en     km
en     km

សិស្សស្រី​អ៊ីរ៉ង់​​តវ៉ាទាមទារសិទ្ធិនៅតាមសាលា

Share

 

 

 

រយៈពេលចុងក្រោយនេះក្រុមក្មេងស្រីអ៊ីរ៉ង់នៅវិទ្យាល័យបានចូលរួមតវ៉ាប្រឆាំងរដ្ឋាភិបាលក្នុងចំនួនដ៏ច្រើន ខណៈដែលជនជាតិអីរ៉ង់កំពុងកាន់ទុក្ខសពក្មេងស្រីជំទង់ម្នាក់ដែលបានស្លាប់នៅក្នុងការធ្វើបាតុកម្ម។

យុវវតីម្នាក់ឈ្មោះ Nika Shahkarami រស់នៅទីក្រុង Tehran អាយុ 17 ឆ្នាំបានបាត់ខ្លួននៅខែកញ្ញា។សារព័ត៌មានBBC បានរាយការណ៍ថា គ្រួសាររបស់នាងបានរកឃើញសាកសពនាងនៅក្នុងបន្ទប់ដាក់សពរនៅមជ្ឈមណ្ឌលឃុំឃាំងមួយរបស់អាជ្ញាធរ។

ក្នុង​វីដេអូបាន​ចែក​ចាយ​លើ​បណ្តាញ​សង្គម​បង្ហាញ​ពី​ថ្នាក់​រៀន​ ដែល​ក្មេង​ស្រី​​បាន​គូស​រូបភាព​ និងសរសេរពាក្យ​ស្លោក​​តវ៉ា។ ក្រុម​អ្នក​តវ៉ា​បាន​​ស្រែកថា៖ «ស្ត្រី ជីវិត និងសេរីភាព”។ នៅ​ក្នុង​វីដេអូ​ជាច្រើននៅទូទាំង​ប្រទេស​អ៊ីរ៉ង់បង្ហាញថា ស្ត្រីអីរ៉ង់​កំពុង​ដើរតាម​ដងផ្លូវ​សាធារណៈដោយ​ដោះ​កន្សែងគ្របសក់ចេញនិងដុតវា​ចោល។

នៅកន្លែងណាដែលមិនអាចជួបជុំហែក្បួនបាន ពួកគេបានរៀបចំការតវ៉ាក្នុងផ្ទះ និងបានលួចប្រើអ៊ីនធឺណេត ដើម្បីបង្ហោះវីដេអូ និងរូបថត។លោក Joe Biden បាននិយាយថាលោកមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីរបាយការណ៍នៃការបង្ក្រាបដោយហិង្សាកាន់តែខ្លាំងឡើង។

ប្រធានាធិបតីអាមេរិកបានបន្ថែមថា ក្រុងវ៉ាស៊ីនតោនបានគាំទ្រដំណោះស្រាយ ដែលអនុញ្ញាតឱ្យពលរដ្ឋអ៊ីរ៉ង់ប្រើប្រាស់បច្ចេកវិទ្យាអ៊ីនធឺណិត។  សាកលវិទ្យាល័យ Sharif បានក្លាយជាកន្លែងប្រយុទ្ធគ្នានៅចុងសប្តាហ៍ ដោយនិស្សិតត្រូវបានឡោមព័ទ្ធដោយកងកម្លាំងសន្តិសុខដោយប្រើឧស្ម័នបង្ហូរទឹកភ្នែក ហើយមនុស្សជាច្រើនត្រូវបានចាប់ខ្លួន។

ក្រុមសិស្សសាលាស្រីៗបានដើរដង្ហែក្បួនតាមដងផ្លូវដោយមិនពាក់កន្សែងគ្របក្បាល ហើយស្រែកថា “ស្ត្រី ជីវិត និងសេរីភាព” នៅក្នុងទីក្រុង Karaj ភាគខាងលិចនៃរដ្ឋធានី និងនៅក្នុងទីក្រុង Sanandaj របស់ជនជាតិឃឺដ នេះបើយោងតាមវីដេអូដែលបានចែករំលែកយ៉ាងទូលំទូលាយ។ អ្នកកាសែតអ៊ីរ៉ង់រាប់សិបនាក់ត្រូវបានចាប់ខ្លួននៅក្នុងការការតវ៉ា ប្រឆាំងរដ្ឋាភិបាលបិទអ៊ីនធឺណិត និងរារាំងការប្រើប្រាស់វេបសាយ និងប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលក្រុមអ្នកតវ៉ាប្រើសម្រាប់រៀបចំផែនការតវ៉ា និងចែករំលែកព័ត៌មាន។

 ប្រភព៖ The Guardian ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២

Share

Image
Image
Image