en     km
en     km

អ្នកនាង ខាត់ សុឃីម គ្រងឈុតបុរាណខ្មែរបង្ហាញជាតិសាសន៍ដទៃនៅអាមេរិក

Share

ភ្នំពេញ៖ សិល្បៈការិនីសម្តីចាក់ទឹកមិនលិចអ្នកនាង ខាត់ សុឃីម កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បានច្នៃឈុតសម្លៀកបុរាណខ្មែរពីក្រម៉ា និងសំពត់ហូលខ្មែរ ស្លៀកបង្ហាញដល់ជាតិសាសន៍ដទៃនៅតំបន់ទេសចរណ៍មួយកន្លែងដ៏ធំចំកណ្ដាលទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក។
ប្រាប់វិទ្យុស្ត្រីតាមរយៈប្រព័ន្ធតេឡេក្រាមអ្នកនាង ខាត់ សុឃីម និយាយថា មូលហេតុដែលអ្នកនាងស្លៀកឈុតសម្លៀកបំពាក់បុរាណខ្មែរនៅអាមេរិកនេះ ដោយសារក្តីស្រលាញ់ និងចង់ផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរឱ្យជាតិសាសន៍ដទៃ។
អ្នកនាងបន្ថែមថា នៅសហរដ្ឋអាមេរិកមិនមែនមានតែប្រជាជនអាមេរិកទេ ប៉ុន្តែសម្បូរទៅដោយទេសចរណ៍បរទេសចម្រុះជាតិសាសន៍ជាច្រើនដែលទៅទស្សនាទីនោះ។ ម្យ៉ាងទៀត ឈុតសំលៀកបុរាណខ្មែរនេះ ជាក្ដីសុបិនរបស់អ្នកនាងដែលចង់ពាំនាំវប្បធម៌ខ្មែរបង្ហាញនៅទីតាំងល្បីៗលើពិភពលោក។

​ចំពោះបងគឺសេចក្ដីប៉ងប្រាថ្នារបស់បង ចង់និយាយថាកាលពីជំនាន់មុនឆ្នាំ៧០ជាង[១៩៧០] យាយៗ លោកយាយដែលគាត់ជានាដកា[នាដការី]គាត់ជាអ្នករបាំគាត់អញ្ជើញមក[Time Square សហរដ្ឋអាមេរិក] ហើយគាត់បាននាំគ្នាមកថតផ្ដិតយករូបភាព ហើយគាត់ស្លៀកសម្លៀកបំពាក់ខ្មែរយើងដូចជាហូងផាមួង សំពត់បត់អីអញ្ជឹងនៅហ្នឹង[សហរដ្ឋអាមេរិក]។ ហើយបងតែងមានក្ដីស្រម៉ៃ បើថ្ងៃណាបងបានមកក្នុងពេលវេលាមួយដែលសមស្រប បងមានឱកាសបងថតនៅ Time Square ហ្នឹងគឺបងហ្នឹងយកសម្លៀកខ្មែរយើងមកថតដែរ។

តាមរូបភាពដែលបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកបានបង្ហាញពីតារាស្រីរូបនេះជាមួយក្រុមគ្រួសារបានគ្រងឈុតចងពុងធ្វើពីក្រម៉ា និងសំពត់ហូលចងក្បិនរំលេចដោយអក្សរខ្មែរថា«មរកខ្មែរ»។
អ្នកនាង ខាត់ សុឃីម រៀបរាប់បន្ថែមថា ការស្លៀកឈុតចង់ក្បិននេះ បានក្លាយជាទិដ្ឋភាពប្លែកភ្នែកនិងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវទេសចរណ៍បរទេស ពេលដើរឆ្លងកាត់ទីនោះ។

មែនទែនទៅពេលបងទៅដល់ហ្នឹង[Time Square សហរដ្ឋអាមេរិក]គឺគេមើលហា! ទាំងអស់គ្នាដូចថាអ្នកដែលគាត់អញ្ជើញមោ[មក]ហ្នឹងមិនមែនមានតែប្រទេសអាមេរិកហេ អឺទេសចរណ៍មកពីគ្រប់ទីកន្លែងគាត់មើលយើង។ ចឹងហ្នឹងបងទៅហ្នឹងអស់មនុស្សហើយ បើសិនជាទៅពីព្រលប់ជាងហ្នឹងមនុស្សឡើងណែនណាំតាន់តាប់!

សិល្បការិនីពូកែវោហាសព្ទរូបនេះបន្តថា ការបង្ហាញនេះ គ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះ នៃការចូលរួមផ្សព្វផ្សាយពីសិល្បៈវប្បធម៌ខ្មែរដល់ជាតិសាសន៍ដៃឱ្យបានស្គាល់។ អ្នកនាងយល់ថា ដើម្បីជំរុញឱ្យជាតិសាសន៍ដទៃស្គាល់វប្បធម៌ខ្មែរកាន់តែច្បាស់នោះ លុះត្រាតែមានការចូលរួមពីសំណាក់យុវជន យុវតី សិល្បករ សិល្បការិនីខ្មែរទាំងអស់គ្នា៕

ស្ដាប់ព័ត៌មានជាសំលេង!

Share

Image
Image
Image