en     km
en     km

នាយករដ្ឋមន្រ្តីបញ្ជាឱ្យក្រសួងពាក់ព័ន្ធអន្តរាគមន៍ជួយកុមារចំណាកស្រុកតាមឱពុកម្តាយបានសិក្សាគ្រប់គ្នា

Share

ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញបញ្ជាឱ្យក្រសួងពាក់ព័ន្ធត្រូវអន្តរាគមន៍ជួយដល់កុមារដែលចំណាកស្រុកតាមឪពុកម្តាយដែលមករកការងារធ្វើទាំងក្នុងនិងក្រៅប្រទេស ត្រូវទទួលបានការសិក្សាឱ្យបានគ្រប់ៗគ្នា។

នៅចំពោះមុខនិស្សិតរាប់រយនាក់ដែលស្លៀកពាក់ឯកសណ្ឋានក្នុងឈុតពណ៌ខ្មៅ មានពាក់ឆៀងក្រណាត់ពណ៌ទឹកមាសជាមួយមួកនិសិ្សតដ៏ស្រស់ស្អាត អបដោយស្នាមញញឹមញញេមឥតដាច់រង់ចាំទទួលសញ្ញាបត្រពីនាយករដ្ឋមន្រ្តីនោះ សម្តេច ហ៊ុន សែន បានឆ្លៀតក្នុងឱកាសនោះចេញបញ្ជាឱ្យក្រសួងពាក់ព័ន្ធពិសេសក្រសួងអប់រំត្រូវអន្តរាគមន៍ជួយដល់កុមារដែលចំណាកស្រុកតាមឪពុកម្តាយ ធ្វើយ៉ាងណាត្រូវឱ្យពួកគេទទួលបានការអប់រំគ្រប់ៗគ្នា ត្បិតកុមារទាំងនោះខ្លះបោះបង់ចោលការសិក្សាព្រោះកត្តាជីវភាព។

បទបញ្ជារបស់នាយករដ្ឋមន្ត្រីនេះ កើតឡើងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ ដោយសម្តេចថែមទាំងបានចេញបញ្ជាបន្ថែមពីលើនេះទៀតថា កុមារដែលមានឪពុកម្តាយទៅធ្វើការឆ្ងាយហើយកំពុងរស់នៅក្រោមការមើលថែរបស់ជីដូនជីតា ក៏ត្រូវយកចិត្តទុកដាក់ផ្តល់ការអប់រំដល់កុមារទាំងនោះឱ្យបានគត់មត់ដូចគ្នាដែរ។

សម្តេច ហ៊ុន សែន ៖«កម្មករដែលមកធ្វើការងារតាមទីក្រុងឬតាមការដ្ឋានមានពីរយ៉ាង ម្យ៉ាងគាត់ផ្ញើកូននៅជីដូនជីតាឬសាច់ញាតិបងប្អូនដើម្បីបានសិក្សានៅស្រុក រឿងនេះត្រូវណែនាំឱ្យអាជ្ញាធរត្រូវយកចិត្តទុកដាក់លើកុមារ។តែមួយទៀតអ្នកនាំកូនមកជាមួយនាំកូនមកជាមួយ ដូច្នេះកូននេះអត់បានទទួលការសិក្សាទេ ចឹងត្រូវដោះស្រាយបញ្ហានេះយ៉ាងម៉េច យើត្រូវសហការជាមួយបណ្តាការដ្ឋានសំណងទាំងឡាយឬជាមួយសាលានៅជិតហ្នឹងដើម្បីកុមារបានចូលរៀន ឬបង្កើនថ្នាកចល័តដើម្បីឱ្យកុមារបានចូលរៀន។អ្នកនៅប្រទេសថៃក៏មានទិដ្ឋភាពដូចគ្នា តើយើងគួរដោះស្រាយយ៉ាងម៉េចដើម្បីឱ្យក្មេងបានរៀនទោះបីរៀនអក្សរថៃ ឬអក្សរខ្មែរក៏ដោយគឺត្រូវឱ្យបានរៀន»។

ក្នុងរឿងនេះដែរប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ សាទរចំពោះកិច្ចអន្តរាគមន៍យកចិត្តទុកដាក់បញ្ហាអប់រំកុមារដែលត្រូវចំណាកស្រុកផ្លាស់ទីរស់នៅនិងសិក្សាតាមឪពុកម្តាយនោះ។តែយ៉ាងណាមន្រ្តីអង្គការដែលធ្វើការងារលើការអប់រំនេះ នៅតែមានក្តីកង្វល់ពីយន្តការនិងការអនុវត្តច្បាប់មិនអាចគាំទ្រដល់កុមារបានគ្រប់ជ្រុងជ្រោយ។ ជាការយល់ឃើញរបស់លោក សន ជ័យ លោកផ្តល់អនុសាសន៍ថា រដ្ឋាភិបាលគួរបង្កើតឱ្យកន្លែងសិក្សាឬសាលាចល័តឱ្យបានច្រើនដើម្បីងាយផ្តល់ឱកាសឱ្យកុមារបានចូលសិក្សាបានគ្រប់គ្រាន់ ទោះបីជាកុមារត្រូវផ្លាស់ទីទៅឆ្ងាយពីទីតាំងចាស់ក៏ដោយ។

លោក សន ជ័យ៖ «កាលដែលពួកគេនៅទីណា​មិនថាគេនៅទីណា ទីនោះគឺមានកម្មវិធីជួយគាំទ្រសម្រាបការអប់រំបែបសំចត។ ការអប់រំបែបសំចតមានន័យថាពួកគេមិនត្រូវបានបំភ្លេចចោលនៅក្នុងកាលៈទេសៈដែលពួកគេជួបការលំបាកប៉ុណ្ណាក៏ដោយមិនថាទីជិត ឬទីឆ្ងាយបានន័យថាទាំងអជ្ញារធរដ្ឋ សង្គមស៊ីវិលត្រូវរកមធ្យោបាយដើម្បីផ្តល់ឱ្យពួកគេបានចូលរៀនទាំងរៀនកម្មវិធីផ្លូវការ​និងទាំងកម្មវិធីអប់រំក្រៅប្រព័ន្ធ។នេះគឺជាជម្រើសបន្ថែមដែលយើងគិតថាជួយបានបន្ថែមទៅលើការគិតគូរផ្នែកនយោបាយនិងទៅលើការអនុវត្តន៍ជាគៅនិតមួយបែបច្នៃប្រឌិតមួយចំនួនដើម្បីផ្តល់ឱកាសដល់ការរៀនសូត្រទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ»។


យោងតាមសូចនាករ និងទិន្នន័យចេញដោយក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ឆ្នាំសិក្សា ២០១៥-២០១៦ ដែលដកស្រង់ដោយអង្គការ UNICEF បានបង្ហាញឱ្យឃើញថា ចំនួនសិស្សដែលបោះបង់ចោលការសិក្សានៅកម្រិតអនុវិទ្យាល័យមានចំនួន ១៧% និងសិស្សវិទ្យាល័យមានចំនួនប្រមាណ ១៩%។
ចំណែករបាយការណ៍ត្រួតពិនិត្យការអប់រំសកលនៅឆ្នាំ ២០១៧-២០១៨ របស់អង្គការយូណេស្កូវិញបានបង្ហាញថា កុមារទូទាំងពិភពលោកចំនួន ២៦៤ លាននាក់មិនបានចូលសាលារៀន។
តែដោយឡែក បើយោងតាមស្ថិតិជាតិឆ្នាំ ២០១៧-២០១៨ ដដែលកុមារកម្ពុជាចំនួនជាង ៣ លាននាក់បានចុះឈ្មោះចូលរៀន។
យ៉ាងណាកាលពីខែកុម្ភៈ ឆ្នាំ២០១៩ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំបានថ្លែងនៅក្នុងសន្និសីទស្តីពី អត្រាបោះបង់ការសិក្សា ដោយលោករដ្ឋមន្រ្តីបញ្ជាក់ថា មានកុមារប្រហែល ២៣ ភាគរយនៅតាមខេត្តចំនួន ៣ រស់នៅតាមបណ្តោយព្រំដែនជាមួយប្រទេសថៃបានបោះបង់ការសិក្សា។
ចំណែកក្នុងបរិបទនៃរាតត្បាតជំងឺកូវីដ-១៩ បើយោងតាមរបាយការណ៍របស់អង្គការទស្សនៈពិភពលោកក្នុងអំឡុងខែមីនាបង្ហាញថា មានកុមារប្រមាណ ៣៥ភាគរយ មិនអាចបន្តការសិក្សាពីចំងាយ ឬការសិក្សាតាមទូរស័ព្ទដៃនិងកុំព្យូទ័របានពេលបិទសាលាក្នុងឆ្នាំសិក្សា២០២០-២០២១អំឡុងពេលកូវីដ១៩។ បញ្ហាទាំងនេះបាននាំឱ្យកុមារប្រឈមមុខនឹងគម្លាតសិក្សា និងការបោះបង់ការសិក្សានាពេលខាងមុខ បើមិនមានការគាំទ្រសមស្របក្នុងពេលចូលរៀនវិញ៕

Share

Image
Image
Image