ភ្នំពេញ៖ បន្ទាប់ពីក្រសួងបរិស្ថានទទួលយកញត្តិកាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ក្រុមយុវជនស្រលាញ់បរិស្ថានបានរំពឹងការឆ្លើយតបវិជ្ជមានតិចតួចពីក្រសួងបរិស្ថាន។ ការដាក់ញត្តិនេះមានគោលបំណងឱ្យមន្ត្រីក្រសួងបរិស្ថានឈប់បិទសិទ្ធិការពារព្រៃឈើ និងបើកចំហរសេរីភាពសាធារណជនក្នុងការចូលរួមល្បាតព្រៃឈើ។
លោកសាន់ ម៉ាឡា សកម្មជនការពារបរិស្ថានរបស់អង្គការមាតាធម្មជាតិ បានប្រាប់វិទ្យុស្ត្រី នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ នេះថា «យើងមិនរំពឹងថាក្រសួងបរិស្ថានមានឆន្ទៈឈប់រឹតត្បិតមកលើសកម្មភាពសហគមន៍ ក៏ដូចជាអ្នកការពារព្រៃឈើនោះទេ»។
លោកបន្តថា យើងរំពឹងទុកថាសកម្មភាពនេះ[ពិធីហែរសពដើមឈើ] នឹងជាសម្ពាធមួយទៅដល់ក្រសួងបរិស្ថានតាមរយៈប្រតិកម្មរបស់មហាជន សហគមន៍អន្តរជាតិ ក្នុងការជម្រុញឲ្យក្រសួងឈប់រំលោភរដ្ឋធម្មនុញ្ញមាត្រា៣៥ និងមាត្រា៥៩ ហើយក្រសួងត្រូវធានានូវសិទ្ធរបស់ប្រជាពលរដ្ឋ សកម្មជន និងសហគមន៍មូលដ្ឋាន ក្នុងការរួមចំណែកការពារព្រៃឈើ។
ជាមួយគ្នានេះដែរលោកបន្តថា នេះមិនមែនជាញត្តិលើកទី១ ដែលបានដាក់នោះទេ បើគ្មានការឆ្លើយតប បើនៅតែរឹតត្បិត សកម្មភាពជាសាធារណៈដទៃទៀតនៅតែបន្តធ្វើឡើង ដើម្បីក្រើនរំលឹកឲ្យក្រសួងបរិស្ថានកែប្រែឥរិយាបថដែលធ្វើអោយខាតបង់ផលប្រយោជន៍ជាតិ។
ដោយឡែកកញ្ញា ភួន កែវរស្មី តំណាងក្រុមយុវជនចលនាមាតាធម្មជាតិ បានប្រាប់វិទ្យុស្ត្រី នៅថ្ងៃនេះដែរ ថាការហែរញត្តិដាក់ទៅក្រសួងបរិស្ថាន ក្រសួងអាចនឹងឆ្លើយឬមិនឆ្លើយជាការសម្រេចចិត្តរបស់ក្រសួង។
កញ្ញាបន្តថា « យើងមិនសូវជារំពឹងថាក្រសួងបរិស្ថានអាចនឹងឆ្លើយតបជាវិជ្ចមាន ឬបើកលំហរសេរីភាពឲ្យពួកយើងចូលល្បាតព្រៃឡើងវិញនោះទេ ដោយសារកន្លងមកយើងមើលឃើញថា ក្រសួងមិនសូវជាយកចិត្តទុកដាក់ និងឆ្លើយតបជាវិជ្ជមានមកកាន់ញត្តិក្រុមយុវជននោះទេ មិនថារឿងកោះកុងក្រៅ ឬរឿងព្រៃឈើ»។
កញ្ញាបន្តទៀតថា « យើងជឿជាក់ថាប្រជាពលរដ្ឋដែលបានឃើញការហែរញត្តិព្រឹកមិញនេះ យុវជន និងពលរដ្ឋនឹងចាប់ផ្តើមខ្វាយខ្វល់ជាមួយព្រៃឈើ ពួកយើងចូលរួមទាំងអស់គ្នា ពេលនោះហើយដែលពួកយើងទទួលបានជោគជ័យ»។
សូមបញ្ជាក់ថា កាលពីព្រឹកមិញថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ក្រុមយុវជនស្រលាញ់បរិស្ថានប្រហែលជា៣០នាក់ បានតុបតែងខ្លួនស្លៀកពាក់ខោអាវពណ៌ស និងមានមឈូស ដែលតំណាងឱ្យការកាន់ទុក្ខចំពោះការបាត់បង់ព្រៃឈើក្នុងតំបន់ដែនជម្រកការពារសត្វក្នុងប្រទេសកម្ពុជា ខណៈនេះក្បួនហែរសពដើមឈើបានធ្វើនៅមុខស្ថានទូតរុស្សី បន្តឆ្ពោះទៅក្រសួងបរិស្ថាននៅជិតក្រុមហ៊ុនល្បែងណាហ្គាវើលដ៍១។