កាលពីសប្ដាហ៍មុន នាទីប្រវត្តិសាស្ដ្រវិទ្យុស្ដ្រីបានលើកយកពីការធ្វើដំណើរបស់ព្រះរាជា គឺព្រះបាទនរោត្តម ពីរាជធានីទីក្រុងភ្នំពេញ ទៅកាន់ខេត្តពោធិ៍សាត់ ដើម្បីប្រពាតព្រៃ និងបរបាញ់សត្វលើទឹកដីជាយដែនមួយនេះ។ ដំណើរកម្សាន្ដរបស់ព្រះរាជាតាមដំរី ចំណាយពេល៧ថ្ងៃទើបទៅដល់គោលដៅ។ ការធ្វើដំណើររយៈចម្ងាយឆ្ងាយនេះ តើព្រះរាជាបានគាប់ហរទ័យក្នុងការបរបាញ់សត្វព្រៃដែរ ឬយ៉ាងណា? នាទីប្រវត្តិសាស្ដ្រនៅថ្ងៃនេះសូមជម្រាបជូននាង កញ្ញា លោក លោកស្រី អំពីស្ថានភាពនៅពេលនោះ ដែលដកស្រង់ចេញពីសៀវភៅភាសាបាំរាំងរបស់ហ្សង់ ម៉ូរ៉ា តែប្រែសម្រួលដោយលោកស្រី ភឿង សកុណាដូចតទៅ៖
ព្រះរាជា ព្រះបាទនរោត្តម បានយាងទៅស្នាក់នៅនាទីរួមខេត្តពោធិ៍សាត់ ក្នុងគេហដ្ឋានឈើដ៏ប្រណីតមួយដែលចៅហ្វាយខេត្តបានរៀបចំទុកដាក់ថ្វាយព្រះអង្គ។ ដោយការអស់កម្លាំងកាយពល នាថ្ងៃដំបូងលើទឹកដីក្បែរជាយដែនខ្មែរ-ថៃ ព្រះរាជា និងមន្ដ្រីបរិពារ ព្រមទាំងលោក ហ្សង់ ម៉ូរ៉ាដែលជាអគ្គទេសាភិបាលបារាំងប្រចាំប្រទេសកម្ពុជាផង បានសម្រាក រហូតដល់រសៀល ទើបចាកចេញពីទ្រនំស្នាក់នៅ ទៅទស្សនាក្រុមតន្ដ្រីប្រចាំព្រះរាជវាំង ដែលប្រគុំកំដរអាហារពេលល្ងាច។
ប្រជានុរាស្ដ្រខេត្តពោធិ៍សាត់ដែលមិនទាន់ក្លាយជាអ្នកទីក្រុងពេញលេញដូចអ្នកភ្នំពេញ បានចោមរោមមើលតន្ដ្រី និងអ្នកដំណើរទៅពីភ្នំពេញ ជាពិសេសជនជាតិអឺរ៉ុប គឺលោក ហ្សង់ ដែលទទួលលទានអាហារមានសម មានកាំបិត និងអាហារដ៏ចម្លែកមិនដែលឃើញ។
នាថ្ងៃទី២ ក្រោយការសម្រាកយកកម្លាំងព្រះរាជបានចេញទៅបរបាញ់សត្វព្រៃ ដោយស្ដាប់តាមការអះអាងរបស់ព្រានព្រៃនៅមូលដ្ឋាន ថាទីតាំងដែលមានសត្វព្រៃគ្រប់ប្រភេទ ទាល់តែធ្វើដំណើរមួយថ្ងៃកន្លះ ពីកន្លែងស្នាក់នៅទើបសម្បូរដោយ ក្របីព្រៃ គោព្រៃ ឈ្លូស ប្រើស ជ្រូកព្រៃជាដើម។
ប្រាកដណាស់ ចំពោះស្រី្ដ ក្មេងតូចៗ និងមនុស្សមិនចាំបាច់ត្រូវបានគេបំបិតសិទ្ធិមិនឱ្យចូលរួមក្នុងដំណើរការបរបាញ់នេះទេ។ ដំរីគឺប្រើសម្រាប់ដំណើរការបរបាញ់ និងបញ្ចៀសផុតពីការវាយប្រហារលបខាំនៃសត្វសាហាវនានា។ មិនតែប៉ុណ្ណោះដំរី មានអត្ថប្រយោជន៍អាចនាំព្រះរាជា មន្ដ្រីបរិពារ ឆ្លងកាត់ទឹកជ្រៅជ្រលងដងអូរ យ៉ាងមានសុវត្ថិភាព។
ឆ្លងកាត់វាលចូលព្រៃឆ្លងព្រៃចូលអូរ ក្បួនបរបាញ់បានទៅដល់មាត់ស្ទឹងមួយមានឈ្មោះថា ស្ទឹងប្រាក់ ជាព្រំដែនខណ្ឌសីមាខ្មែរ-ថៃ។ នៅទីនោះគេលឺសំលេងសត្វយំ ឬស្រែកពីគ្រប់ទិសសារ។ សម្រាកមួយយប់ក្នុងផ្ទះស្បូវដែលបានរៀបទុក ព្រឹកព្រលឹមមកដល់ ដំណើរការបរបាញ់បានអនុវត្ត។ អ្នកដេញកៀងសត្វបានចេញទៅកៀងសត្វដោយប្រើកាំភ្លើង និងគោះឧបករណ៍ផ្សេង ដើម្បីបង្អើលសត្វឱ្យរត់ទៅរកកន្លែងព្រះរាជា និងមន្ដ្រីដែលបានត្រៀមខ្លួនសម្រាប់បរបាញ់អស់រយៈពេលជាច្រើនម៉ោង តែសត្វដែលគៀងករបានមកបានរត់គេចចេញតាមចន្លោះអ្នកគៀងទាំងឡាយ មិនបានទៅដល់ក្បួនលបឆ្មក់របស់ព្រះរាជាទេ មានតែជ្រូកព្រៃ និងឈ្លូសតែប៉ុន្មានក្បាលប៉ុណ្ណោះ។
ត្រង់កន្លែងនេះ ក្នុងសៀវភៅដែលប្រែសម្រួលដោយលោកស្រី ភឿង សកុណា បានរៀបរាប់ថា ទាំងអស់គ្នា ខកចិត្តយ៉ាងខ្លាំងចំពោះលទ្ធផលដែលខុសការំពឺងទុកថា អាចបានសត្វធំដូចជា គោព្រៃ ឬខ្លាជាដើម។ តែយ៉ាងណាព្រះរាជាប្ដេជ្ញាថា នឹងបាញ់ដំរីព្រៃឱ្យបានដោយបន្ដដំណើរទៅមុខទៀត។ ក្នុងដំណើរបន្ដព្រះរាជា និងមន្ដ្រីបានជួបប្រទះជាហូរហែរនូវជ្រូកព្រៃ និងក្ដាន់រាប់មិនអស់ តែមិនបានបាញ់នោះឡើយដោយមនុស្សអមដំណើរពាសពេញព្រៃអាចបណ្ដាលឱ្យមានរបួស។
បន្ដដំណើររហូតក្រុមអ្នកប្រមាញ់បានប្រទះ ឃើញសត្វក្របីព្រៃបីក្បាលនៅវាលស្មៅក្បែរទីតាំងនៃក្បួនព្រះរាជា។ ព្រះបាទនរោត្តមបានបញ្ជាឱ្យអ្នកហែមហមទៅតាមតែ២-៣នាក់តែប៉ុណ្ណោះ ដោយសង្ឃឹមថា នឹងងាចហុចផលល្អ។ ក្របីទាំងបីក្បាលហាក់ទទួលអារម្មណ៍ជួបគ្រោះថ្នាក់វាក៏នាំគ្នា គេចខ្លួនបាត់មួយរំពេចរកមើលលែងឃើញតែម្ដង។ សរុបក្នុងការបរបាញ់របស់ព្រះករុណា នៅថ្ងៃដំបូង បាញ់បានតែជ្រូកព្រៃ និងប្រើស ធ្វើឱ្យក្នុងចិត្តរបស់ទ្រង់ និងអ្នកហែមហមដទៃទៀតហាក់មិនរីករាយជាមួយនឹងលទ្ធផលទទួលបាននោះទេ។ លោក ហ្សង់ ដែលជាអ្នកចងក្រង់ខ្សែរឿងនាពេលនោះជាភាសាបារាំងថា លទ្ធផលបរបាញ់ដែលទទួលបានគឺកើតចេញពីការរៀបចំ របស់ចៅហ្វាយខេត្តដែលត្រៀមសត្វសម្រាប់ព្រះរាជាបរបាញ់តែប៉ុណ្ណោះ។
លុះសម្រាកបានមួយយប់មានអ្នកប្រមាញ់ម្នាក់ បានទូលព្រះរាជាថា មានសត្វក្របីព្រៃធំមួយក្បាល ដែលអ្នកស្រុកប្រទះឃើញជាញឹកញាប់ដើររកស៊ីនៅក្បែរនោះ។ បើតាមអ្នកស្រុកថាក្របីនេះមានមាឌធំ និងធ្លាប់បានសម្លាប់ព្រានព្រៃម្នាក់ ក្មេងឃ្វាលគោក្របី និងសត្វពាហនៈផ្សេងៗផង ដោយយស្នែងតែម្ខាងដ៏ស្រួចរបស់វា។ ព្រះរាជាបានអនុម័តលើការបាញ់ក្របីព្រៃនោះដោយមិនស្ទាក់ស្ទើ ដោយចំណាយពេលដល់២-៣ ម៉ោងទើបទៅដល់ទីតាំងបាញ់ក្របី។ តែទៅដល់ស្រាប់តែក្របីនោះបានបាត់ខ្លួនរហូតព្រះរាជាអស់សង្ឃឹម ហើយមន្ដ្រីខ្សឹមខ្សៀវថា ជាការបរបាញ់ដែលឥតប្រយោជន៍ ។ តែអ្វីដែលជារឿងឱ្យភ្ញាក់ផ្អើល គឺលឺសំលេងអ្វីមួយក្នុងទឹកប្រកបដោយស្នូរដង្ហើមដ៏ខ្លាំងឡើងៗ ជាមួយពពុះទឹកយ៉ាងផុសផុល រហូតធ្វើឱ្យដំរីសឹងតែថយរេរាបកក្រោយ។ ខណៈនោះក្របីព្រៃដែលមានកម្លាំងខ្លាំងមួយក្បាល បានឈរស្ងៀមទ្រឹង ងើយសម្លឹងទៅកាន់ក្រុមមនុស្សហាក់គ្មានខ្លាចរអា។ ព្រះរាជាដែលបានគង់លើអជានេយ្យ ក្រោយផ្លាស់ប្ដូរព្រះទីនាំងដើម្បីពន្លឿនការធ្វើដំណើរបានវាយប្រហារក្របីនោះតាមរយៈកាំភ្លើងវែង ហើយមន្ដ្រីឯទៀតបានបាញ់ក្រោយព្រះរាជា រហូតក្របីព្រៃទទួលរង ១១គ្រាប់កាំភ្លើង។ ដោយមានកម្លាំងខ្លាំង ទោះជាត្រូវគ្រាប់កាំភ្លើងយ៉ាងណា ក៏ក្របីព្រៃនេះឈរជ្រែងជើងទាំងបួន ប្រុងប្រៀបប្រយុទ្ធនឹងជនណាដែលហ៊ានចូលទៅរកខ្លួនមុនគេដែរ ធ្វើឱ្យក្បួនដំរី និងមនុស្សស្ថិតនៅចម្ងាយឆ្ងាយពីក្របីដ៏គួរឱ្យខ្លាចនេះដដែល មិនហ៊ានចូលជិត។
គ្រាប់កាំភ្លើងបន្ដបាញ់ជាថ្មី រហូតក្របីស្រុតជើងលិចបាត់ចូលក្នុងភក់ តែភ្នែករបស់វារក្សាជំហការពារខ្លួនដដែល។ ដំរីខ្លះហ៊ានវាយប្រហារលើក្របីតាមការបញ្ជាពីហ្មខាងក្រោយខ្នងតែប៉ុណ្ណោះ ប៉ុណ្ណឹងហើយក៏ដំរីខ្លះទទួលរងការវាយប្រហារពីក្របីព្រៃវិញដែរ។ តែនៅទីបញ្ចប់ ដំរីសឹកមួយក្បាលបានយកភ្លុករបស់ខ្លូនចាក់ចំពោះរបស់ក្របីរហូតក្សយជីវិ ឈាមក្រហមច្រាលក្នុងផ្ទៃទឹក។ ទោះក្របីស្លាប់ទៅ តែក៏ពិបាកយកមកខាងលើដីគោកដែរ មានតែឱ្យដំរីសឹកលើកជើងជាន់ពោះក្របីធ្លាយពោះវៀនពោះតាំងចេញមកខាងក្រៅតែប៉ុណ្ណោះ ដើម្បីងាយស្រួលសម្រាលទម្ងន់របស់វា។ ស្នែងក្របីព្រៃដែលសល់តែម្ខាងសម្រាប់ការពារខ្លួនពីសត្រូវមានប្រវែង ១,២៥ម៉ែត្រ។ លោក ហ្សង់ បានរក្សាស្នែងក្របីនេះទុកជាអនុស្សាវរីយនៃការបរបាញ់លើកនេះ។
ក្រោយទទួលបានជោគជ័យ ព្រះរាជា ព្រះបាទនរោត្តម និងរាជបរិពា បានយាងទៅកាន់ខេត្តពោធិ៍សាត់វិញ ហើយក៏បន្ដដំណើរយាងត្រឡប់មកកាន់រាជវាំងភ្នំពេញវិញ ឆ្លងកាត់បឹងទន្លេសាប នឹងមានដំណើររឿងបែបណា សូមនាងកញ្ញា លោក លោកស្រី រង់ចាំស្ដាប់នាសប្ដាហ៍ក្រោយ៕