en     km
en     km

កំពង់ធំ៖កសិករ​ឃុំកំពង់ស្វាយម្នាក់បារម្ភខ្លាចបាត់បង់របរធ្វើទូកនេសាទ​ខណៈឈើកាន់តែឡើងថ្លៃ

Share

ខេត្តកំពង់ធំ៖ នៅក្រោមម្លប់ឈើដ៏ត្រជាក់នាដីវាលមួយកន្លែងមានចងគោមួយក្បាលក្បែរពំនូកចំបើង ស្ថិតក្នុងអន្លង់ក្រសាំង ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ទីនេះហើយជាកន្លែងធ្វើទូករបស់លោក ខូយ ប៊ុនឡុង បុរសកសិករនិងជាជាងធ្វើទូកក្នុងទីតាំងខាងលើ។

យកម្លប់ដើមឈើជាដំបូង កន្លែងធ្វើទូកនេសាទរបស់លោក ប៊ុនឡុង គ្មានជារោងត្រឹមត្រូវនោះទេគឺហាលវាលតែម្តង។

ទូករបស់លោក ខូយ ប៊ុនឡុង ជាប្រភេទទូកឈើសម្រាប់ប្រើប្រាស់ក្នុងការនេសាទត្រី។

 

កំពុងធ្វើទូកបណ្តើរលោក ខូយ ប៊ុនឡុង ឆ្លៀតប្រាប់ដល់ក្រុមយុវជនវិទ្យាល័យទួលក្បិលបណ្តើរថា លោកចាប់ធ្វើទូកនេសាទជារបរបន្ទាប់បន្សំពីការងារស្រែចំការរបស់លោកដើម្បីទទួលបានប្រាក់កម្រៃបន្ថែមផ្គត់ផ្គង់គ្រួសារ។

បុរសសម្បុរស្រអែមខ្មៅរូបនេះ បន្ថែមថា​ ទូករបស់លោកធ្វើសម្រាប់ដាក់លក់នេះ ជាប្រភេទទូកនេសាទខ្នាតតូចមានប្រវែងជាង៣ម៉ែត្រ ទទឹងជាងមួយម៉ែត្រធ្វើអំពីឈើ។ លោកបន្តថា ទូករបស់លោកលក់ក្នុងតម្លៃចាប់ពី ៧០ ម៉ឺនរៀលឡើងទៅ។ ឈរក្រោមឈើ លោក ខូយ ប៊ុនឡុង ធ្វើទូកនេសាទតូចៗដោយប្រើឧបករណ៍ចាស់ៗមានរណាដៃ ប្រដាប់ឈូសឈើវែង ខ្លី ពូថៅ និងសម្ភារៈដទៃផ្សេងៗទៀត។

លោក ប៊ុនឡុង កំពុងបន្តការងារធ្វើទូករបស់លោក។

 

លោកបញ្ជាក់ថា របរធ្វើទូកនេះបានជួយសម្រួលជីវភាពគ្រួសារលោកមួយផ្នែកផងដែរ បន្ទាប់ពីរបរធ្វើស្រែចំការ។ តែយ៉ាងលោក ប៊ុនឡុង បានលើកឡើងដោយត្អួញត្អែរថា នៅរយៈពេលចុងក្រោយនេះតម្លៃឈើសម្រាប់ធ្វើទូកបានហក់ឡើងថ្លៃ ជាហេតុនាំឱ្យការធ្វើទូកពិបាកលក់ចេញ។ លោកថ្លែងដោយក្តីបារម្ភថា ប្រសិនបើប្រជាពលរដ្ឋងាកទៅប្រើទូកទំនើបៗវិញនោះរបរធ្វើទូកឈើនេះនឹងប្រឈមការបាត់បង់៕

លោកឡុងកំពុងធ្វើទូកលើដីវាលមួយកន្លែង។

 

អត្ថបទខ្លីនេះសរសេរដោយ សូយ វិត ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលស្ថិតក្នុងគម្រោងសំឡេងយុវជនមានសារៈសំខាន់ គាំទ្រដោយសហភាពអឺរ៉ុបប្រចាំកម្ពុជា(EU) និង DW Akademie។

 

 

 

Share

Image
Image
Image