សម្រាប់ឆ្នាំ ២០២៣-២០២៧នេះ ដោយអាចរក្សាបាននូវការងារ ដែលមានលក្ខខណ្ឌល្អប្រសើរ និងទទួលប្រាក់ចំណេញអាជីវកម្ម តាមរយៈការទទួលបានការបញ្ជាទិញពីអ្នកបញ្ជាទិញអន្តរជាតិ ដែលមានកំណើនជាប្រចាំជាមួយ នឹងអនុលោមភាពតាមច្បាប់មានកម្រិតខ្ពស់។

លោករដ្ឋមន្ដ្រីបានបន្ថែមថា ភាពជោគជ័យ និងការអនុវត្តល្អរបស់គម្រោងនេះនៅកម្ពុជា ត្រូវបានក្លាយជាគម្រូសម្រាប់បណ្តាប្រទេសក្នុងតំបន់តាមរយៈការបង្កើតជា “កម្មវិធីការងារល្អប្រសើរ (Better Work)”។

ចំណែកលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា តាមរយៈការអនុវត្តគោលនយោបាយនៃការផ្សារភ្ជាប់ពាណិជ្ជកម្ម ជាមួយនឹងបទដ្ឋានការងារ បានប្រែក្លាយកេរ្តិ៍ឈ្មោះរបស់កម្ពុជាទៅជាប្រទេសឈានមុខគេក្នុងគោលនយោបាយពាណិជ្ជកម្មអន្តរជាតិ និងបានធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសគំរូសម្រាប់ប្រទេសមួយចំនួនយកធ្វើជាបទពិសោធន៍ សម្រាប់យកទៅអនុវត្ត និងរៀនសូត្រតាម។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បញ្ជាក់ឲ្យដឹងថា ការនាំចេញរបស់កម្ពុជាក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មទៅកាន់ទីផ្សារបរទេស នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២២ ការនាំចេញមានទឹកបា្រក់សរុប ១៧ពាន់ ៥៧៨ លានដុល្លារអាម៉េរិក កើនឡើង ២៤.២៣ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

នាយកការិយាល័យអង្គការ ILO ប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ លោក Graeme Buckley បានសង្កត់ធ្ងន់ថាក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ឃើញថាការអនុលោមតាមច្បាប់ជារួមនៅក្នុងប្រទេសកម្ពុជា មានភាពប្រសើរឡើងមួយផ្នែក ដោយសារការរាយការណ៍ ប្រកបដោយតម្លាភាពរបស់ គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាលើបញ្ហាសំខាន់ៗ។ លោកបន្ថែមថា គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា នឹងប្តេជ្ញាបន្តដើរតួជាអ្នកសម្របសម្រួលនៃភាគីពាក់ព័ន្ធក្នុងឧស្សាហកម្ម រួមទាំងអ្នកទិញអន្តរជាតិ ដែលដើរតួយ៉ាងសំខាន់ផងដែរក្នុងការកែលម្អវិស័យនេះ តាមរយៈការអនុវត្តអាជីវកម្មប្រកបដោយការទទួលខុសត្រូវ។

ទន្ទឹមនោះដែរ លោក គង់ សាង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លើកឡើងថា សមាគមពិតជាមានមោទនភាព ដែលបានក្លាយជាសមាគមវិស័យឯកជនទីមួយក្នុងពិភពលោក ដែលទទួលយកកម្មវិធីពិសេសរបស់អង្គការអន្តរជាតិខាងការងារ(ILO)នេះ ឲ្យមកតាមដានត្រួតពិនិត្យ ដោយឯករាជ្យលើរោងចក្ររបស់យើង និងធ្វើការរាយការណ៍ប្រកបដោយតម្លាភាពអំពីលទ្ធផលរកឃើញរបស់ពួកគេ។ សមាគមសូមគាំទ្រ និងមានសេចក្តីរីករាយដែលបានបន្តអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបន្តអនុវត្តក្នុងរយៈពេល៥ឆ្នាំទៅមុខទៀត។

សូមជម្រាបថា អនុស្សរណៈនៃការយោគយល់គ្នាថ្មី(MOU) សម្រាប់ឆ្នាំ២០២៣-២០២៧ នេះជាអនុស្សរណៈលើកទី៨ ដែលបានចុះហត្ថលេខា កែសម្រួលលក្ខខណ្ឌអនុវត្តគម្រោងមួយចំនួន ដោយបន្ថែមរយៈពេលអនុវត្តពី៣ឆ្នាំ ទៅ ៥ឆ្នាំ ដើម្បីធានានូវនិរន្តរភាពរបស់គម្រោង និងនិមិត្តរូបនៃការគោរពលក្ខខណ្ឌការងារ ដែលជាការបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា៕

 

Share

ព័ត៌មានទាក់ទង

Image