en     km
en     km

អាមេរិកនិងអូស្ត្រាលីរៀបចំផ្លូវត្រីជំរុញបង្កើនធនធានជីវចម្រុះក្នុងដងទន្លេនៅកម្ពុជា

Share

ភ្នំពេញ៖​ ប្រទេសអូស្រ្តាលី និងសហរដ្ឋអាមេរិក បានផ្តល់ជំនួយជំរុញយ៉ាងណាបង្កើននិងថែរក្សាកំណើនបរិមាណត្រីនិងធនធានជីវចម្រុះក្នុងដងទន្លេប្រទេសកម្ពុជា តាមរយៈការធ្វើផ្លូវត្រី ឬធ្វើជណ្តើរត្រី។

តាមរយៈគម្រោង Fish Tech ប្រទេសអូស្រ្តាលីបានកំណត់គោលដៅប្រតិបត្តិការនៅខេត្តកំពង់ធំ ដែលគម្រោងនេះនឹងជួយសម្រួលដល់ផ្លូវត្រី ឬ ជណ្តើរត្រី បំណងដើម្បីទ្រទ្រង់ការផ្លាស់ប្តូរទីត្រីនៅតាមប្រព័ន្ធធារាសាស្រ្ត និងទំនប់ទឹក។ ការធ្វើដូច្នេះប្រយោជន៍នាំឱ្យផលិតផលកសិកម្ម ជីវចម្រះ និងថែមទាំងបង្កើនប្រាក់ចំណូលក្នុងស្រុកកាន់តែរឹងមាំ។

លោកសាស្រ្តាចារ្យ Andrew Campbell នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិមានប្រសាសន៍ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្ត្រាលីថ្ងៃទី០១ ខែកញ្ញានេះថា ត្រីក្នុងទន្លេមេគង្គបានបម្លាស់ទីតាមខ្សែទឹកទៅទន្លេមេគង្គលើ ដើម្បីបង្កាត់ពូជ ហើយត្រឡប់ចុះមកវិញ ដើម្បីបំពេញវដ្តជីវិតរបស់ត្រី។ លោកថា ការសង់សំណង់នានាដូចជាទំនប់ធារាសាស្រ្ត ឬទំនប់វារីអគ្គិសនី បានរារាំងការធ្វើដំណើររបស់ត្រីទាំងនៅក្នុងទន្លេខាងលើ និងការវិលត្រឡប់ចុះក្រោម ដែលជាកត្តាគម្រាមកំហែងដល់សន្តិសុខស្បៀងក្នុងតំបន់។

លោកបន្ថែមថា ជំនួយជួយធ្វើផ្លូវត្រីនេះ ដើម្បីជួយការពារពូជត្រី និងធ្វើឱ្យប្រសើរឡើងនូវគុណភាពទឹកទន្លេនៅទូទាំងអាងទន្លេមេគង្គ។

តាមរយៈភាពជាដៃគូមេគង្គ-អូស្ត្រាលីនេះ ប្រទេសអូស្ត្រាលីនឹងផ្តល់ជំនួយជាថវិកាសរុបចំនួន ៥លានដុល្លារអូស្ត្រាលី សម្រាប់រយៈពេល ៣ ឆ្នាំ ពីឆ្នាំ២០២២ ដល់២០២៥ ។

ដោយឡែក សហរដ្ឋអាមេរិកតាមរយៈជំនួយមូលនិធិពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) បានបញ្ចប់ការសាងសង់ផ្លូវត្រីកាលពីថ្ងៃទី២៤​ ខែសីហា ឆ្នាំ២០២២ក្នុងខេត្តពោធិ៍សាត់ដែលការងារនេះបានសហការជាមួយរដ្ឋបាលជលផលកម្ពុជា។

តាមរយៈសេចក្តីជូនដំណឹងរបស់ USAID ដែលក្រុមការងារវិទ្យុស្រ្តីទទួលបានឱ្យដឹងថា ការសាងសង់ផ្លូវត្រីនេះនឹងជួយសម្រួលការចរាចរផ្លាស់ទីរបស់ត្រីជាមួយលានក្បាលដែលមានជាង១០០ប្រភេទត្រីអាចឆ្លងកាត់ទៅកាន់ជម្រុករបស់ត្រីបានចំងាយជាងពីរពាន់គីឡូម៉ែត្រ៕

Share

ព័ត៌មានទាក់ទង

Image