ខេត្តកំពង់ធំ៖ កាលពីពេលថ្មីៗនេះ ប្រជាពលរដ្ឋរស់នៅក្នុងភូមិមួយចំនួនស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានសហការគ្នារៃអង្គាសថវិកាជួសជុលផ្លូវមួយខ្សែមានប្រវែងជាង ៣ ពាន់ម៉ែត្រដែលរងការខូតខាតបន្ទាប់ពីភ្លៀងធ្លាប់ជាប់ៗគ្នាជាច្រើនថ្ងៃ។
ការជួសជុលផ្លូវខូចនេះ ផ្តួចផ្តើមគំនិតដោយព្រះគ្រូ យាន ស្រេង ចៅអធិការវត្ត ឥន្ទកុមារ សហការជាមួយគណៈកម្មការវត្ត និងអាជ្ញាធរមូលដ្ឋាន។
ថវិកាដែលប្រមូលបាននេះ មានការបរិច្ចាគពីសំណាក់មេឃុំ អធិការប៉ុស្តិ៍ សិស្សានុសិស្ស និងប្រជាពលរដ្ឋតាមភូមិនីមួយក្នុងឃុំកំពង់ស្វាយ ពិសេសព្រះចៅអធិការវត្ត ឥន្ទកុមារ ក៏បានបរិច្ចាគបច្ច័យមួយចំនួនផងដែរ។
ចៅអធិការវត្ត ឥន្ទកុមារ ព្រះតេជគុន យាន ស្រេង មានសង្ឃដីកាថា ការផ្តើមគំនិតជួសជុលផ្លូវមួយខ្សែនេះ គឺក្នុងគោលបំណងសម្រួលដល់ក្នុងធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងឃុំឱ្យងាយស្រួលធ្វើដំណើរដឹកកសិផល និងងាយស្រួលដល់សិស្សានុសិស្សធ្វើដំណើរទៅសិក្សារៀនសូត្រ។
ព្រះគ្រូវត្តឥន្ទកុមារខាងលើបន្ថែមថា ការដែលមានផ្លូវល្អបែបនេះ ក៏អាចសម្រួលដល់ការដឹកអ្នកជំងឺទៅមន្ទីរពេទ្យពេលយប់ព្រលប់ ពិសេស បង្កភាពងាយស្រួលដល់ពុទ្ធបរិស័ទទៅធ្វើបុណ្យបំពេញកុសលនារដូវបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។
ព្រះចៅអធិការ យាន ស្រេង សំណូមពរដល់ពុទ្ធបរិស័ទជិតឆ្ងាយមានសទ្ធាជ្រះថ្លា រួមគ្នាបរិច្ចាគថវិកាជាបច្ច័យទុកសម្រាប់កសាងនិងជួសជុលសំណងអាគារ និងហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីជាភាពងាយស្រួលដល់សិស្សានុសិស្សនិងប្រជាពលរដ្ឋធ្វើដំណើរ៕
អត្ថបទខ្លីនេះសរសេរដោយ ផាត សុភត្រា ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលស្ថិតក្នុងគម្រោងសំឡេងយុវជនមានសារៈសំខាន់ គាំទ្រដោយសហភាពអឺរ៉ុបប្រចាំកម្ពុជា(EU) និង DW Akademie។