(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែកញ្ញា ខាងមុខនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងសហការជាមួយក្រុមហ៊ុនធំៗចំនួន១៤ ផ្តល់នូវឱកាសការងារជាង ១៥១០កន្លែង ជូនដល់សិស្ស\និស្សិត យុវជន អ្នកកំពុងស្វែងរកការងារធ្វើនៅក្នុងកម្មវិធី “វេទិកាការងារ”។ វេទិកាការងារនេះធ្វើឡើងនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៥ល្ងាច។
ក្រុមហ៊ុនដែលនឹងចូលរួមក្នុងវេទិកាការងារនេះរួមមាន៖ក្រុមហ៊ុន CHIP MONG, មីក្រូហិរញ្ញវត្ថុ ស៊ី ធី ភីអិលស៊ី, Bon Chon, មីក្រូហិរញ្ញវត្ថុ ហត្ថា, ក្រុមហ៊ុនDCATHLON, លីហួ, ក្រុមហ៊ុន EVC, ក្រុមហ៊ុន SKECHERS, NAGAWORLD, CENTURY21, ក្រុមហ៊ុន NCX HONDA, ក្រុមហ៊ុន Land &home EL&H, ផ្សារទំនើបម៉ាក្រូ និងសមាគមមហាគ្រួសារអាយធី។
បើតាមលោក ឆោម សុខឿន ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ដែលសម្របសម្រួលការរៀបចំព្រឹត្តិការណ៍ នេះបានឲ្យដឹងថា កម្មវិធីវេទិកាការងារប្រចាំខែបានរួមចំណែកយ៉ាងសំខាន់ដល់ភាគីនិយោជក ដែលកំពុង មានតម្រូវការជ្រើសរើសបុគ្គលិក ទាំងពេលបច្ចុប្បន្ន និងអនាគត ឲ្យមានឱកាសបានជួបជាមួយអ្នកកំពុងស្វែងរកការងារធ្វើដោយផ្ទាល់ ដើម្បីយកទៅបំពេញបេសកម្មក្រុមហ៊ុន និងសម្រេចផែនការរបស់ពួកគេដែលបានកំណត់។ អ្នកដែលមានបំណងស្វែងរកការងារឬចង់ផ្លាស់ប្ដូរបទពិសោធន៏ការងារ គឺគ្រាន់តែកាន់ប្រវត្តិរូបសង្ខេប(CV) និងរៀបចំខ្លួនឱ្យបានសមរម្យដើម្បីត្រៀមជួបសម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុនធំៗទាំងនោះនៅថ្ងៃកម្មវិធីតែម្ដង។
ការរៀបចំកម្មវិធីនេះត្រូវបានអនុវត្តយ៉ាងម៉ត់ចត់នូវវិធានការណ៍ ៣ការពារ និង៣កុំ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺ កូវីដ-១៩ ដើម្បីធានានូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើសេរើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារ សម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ។
គួរបញ្ជាក់ផងដែរថា កម្មវិធី “វេទិកាការងារ” គឺជាផ្នែកមួយក្នុងការផ្ដល់ឱកាសដល់សាធារណៈជនទូទៅ ជាពិសេសយុវជនដែលចង់ស្វែងការងារធ្វើ អ្នកស្វែងរកកន្លែងកម្មសិក្សា ឬអ្នកចង់ផ្លាស់ប្តូរការងារ អាចទទួលបាន កាន់តែងាយស្រួល ចំណេញពេលវេលា និងនៅមួយកន្លែង។
សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ អាចយកប្រវត្តិរូបសង្ខេប (CV) និងរៀបចំខ្លួនឲ្យបានសមរម្យទៅតាមមុខតំណែងដែលខ្លួនចង់បាន ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាសផ្ទាល់ជាមួយក្រុមហ៊ុននៅថ្ងៃកិច្ចសម្ភាសន៏ ចាប់ពីម៉ោង ០៨:០០ព្រឹកដល់ម៉ោង០៥:០០ល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ (Telegram ) ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ៕