en     km
en     km

កំណាត់ផ្លូវមួយចំនួនក្នុងខេត្តកំពង់ធំនិងព្រះវិហារត្រូវផ្អាក់ចរាចរណ៍បន្ទាប់ពីទឹកជន់លិច

Share

ភ្នំពេញ៖ កំណាត់ផ្លូវជាតិលេខ ៩ ស្ថិតនៅភូមិម្លូព្រៃ ឃុំព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ ត្រូវរងជំនន់ទឹកភ្លៀងឡើងជន់លិចផ្លូវយ៉ាងខ្លាំង ដែលប្រការនេះនាំឱ្យមន្ទីរធនធានទឹកខេត្តព្រះវិហារសម្រេច ផ្អាក់ចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់ជាបណ្តោះអាសន្ន។
នេះបើតាមសេចក្តីជូនដំណឹងរបស់មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារកាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២២។

ដោយឡែក មន្ទីរសាធារណការខេត្តកំពង់ធំឯណ្ណោះវិញ ក៏សម្រេចផ្អាកការចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់ផងដែរ លើកំណាត់ផ្លូវមួយចំនួនលើផ្លូវជាតិលេខ ៦ ស្ថិតក្នុងខេត្តកំពង់ធំ ដោយសារស្ថានភាពជំនន់ទឹកភ្លៀងបាននឹងកំពុងជន់ឡើងយ៉ាងខ្លាំង។នេះបើតាមសេចក្ដីជូនដំណឹងចុះថ្ងៃទី២៦ ខែកញ្ញានេះ មន្ទីរសាធារណការខេត្តកំពង់ធំ។
មន្ទីរសាធារណការខេត្តកំពង់ធំបញ្ជាក់ថា ជំនន់ទឹកភ្លៀងកំពង់ហក់ឡើងដែលត្រូវផ្អាក់ចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់ជាបណ្តោះអាសន្នលើកំណាត់ផ្លូវជាតិលេខ៦ ចាប់ពីគីឡូម៉ែត្រលេខ២២០ ដល់គីឡូម៉ែត្រលេខ២២៤ ស្ថិតក្នុងភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។ និងត្រូវផ្អាក់ការបើកបរនៅទីប្រជុំជនភូមិត្នោត ឃុំកំពង់ចិនជើង ស្រុកស្ទោង និងផ្លូវខេត្តលេខ ២៦៤០ ស្ថិតនៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង និងផ្លូវខេត្តលេខ ២៦៤៤ ស្ថិតនៅក្នុងភូមិតាក្រាល ឃុំប្រឡាយ ស្រុកស្ទោងខេត្តកំពង់ធំផងដែរ។
មូលហេតុដែលត្រូវផ្អាក់ចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់ បើតាមមន្ទីរធនធានទឹកខេត្តព្រះវិហារ និងមន្ទីរសាធារណការខេត្តកំពង់ធំ បានបញ្ជាក់ហេតុដូចគ្នាថា ដោយសារតែស្ថានភាពជំនន់ទឹកភ្លៀងហក់ឡើងខ្លាំងដល់កម្រិតប្រកាសអាសន្ន ធ្វើឱ្យផ្លូវថ្នល់ ស្ពាន មិនអាចទ្រទម្ងន់រថយន្តដឹកទំនិញធុនធ្ងន់បាន។ ជាងនេះ ការផ្អាក់ចរាចរណ៍នេះ ក៏ដើម្បីថែរក្សាផ្លូវថ្នល់ស្ពាន កុំឱ្យបាក់ស្រុត និងធានាដល់ការធ្វើចរាចរណ៍ប្រកបដោយសុវត្ថិភាពផងដែរ៕

 

Share

Image
Image
Image