ភ្នំពេញ៖ លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជា លើកឡើងថា មហិច្ឆតារបស់អ្នកនយោបាយគឺគ្មានដែនកំណត់នោះទេ តែអ្នកវិទ្យាសាស្រ្ដត្រូវជួយទប់មហិច្ឆតាអ្នកនយោបាយ កុំឱ្យមានបញ្ហាដល់ប្រជាជាតិ។ ការលើកឡើងនេះ ធ្វើឡើងក្នុងវេទិកាភ្នំពេញលោកទី ១ នៅថ្ងៃទី៧ ខែ កញ្ញា ឆ្នាំ២០២២នេះ នៅរាជបណ្ឌិតសភាកម្ពជា។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា ពិភពលោកនេះ អ្នកនយោបាយតែងតែមានមហិច្ឆតាធំធេងមិនអាចបញ្ចប់បានទេ តែអ្នកវិទ្យាសាស្ដ្រក៏ត្រូវមានរចនាសម្ព័ន្ធថ្មី អភិក្រមថ្មី សេណារីយ៉ូនៃវិទ្យាសាស្ដ្រថ្មីៗ ដើម្បីជួយទប់ស្កាត់មហិច្ឆតាអ្នកនយោបាយ កុំឱ្យប៉ះពាល់ដល់ប្រជាជាតិដទៃ នាំឱ្យមានវិបត្តិធ្ងន់ធ្ងរ។
ការលើកឡើងរបស់លោក យង់ ពៅ ខណៈលោកចូលរួមវេទិការភ្នំពេញលោកទី១ ស្ដីពី ធនាគារខួរក្បាល អង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយក្នុងបរិបទថ្មី (បណ្ដាញអ្នកសារព័ត៌មាន) នៅថ្ងៃទី៧ ខែ កញ្ញា ឆ្នាំ២០២២នេះ ។ លោកបានបន្ថែមថា គ្មានអ្នកណាដែលមិនទទួលប្រយោជន៍ពីអ្នកនយោបាយទេ បើយើងបានប្រយោជន៍ពីអ្នកនយោបាយ គឺយើងត្រូវជួយអ្នកនយោបាយវិញ។ លោកបានលើកជាឧទាហរណ៍ថា នាពេលថ្មីៗនេះ មានវិបត្តិនៅសមុទ្រចិនខាងត្បូង បញ្ហាតៃវ៉ាន់ បញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បញ្ហាបរិស្ថាន បញ្ហាទឹកទន្លេមេគង្គ បញ្ហាសន្ដិសុខជាប្រពៃណី និងមិនប្រពៃណីជាដើម គឺកើតចេញពីមហិច្ឆតារបស់អ្នកនយោបាយ។ នេះបើតាមការយល់ឃើញរបស់លោកផ្ទាល់។ តែបែបនេះក្ដី លោកថា មិនត្រូវបន្ទោសលើអ្នកនយោបាយទេ ព្រោះអ្នកនយោបាយធ្វើឡើងដើម្បីបំប៉នការរីកច្រើនរបស់ប្រជាជាតិរបស់ខ្លួន។
តែក្នុងនាមអ្នកវិទ្យាសាស្ដ្រ លោក យង់ ពៅថា ត្រូវជួយដល់អ្នកនយោបាយដើម្បីចៀសវាង កុំឱ្យមហិច្ឆតាទាំងនោះប៉ះទង្គិចគ្នា ដែលនាំឱ្យក្លាយទៅជាអរិយភាព សង្គ្រាមរ៉ាំរ៉ៃ និងមានការឡើងកម្ដៅផែនដី។
ក្នុងវេទិការភ្នំពេញលើលទី១នេះ លោកអគ្គលេខាធិការថា មុំគំនិតទាំង៣ រួមមាន ធនាគារខួរក្បាល អង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយ ត្រូវមានរចនាសម្ព័ន្ធ ធ្វើការជាមួយគ្នាច្បាស់លាស់ និងជជែកវែកញែកគ្នាស្មើមុខស្មើមាត់ដោយតម្លាភាព ទើបអាចជួយសម្រេចមហិច្ឆតា អ្នកនយោបាយដោយមិនមានផលប៉ះពាល់ដល់ប្រជាជាតិដទៃ។
លោកបានរំលេចថា ក្នុងនាមជាបញ្ញាជនត្រូវហ៊ាននិយាយចេញមកនូវគំនិត ដើម្បីជួយអ្នកនយោបាយ ព្រោះអ្នកនយោបាយកំណត់មហិច្ឆតា កំណត់គោលដៅ ចំណែកអ្នកវិទ្យាសាស្រ្ដកំណត់មធ្យោបាយ វិធីសាស្ដ្រ សេណារីយ៉ូ ដើម្បីទៅដល់គោលដៅដូចគ្នា។ លោកបានបញ្ជាក់ថាបើ អ្នកវិទ្យាសាស្រ្ដមិនជួយអ្នកនយោបាយនោះទេ អ្នកនយោបាយនឹងទៅមុខលឿន តែនឹងប៉ះពាល់ដល់ប្រជាជាតិផ្សេង៕