ក្រសួងទេសចរណ៍នឹងដាក់សំណើទៅកាន់រាជរដ្ឋាភិបាល ដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋថៃ ដែលរស់នៅខេត្តជាប់ព្រំដែនជាមួយកម្ពុជា អាចឆ្លងមកលេងខេត្តសៀមរាប ដោយគ្រាន់តែប្រើត្រឹមបណ្ណព្រំដែន មិនចាំបាច់មានលិខិតឆ្លងដែននោះទេ។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែ កញ្ញា ឆ្នាំ២០២២ ក្រសួងទេសចរណ៍ បានបើកកិច្ចប្រជុំរបស់ខ្លួន នៅទីស្ដីការក្រសួង ដោយដាក់ផែនការទាក់ទាញទេសចរណ៍ជនជាតិថៃ ដែលរស់នៅតាមព្រំដែនខ្មែរ អាចចូលមកទស្សនាដល់ខេត្តសៀមរាប ជាពិសេសរមណីយដ្ឋានអង្គរ ដោយមិនចាំបាច់មានលិខិតឆ្លងដែន។
បើតាមក្រសួងទេសចរណ៍ នេះគឺជាយោបល់លើកឡើងរបស់គណៈកម្មការអន្តរក្រសួងដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស ហៅកាត់ថា គ.អ.ច.ទ. ក្នុងគោលបំណងដើម្បីទាក់ទាញទេសចរពលរដ្ឋថៃចូលមកកម្ពុជា។
នេះបើតាមលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងក្រោយកិច្ចប្រជុំ។
លោកថ្លែងបន្ដថា ការព្យាករណ៍ថាការអនុវត្តបែបនេះ កម្ពុជានឹងទទួលបានផលចំណេញបន្ថែមពីវិស័យទេសចរណ៍ តាមរយៈការចូលមកទស្សនាដោយផ្ទាល់របស់ភ្ញៀវទេសចរថៃរស់នៅតាមខេត្តជាប់ព្រំដែនកម្ពុជា។
សូមជម្រាបថា បច្ចុប្បន្នកម្ពុជា-ថៃ កំពុងអនុវត្តការអនុញ្ញាតឱ្យមានការចេញ/ចូល រវាងប្រជាជនដែលរស់នៅជាប់ព្រំដែនទាំងសងខាង។ ប្រជាជនដែលកាន់បណ្ណព្រំដែន អាចឆ្លងកាត់ព្រំដែនបានដោយមិនចាំបាច់ មានលិខិតឆ្លងដែនឡើយ។ ដើម្បីទទួលបានបណ្ណព្រំដែននេះ ប្រជាពលរដ្ឋគ្រាន់តែមានអត្តសញ្ញាណបណ្ណ គឺអាចស្នើសុំបណ្ណព្រំដែននេះបាន។
គួររំលេចផងដែរថា ខេត្តរបស់ប្រទេសថៃ ដែលជាប់ជាមួយព្រំដែនប្រទេសកម្ពុជា រួមមាន ខេត្ត Ubon Ratchathani ជាប់ជាមួយខេត្តព្រះវិហារ។ ខេត្ត Si Sa Ket ជាប់ជាមួយខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ ខេត្ត Surin ជាប់ជាមួយខេត្តឧត្តរមានជ័យ។ ខេត្ត Buri Ram ជាប់ជាមួយខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ។ ខេត្ត Sa Kaeo ជាប់ជាមួយខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។ ខេត្តChanthaburi ជាប់ជាមួយខេត្តបាត់ដំបង និងខេត្តបៃលិន។ និងខេត្តTrat ជាប់ជាមួយខេត្តបៃលិន បាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង៕