នៅឆ្នាំ២០២៣ នាខែសីហា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកម្មវិធីប្រកួតប្រជែង រ៉ូបូតអន្ដរជាតិ (ABU Robocon 2023) នៅទីក្រុងភ្នំពេញ ដោយរំពឹងថា មានក្រុមរ៉ូបូតមកពីប្រទេសចំនួន២០ ចូលរួមសុទ្ធតែជានិស្សិតនៃបណ្ដាប្រទេសទាំងអស់។ នេះបើតាមលោក ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា ដែលបានទទួលទង់កម្មវិធីប្រកួតប្រជែងរ៉ូបូតអន្ដរជាតិ ពីប្រទេសឥណ្ឌា នៅថ្ងៃទី២១ ខែ សីហា ឆ្នាំ២០២២ ផ្សាយតាមទូរទស្សន៍ជាតិកម្ពុជា (ទទក)។
ផ្អែកតាម ទទក ឆ្នាំ២០២៣ខាងមុខនេះក្នុងនាមកម្ពុជា ជាម្ចាស់ផ្ទះ នឹងជ្រើសរើសវិញ្ញាសា «រ៉ូបូតបាចផ្កាលើប្រាសាទអង្គរវត្ត ឬរ៉ូបូតយកកងគប់លើបង្គោល» ដែលបំប្លែងចេញពីការបញ្ចូលគ្នារវាង របាំជូនពរ និងល្បែងបោះឡូ។
តាមប្រភពដដែលកម្មវិធីការប្រកួតប្រជែងរ៉ូបូត ABU Robocon 2023 គឺជាការប្រកួតប្រជែងរ៉ូបូត ផលិតចេញពីនិស្សិតផ្ទាល់យកមកប្រកួតប្រជែងគ្នា ទៅតាមវិញ្ញាសាខុសៗគ្នា។ ក្នុងនោះ និស្សិតនៃបណ្តាប្រទេសទាំងអស់ នឹងត្រូវប្រកួតប្រជែងជ្រើសរើសជើងឯកថ្នាក់ជាតិនៃប្រទេសរៀងៗខ្លួន ទើបបញ្ជូនជើងឯកមកប្រកួតកម្រិតអន្តរជាតិនៅកម្ពុជា៕