en     km
en     km

 គ្រូបង្រៀនសាលាទន្សាយ ថាសិស្សអូទីហ្សឹមកម្រិតខ្លាំងពិបាកអប់រំមើលថែ

Share

បច្ចុប្បន្នគេសង្កេតឃើញមានកុមារកម្ពុជាកើតជំងឺអូទីហ្សឹមជាច្រើន ដោយខ្លះមានស្រាលខ្លះមានអាការៈធ្ងន់។ក្នុងចំណោមកុមារទាំងនេះខ្លះទទួលបានការអប់រំ និងព្យាបាលខ្លះមិនទទួលបានការព្យាបាល។អ្នកគ្រូបង្រៀននៅសាលាទន្សាយម្នាក់បានប្រាប់ថានៅពេលកុមារអូទីហ្សឹមរើឡើងខ្លាំង គ្រូបង្រៀនដែលទទួលបន្ទុកមើលថែ និងអប់រំគឺពិបាកទប់ទល់នឹងសិស្សខ្លាំងណាស់។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

អ្នកគ្រូ វាន់នី គឺជាគ្រូបង្រៀនម្នាក់នៅសាលារៀនទន្សាយ បានផ្ដល់បទសម្ភាសន៍នៅក្នុងថ្ងៃសម្ពោធបណ្ណាល័យឌីជីថល និងអគារសិក្សាសម្រាប់កុមារមានពិការសតិបញ្ហា និងអូទីហ្សឹម នាសាលាបឋមសិក្សាទួលគោករាជធានីភ្នំពេញ​ នៅថ្ងៃទី៣០ ខែ សីហា ឆ្នាំ២០២២នេះ ថាមានបញ្ហាជាច្រើនបានកើតឡើងនៅពេលបង្រៀនសិស្សដែលមានបញ្ហាអូទីហ្សឹម ជាពិសេសពេលគាត់មានអាការៈខ្លាំងម្ដងៗ។

ក្នុងនាមជាគ្រូបង្រៀន និងជាអ្នកអប់រំមនុស្ស អ្នកគ្រូ វាន់នី បានថ្លែងបន្ដថាយ៉ាងណាក៏ត្រូវប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្តដើម្បីគ្រប់គ្រង់សិស្សពេលមានបញ្ហាអាការៈរើឡើងខ្លាំង។ការដាក់អោយប្រើប្រាស់អគារបណ្ណាល័យឌីជីថល គឺមានគោលបំណងចង់ឱ្យកុមារចូលទៅលេងឧបករណ៍រំញោចអារម្មណ៍នានា តាមចំណង់ចំណូលចិត្តរបស់គាត់ នៅពេលពួកគាត់មានអាកប្បកិរិយាលំបាក និងមួម៉ៅច្រើន ដែលអាចជួយឱ្យគាត់រីករាយ សប្បាយចិត្តឡើងវិញ។

តាមអ្នកគ្រូ វាន់នីដដែលពេលសិស្សមានអាក្បកិរិយាអវិជ្ជមានខ្លាំងម្ដងៗ គ្រូម្នាក់ៗត្រូវព្យាយាមស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយរបស់សិស្ស ហើយរកអ្វីដែលជាតម្រូវការរបស់គាត់នឹងនាំគាត់ទៅលេងរបស់ដែលគាត់ចូលចិត្ត ដើម្បីឱ្យគាត់ប្រសើរឡើង។

សូមជម្រាបថា សាលារៀនទន្សាយបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៧ ជាសាលាអភិវឌ្ឍន៍កម្មវិធីអប់រំដល់កុមារដែលមានពិការភាពសតិបញ្ញាធ្ងន់ធរ និងកុមារពិការភាពលើសពីពីរប្រភេទឡើងទៅមុនគេនៅកម្ពុជា។ តែដោយសារនៅកម្ពុជា ការយល់ដឹងពីពិការភាពនៅមានកម្រិតតិចតួចនីឡើយ អ្នកគ្រូ វាន់នី បានសំណូមពរឱ្យរដ្ឋាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធ និងប្រជាជនទាំងអស់ជួយគាំទ្រ ផ្នែកពិការភាពឱ្យបានប្រសើរ ដើម្បីជួយដល់កុមារឱ្យមានគ្រូបង្រៀន និងថ្នាក់រៀនគ្រប់គ្រាន់។ បើកង្វះគ្រូ និងថ្នាក់រៀន នោះកុមារនឹងមិនអាចមកទទួលការអប់រំនោះទេ ដែលជាបន្ទុកដល់គ្រួសារ និងសង្គមជាតិមួយយ៉ាងធំ។ នេះបើតាមការលើកឡើងរបស់អ្នកគ្រូដដែល៕

#សាលារៀនទន្សាយ #កុមារដែលមានពិការភាពសតិបញ្ញា #អូទីហ្សឹម

Share

Image Not Found
Image

ព័ត៌មានទាក់ទង