en     km
en     km

បទវិភាគ៖ជ្រូកព្រៃភ្នំតាម៉ៅទំនងរួចផុតការចោទប្រកាន់ក្រោយនាយករដ្ឋមន្រ្តីលុបចោលគម្រោងអភិវឌ្ឍនៅភ្នំតាម៉ៅ

Share

ភ្នំពេញ៖ រាជរដ្ឋាភិបាលតាមរយៈរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ចេញហេតុផលជាច្រើនចំណុចក្នុងការដោះដូរដីស្ថានីយ៍ស្តារព្រៃឈើភ្នំតាម៉ៅទៅឱ្យក្រុមហ៊ុនឯកជន។ ហេតុនោះមកពីដីទីតាំងនោះជាប្រភេទដីខ្សាច់ដាំដុះអ្វីពុំសូវល្អ សម្បូរជ្រូកព្រៃមកយាយីដំណាំប្រជាពលរដ្ឋ និងថ្នូរនៃការអភិវឌ្ឍនានា។

ហេតុផលទាំងប៉ុន្មានខាងលើបានបង្កជាសំណើចពីសំណាកអ្នកប្រើប្រាស់បណ្តេញសង្គម ព្រោះជាហេតុផលបែបក្មេងខ្ចីពេក ខណៈការដោះដូរដីព្រៃភ្នំតាម៉ៅកំពុងរងការរិះគន់ខ្លាំងមហាជនថា ជាគម្រោងអភិវឌ្ឍដែលបង្កផលប៉ះពាល់បរិស្ថាននិងជម្រាកសត្វព្រៃ។

ប៉ុន្តែសំណើចចំអកនិងការរិះគន់លើគម្រោងដោះដូរដីព្រៃភ្នំតាម៉ៅនេះ បានរលត់ទៅវិញខ្លះ បន្ទាប់ពីនាយករដ្ឋមន្រ្តីប្រកាសលុបចោលគម្រោងនេះ។ ដូច្នេះវាទំនងថា ជ្រូកព្រៃនៅភ្នំតាម៉ៅអាចរួចផុតពីការចោទប្រកាន់ដែលជាលេសរបស់មនុស្សាបង្កើតឡើង។

តទៅនេះសូមនាង កញ្ញា លោក លោកស្រី អញ្ជើញស្តាប់បទវិភាគរបស់លោក កែវ សុខា ដូចតទៅ!

 

គ្រាន់តែអានហេតុផលនិងអំណះអំណាងក្នុងលិខិតរបស់រដ្ឋបាលព្រៃឈើភ្លាម សំណើចចំអករបស់មហាជនក៏បានបន្លឺឡើងភ្លាមៗតាមរយៈបណ្តេញសង្គម។ អ្នកប្រើប្រាស់បណ្តេញសង្គមខ្លះ បានលើកយកហេតុមួយក្នុងចំណោមហេតុមួយចំនួនទៀត ដែលរដ្ឋាភិបាលសម្រេចដោះដូរដីព្រៃភ្នំតាម៉ៅឱ្យក្រុមហ៊ុនឯកជនអភិវឌ្ឍ នោះគឺក្រុមជ្រូកព្រៃចេញមកយាយីដំណាំប្រជាពលរដ្ឋ។

អ្នកប្រើប្រាស់បណ្តេញសង្គមបានផលិតជាឃ្លីបត្រូលចំអកលើរឿងនេះ។ អ្នកត្រូលបានកាត់តវីដេអូសម្តែងបែបចំអក ដោយយករូបជ្រូកព្រៃមួយក្បាលតាំងនាមខ្លួនជាជ្រូកព្រៃភ្នំតាម៉ៅហើយចេញមុខមកស្រាយថា ខ្លួនអត់បានដឹងរឿងអីនោះទេ កុំចោទប្រកាន់ជ្រូកព្រៃភ្នំតាម៉ៅផ្តេសផ្តាស។

វីដេអូត្រូលគឺជាប្រភេទវីដេអូដែលកាត់តពីឃ្លីបណាមួយក្នុងភាពយន្តឬការសម្តែងណាមួយឬការប្រើរូបភាពអ្វីមួយដោយបញ្ចូលជាពាក្យសម្តីឌឺដងដាក់ផ្លែដាក់ផ្កាទៅលើរឿងរ៉ាវអ្វីមួយតាមការចង់បានរបស់អ្នកបង្កើត។ ជាក់ស្តែងវីដេអូត្រូលក្នុងរឿងនេះ អ្នកប្រើប្រាស់បណ្តេញសង្គមបានប្រើរូបជ្រូកព្រៃមួយសន្លឹកដោយដាក់បញ្ចូលសំឡេងឌឺដងក្នុងន័យថា ជ្រូកព្រៃមិនបានសាងកំហុសអ្វីដូចការចោទប្រកាន់របស់មនុស្សនោះទេ។

ត្បិតតែប្រជាជនមិនអាចមានប៉ុស្តិ៍ទូរទស្សន វិទ្យុ កាសែត ឬទស្សនាវត្តី ដើម្បីបញ្ចេញនូវមតិយោបល់របស់ខ្លួន តែសម័យឌីជីថលនេះ មហាជនអាចប្រើប្រាស់បណ្តេញសង្គមបង្ហូរក្តីកង្វល់ ពាក្យពេចនិ៍ដែលបៀមទុកក្នុងចិត្តមកបង្ហាញប្រាប់ជាសាធារណជនបាន។

ក្រោយពីរងការទិតៀនពីសំណាកមហាជនយ៉ាងចាស់ដៃលើរឿងផ្តល់សិទ្ធិអភិវឌ្ឍតំបន់ដីព្រៃភ្នំតាម៉ោនេះ ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន សែន ក៏សម្រេចពន្លត់រងើកភ្លើងមួយនេះវិញ ដោយដកសិទ្ធិលុបចោលគម្រោងអភិវឌ្ឍនៅភ្នំតាម៉ៅ ហើយថែមទាំងតម្រូវឱ្យដាំកូនឈើលើដីដែលបានឈូសឆាយឡើងវិញទៀតផង។

រឿងហេតុខាងលើនេះ ជាបដិវាទកម្មខ្លះៗដែលបានកើតឡើង បន្ទាប់ពីមានរឿងចម្រូងចម្រាស់ទាក់ទងរឿងរ៉ាវដោះដូរដីព្រៃភ្នំតាម៉ៅ។

មកដល់ត្រឹមនេះ សំនួរចោទសួរថាតើហេតុផលដែលសំអាងនោះសមហេតុសមផលឬទេ? ហើយការផ្តល់សិទ្ធិឱ្យក្រុមហ៊ុនឯកជនអភិវឌ្ឍលើដីសម្បត្តិធម្មជាតិដែលទាន់អស់សក្តានុពលជារឿងត្រឹមត្រូវមែនឬ?

ជាដំបូងយើងសូមលើកយកហេតុផលដែលពន្យល់ដោយរដ្ឋបាលព្រៃឈើចេញផ្សាយកាលពីថ្ងៃទី០៤ខែសីហាថ្មីៗនេះមកពិនិត្យពិចារណា។ តាមរយៈសេចក្តីប្រកាសព័ត៌មាននេះ បានពន្យល់ពីហេតុផលមួយចំនួនដែលត្រូវដោះដូរដល់ក្រុមហ៊ុនឯកជនធ្វើការអភិវឌ្ឍន៍នៅទីនោះ។ សំអាងហេតុដែលមានក្នុងសេចក្តីប្រកាសព័ត៌មាននោះ ទីមួយ ដោយសារថាសណ្ឋានដីនៅស្ថានីយ៍ស្តារព្រៃឈើភ្នំតាម៉ៅនោះ ជាប្រភេទដីខ្សាច់ដាំដុះអ្វីពុំសូវបានផលល្អ​ ហើយមានតែដើមអាកាស្យា ដើមប្រេងខ្យល់ និងដើមឈើផ្សេងៗមួយចំនួនតែប៉ុណ្ណោះ។

ទី២៖ រដ្ឋបាលព្រៃឈើអះអាងថា សត្វជ្រូកព្រៃនៅទីនោះតែងមកបំផ្លាញដំណាំរបស់អ្នកភូមិនៅទីនោះ។ ទី៣៖ស្ថានីយ៍ស្តារព្រៃឈើនោះគ្មានសត្វព្រៃសំខាន់ៗ សត្វព្រៃកម្រកជិតផុតពូជអ្វីដូចការលើកឡើងរបស់មតិសាធារណជនមួយចំនួននោះទេ។

រូបជ្រូកព្រៃដែលត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមយកមកត្រូល ខណៈរឿងរ៉ាវនៅភ្នំតាម៉ៅកំពុងផ្ទុះការរិះគន់។រូបភាពលើបណ្តេញសង្គម។

 

លក្ខខ័ណ្ឌមួយចំនួនទៀតដែលឈានដល់ការសម្រេចដោះដូរដីព្រៃភ្នំតាម៉ៅ គឺក្រុមហ៊ុននឹងប៉ះប៉ូវដោយជួយអភវិឌ្ឍឧទ្យានសួនសត្វភ្នំតាម៉ៅ ហើយរៀបចំបន្ថែមហេដ្ឋារចនាសម្ព័ន្ធនានាដូចជា ប្រព័ន្ធផ្លូវ សួន អាងស្តុង ទឹក។ ជាងនេះទៀត ក្រុមហ៊ុនឯកជនក៏សន្យាធ្វើសារមន្ទីរនៅភ្នំពេញ និងរៀបចំសួនសត្វសាហ្វារីនៅខេត្តសៀមរាប និងអគាររដ្ឋាភិបាលមួយចំនួនទៀតផងដែរ។

ថ្នូរនៃការដោះដូរនេះ បើស្តាប់មួយភ្លែតដូចជាទំនងណាស់ តែបើពិចារណាឱ្យស៊ីជម្រៅបន្តិចយើងនឹងឃើញពីភាពមិនសមហេតុផល។

មិនសមហេតុផលទី១៖ត្រង់ចំណុចថា ដីទីនោះជាដីខ្សាច់មិនសូវមានជីវជាតិ។ ជាការពិតដីខ្សាច់បើធៀបនឹងដីល្បាប់មាត់ទន្លេគឺខុសគ្នាឆ្ងាយណាស់ចំពោះការលូតលាស់ដំណាំ ព្រោះដីខ្សាច់មិនសូវបៀមសំណើមដែលអាចឱ្យឬសរុក្ខជាតិស្រូបទឹកបានល្អនោះទេ។ តែត្រង់ចំណុចនេះ បើយើងសង្កេតទៅមើលបណ្តាប្រទេសមួយចំនួនដែលមានប្រជាជនរស់នៅលើវាលខ្សាច់វិញ តួយ៉ាង ប្រទេសអ៊ីស្រាអែល ជាតិសាសន៍មួយនេះអាចកែច្នៃដីវាលខ្សាច់មកដាំដំណាំបានសម្រាប់ប្រជាជនបរិភោគនិងលក់ដូរបានទៀតផង។ ចំណុចនេះសំនួរសួរថា ហេតុអ្វីកម្ពុជាជាប្រទេសកសិកម្មស្រាប់ ម្តេចមិនអាចកែច្នៃដីតែប៉ុន្មានហិកតាហ្នឹងដាំឈើផ្សេងៗបាន ខណៈដែលដើមឈើខ្លះមិនត្រូវការជីនិងការថែទាំអ្វីច្រើនដូចការដាំបន្លែផ្លែឈើនៅប្រទេសអ៊ីស្រាអែលផងនោះ។ ត្រង់ចំណុចនេះទៀតសោត បើសិនជាដីទីនោះគ្មានជីវជាតិមែន ចុះហេតុអ្វីឧកញ៉ា ម៉ុង ឫទ្ធី ដែលជាអ្នកជំនួញផ្នែកកសិកម្មនាំយកកូនឈើជាង ៣ ពាន់ដើមទៅដាំទីនោះនៅថ្ងៃខួបអាពាហ៍ពិពាហ៍គម្រប់ ៤៤ ឆ្នាំរបស់លោក តើលោកមិនជ្រាបទេថាដីទីនោះមិនដាំដើមឈើមិនកើត។

នេះចំណុចទី១។ ចំណុចទី២៖ គេលើកឡើងថា មកពីជ្រូកព្រៃគូទស្វិតៗទាំងនោះមកយាយីដំណាំអ្នកភូមិ។ ហេតុផលមួយនេះ គួរឱ្យអស់សំណើចជាងគេ រហូតអ្នកប្រើប្រាស់បណ្តេញសង្គមយកហេតុផលមួយនេះមកត្រូលសើចចំអកលេងហើយចែករំលែកតៗគ្នា។ ចំណុចនេះ បើគ្រាន់តែកូនជ្រូកព្រៃប៉ុន្មានក្បាលអាចមករំខានសន្តិសុខ សុវត្ថិភាពនៅរមណីយដ្ឋានភ្នំតាម៉ៅបាន តើយើងនឹងមានលទ្ធភាពអ្វីទៅតតាំងនឹងទ័ពបច្ចាមិត្តក្បែរខាងជាក់ស្តែងប្រទេសថៃដែលធ្លាប់មកឈ្លានពានប្រាសាទព្រះវិហារនោះ។

មួយវិញទៀត ជ្រូកព្រៃទាំងនោះអាចក្លាយជាទស្សនីយ៍ភាពសម្រាប់ភ្នែកភ្ញៀវទេសចរណ៍បើសិនមន្រ្តីពាក់ព័ន្ធចេះរៀបចំឡោមព័ន្ធចិញ្ចឹមក្នុងធម្មជាតិ។

រីឯចំណុចទី៣ វិញ បើទោះបីជាទីនោះពុំមានសត្វព្រៃអ្វីអស្ចារ្យ សម្បូរបែបក៏ដោយ តែតំបន់ព្រៃភ្នំតាម៉ៅជាទីតាំងចាស់មានការអភិរក្សស្រាប់​ ដូច្នេះគ្រាន់តែរៀបចំដីដាំកូនឈើបន្ថែម នោះអាចទាក់ទាញសត្វព្រៃមករស់នៅបានកាន់តែច្រើន។

ចំណុចសំខាន់ធំមួយទៀតដែល គឺការដោះដូរជាថ្នូរនៃការអភិវឌ្ឍទីតាំងភ្នំតាម៉ៅ និងកន្លែងផ្សេងៗដែលក្រុមហ៊ុនសន្យាធ្វើជូនរដ្ឋាភិបាល។

ធាតុពិតល្អណាស់ បើសិនទីតាំងសម្បត្តិធម្មជាតិរបស់រដ្ឋបាត់បង់សត្តានុពលគឺអាចអភិវឌ្ឍបាន តែសម្រាប់តំបន់ភ្នំតាម៉ៅវិញនៅតែជាទីតាំងល្អអាចទាក់ទាញភ្ញៀវទេសចរណ៍នៅឡើយ ដូច្នេះពុំគួរប្រញាប់ធ្វើអនុប្រយោគ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋមួយនេះលឿនពេកនោះទេ។

មកដល់ត្រឹមនេះ ជាការពិតណាស់ ការអភិវឌ្ឍត្រូវមានការចូលរួមពីសំណាក់ឯកជនខ្លះ តែការសម្រេចចិត្ត គួរពិចារណាឱ្យបានល្អិតល្អន់បន្តិច បើទោះបីជាបុគ្គលដែលផ្តល់សិទ្ធិនោះមានគុណសម្បត្តិធ្លាប់ជួយប្រទេសជាតិក្នុងគ្រាលំបាកក្តី។

ការលើកចំណុចនេះមកនិយាយ ក៏ព្រោះថា គម្រោងដោះដូរនឹងអភិវឌ្ឍមួយនេះត្រូវបានព័ត៌មានបរទេសមួយឈ្មោះថា Southeast Asia Globe ទម្លាយថា មានក្រុមហ៊ុនឯកជនចំនួន ៣ របស់ឧកញ៉ាគ្រាកៗទទួលបានដីព្រៃប្រមាណ១ ៥០០ហិកតា នៅតំបន់ភ្នំតាម៉ៅពីរដ្ឋាភិបាលមកអភិវឌ្ឍ​។ ​ក្នុងនោះមាន ក្រុមហ៊ុន «បាទី ធួរីសឹម ឌីវីឡុបម៉ិនថ៍ (Bati Tourism & Development)»​ ​ក្រុមហ៊ុន «ធីភី ម៉ូរ៉ាល់ គ្រុប ​ (TP Moral Group)» និងក្រុមហ៊ុន «ឆាយណា ប៉ោយប៉ែត សែ៍ថឺឡាយន៏ ស៊ីធី ឯ.ក (China Poipet Satellite City)»។

ម្ចាស់ក្រុមហ៊ុនទាំងនោះ ត្រូវសារព័ត៌មាន Southeast Asia Globe បញ្ជាក់ថាមានលោក  ឡេង ណាវ៉ាត្រា  លោក ឃុន ទី លោក ឃុន សេងផេង និងលោក ឃុន សៀ ដែលសុទ្ធសឹងជាឧកញ៉ាមានមុខជំនួញលើអចលនវត្ថុ ដីធ្លី បុរី និងផ្ទះល្វែងជាដើម។

ដូច្នេះបើសិនជាផ្តល់សិទ្ធិដល់ក្រុមឧកញ៉ារកស៊ីផ្នែកអចលនវត្ថុទាំងនោះមែន សួនសត្វភ្នំតាម៉ៅដែលមានទំហំផ្ទៃដីសួនសត្វ ៤០០ហិកតា និងផ្ទៃដីព្រៃព័ទ្ធជុំវិញសួនសត្វ ២ ៣០០ហិកតា ប្រហែលលែងជាទីជម្រុកសត្វព្រៃទៀតហើយ គឺទំនងក្លាយជាទីជម្រកថ្មីរបស់មនុស្សាវិញ។

សរុបមកវិញ ការអភិវឌ្ឍតំបន់សម្បត្តិធម្មជាតិ តោងគិតគូរពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ព្រោះសាធារណៈមតិសម័យឌីជីថលនេះ មានមធ្យោបាយដើម្បីបង្ហូរមតិរិះគន់ច្រើនបែបច្រើនទម្រង់ណាស់ បើសិនជាការអភិវឌ្ឍនោះខ្វះតម្លាភាពនិងមិនបង្ហាញភាពស្មោះត្រង់ទៅកាន់សាធារណជននោះទេ។

ជាចុងក្រោយ អាចនិយាយបានថា ជ្រូកព្រៃភ្នំតាម៉ៅរួចផុតពីការចោទប្រកាន់ហើយបន្ទាប់ពីនាយករដ្ឋមន្រ្តីលុបចោលគម្រោងអភិវឌ្ឍនោះ​ ពោលគឺរួចផុតពីលេសដ៏សាមាន្យរបស់មនុស្សាហើយមើលទៅ៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង