en     km
en     km

នាយករដ្ឋមន្ដ្រីកម្ពុជា នាំចៅស្រីច្បងចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ

Share

នៅថ្ងៃទីពុធ ទី២១​ ខែកញ្ញា ឆ្នាំ២០២២នេះ នាយករដ្ឋមន្ដ្រីកម្ពុជា សម្ដេច ហ៊ុន សែនបានចេញដំណើរពីប្រទេសកម្ពុជា ចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងនាមជាប្រធានអាស៊ាន។​ នៅលើទំព័រហ្វេសប៊ុកសម្ដេចបានបង្ហាញឱ្យឃើញថា សម្ដេចបាននាំចៅស្រីច្បង ចំនួន២រូប ទៅចូលរួមក្នុងកិច្ចប្រជុំនេះដែរ។ បើតាមការបញ្ជាក់របស់សម្ដេច ហ៊ុន សែន គឺដើម្បីឱ្យចៅស្រីរបស់ខ្លួន រៀនធ្វើការងារ ក្នុងឱកាសមហាសន្និបាតដ៏ធំបែបនេះ។

បើតាមការឱ្យដឹងពីសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាចេញផ្សាយថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០២២ នាយករដ្ឋមន្រ្តីកម្ពុជានឹងចូលរួមសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២២ ក្រោមប្រធានបទ«ចំណុចរបត់សំខាន់នៃការផ្លាស់ប្តូរមិនអាចត្រឡប់ក្រោយបាននិងដំណោះស្រាយបរិវត្តកម្មចំពោះបញ្ហាប្រឈមប្រទាក់ប្រឡាគ្នា»នៅទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក។

បន្ថែមពីនេះ នាយករដ្ឋមន្រ្តីកម្ពុជានឹងថ្លែងការណ៍ធ្វើបទអន្តរាគមន៍ដោយផ្តោតលើតួនាទីស្ថាបនារបស់កម្ពុជាក្នុងការគាំទ្រពហុភាគីនិយមផ្អែកលើគោលការណ៍ច្បាប់។ នេះបើយោងទៅតាមក្រសួងការបរទេសដដែល។  ក្រៅពីនេះ កម្ពុជានឹងបង្ហាញពីសកម្មភាពរួមកិច្ចសហការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងផ្នែកសុខភាពជាសកលដែលកំពុងបន្តកើតមានឡើង រួមទាំងបញ្ហាការប្រែប្រួលអាកាសធាតុ ការពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងគោលនយោបាយឌីជីថលព្រមជាមួយសេដ្ឋកិច្ចបៃតង។

បើតាមការប្រកាសរបស់នាយករដ្ឋមន្ដ្រី ក្រៅពីចូលរួមសន្និបាតអង្គការសហប្រជាជាតិ សម្ដេចក៏បន្តទៅទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបាពីថ្ងៃទី២៣ដល់ថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២២។ សម្តេច ហ៊ុន សែន នឹងទៅប្រទេសជប៉ុនដើម្បីចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់លោក ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្រ្តីជប៉ុនផងដែលនៅថ្ងៃទី២៧ ខែកញ្ញាឆ្នា២០២២ផងដែរ៕

Share

ព័ត៌មានទាក់ទង

Image