en     km
en     km

ចិន​បាញ់​មីស៊ីល​រំលង​កោះ​តៃវ៉ាន់​ជា​លើក​ដំបូង

Share

សារព័ត៌មានCNNបានចុះផ្សាយថាប្រទេសចិនបានបាញ់មីស៊ីលរំលងពីលើកោះតៃវ៉ាន់ជាលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍ ខណៈលោកស្រី Nancy Pelosi បានមកដល់ប្រទេសជប៉ុន ដែលមេដឹកនាំទាំងពីរបានប្រតិកម្មនឹងទីក្រុងប៉េកាំង បន្ទាប់ពីគ្រាប់មីស៊ីលចិនចំនួន 5 គ្រាប់បានធ្លាក់នៅជិតកោះជប៉ុន។បញ្ហានេះបានធ្វើអោយមានភាពតានតឹងនៅក្នុងតំបន់បន្ថែមទៀត។

លោកស្រីPelosi បានជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida នៅព្រឹកថ្ងៃសុក្រ ដោយផ្តោតការយកចិត្តទុកដាក់លើច្រកសមុទ្រតៃវ៉ាន់ ជាកន្លែងដែលចិនកំពុងធ្វើសមយុទ្ធតាមផ្លូវអាកាស និងសមុទ្រ ដើម្បីតវ៉ាប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកទៅកាន់កោះតៃវ៉ាន់កាលពីដើមសប្តាហ៍នេះ។

លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា “យើងបានគិតថាប្រទេសចិននឹងចាត់វិធានការដូចនេះ”។លោកបានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា

“យើងក៏រំពឹងថាសកម្មភាពទាំងនេះនឹងបន្ត ហើយថាចិននឹងបន្តប្រតិកម្មក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ” ។

 

ប្រទេសចិនបានធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់កាលពីថ្ងៃព្រហស្បតិ៍ ដោយបានបាញ់មីស៊ីលជាច្រើនគ្រាប់ឆ្ពោះទៅកាន់ដែនទឹកនៅភាគឦសាន និងភាគនិរតីនៃកោះនេះ។

អ្នកជំនាញយោធាចិនបានបញ្ជាក់តាមទូរទស្សន៍រដ្ឋ CCTV ថាមីស៊ីលជាច្រើនបានហោះពីលើកោះសំខាន់របស់តៃវ៉ាន់ រួមទាំងដែនការពារអាកាសរបស់តៃវ៉ាន់ផងដែរ។

 

ឧត្តមសេនីយ Meng Xiangqing សាស្ត្រាចារ្យផ្នែកយុទ្ធសាស្ត្រនៅសាកលវិទ្យាល័យការពារជាតិចិនបាននិយាយនៅទីក្រុងប៉េកាំងថា “យើងបានវាយប្រហារគោលដៅជាច្រើន ក្រោមការឃ្លាំមើលពីប្រព័ន្ធប្រយុទ្ធ Aegis របស់សហរដ្ឋអាមេរិក ដែលមានន័យថាយោធាចិនបានដោះស្រាយការលំបាកក្នុងការវាយលុកគោលដៅរយៈចម្ងាយឆ្ងាយនៅលើដែនទឹក”។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថាមីស៊ីលចិនបានហោះពីលើអាកាស ដូច្នេះហើយមិនបង្កគ្រោះថ្នាក់ដល់កោះតែវ៉ាន់នោះទេ។ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា អាជ្ញាធរមិនបានប្រកាសអាសន្នអំពីការវាយឆ្មក់តាមអាកាសទេ ដោយសារតែពួកគេបានព្យាករណ៍ថា មីស៊ីលនឹងធ្លាក់ក្នុងចូលទឹកសមុទ្រភាគខាងកើតនៃកោះតៃវ៉ាន់។ សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិតៃវ៉ាន់បានបន្ថែមថា ខ្លួននឹងមិនបញ្ចេញព័ត៌មានបន្ថែមអំពីគន្លងរបស់មីស៊ីរបស់ចិនទេ ដើម្បីការពារសមត្ថភាពស៊ើបការណ៍របស់ខ្លួន។ ក្រសួងការពារជាតិជប៉ុនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មីស៊ីលផ្លោងចំនួន 5 គ្រាប់ត្រូវបានគេជឿថាបានធ្លាក់ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន ក្នុងនោះមានមីស៊ីលចំនួនបួនគេជឿថាបានហោះរំលងពីលើកោះតៃវ៉ាន់។ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Nobuo Kishi បានប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មានមួយថា “នេះគឺជាបញ្ហាដ៏ធ្ងន់ធ្ងរដែលទាក់ទងនឹងសន្តិសុខរបស់ប្រទេសជប៉ុន និងសុវត្ថិភាពរបស់ប្រជាជន​ជប៉ុន។ យើងថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការបាញ់មីស៊ីលនេះ” ។

កន្លងមកប្រទេសចិនបានបាញ់មីស៊ីលចូលទៅក្នុងដែនទឹកជុំវិញកោះតៃវ៉ាន់ ដែលជាកោះប្រកាន់របបប្រជាធិបតេយ្យមានប្រជាជនចំនួន 24 លាននាក់ដែលបក្សកុម្មុយនិស្តចិនចាត់ទុកថាជាទឹកដីរបស់ខ្លួន។

ប៉ុន្តែមីស៊ីល​ដែល​ហោះ​កាត់​លើ​កោះ​នោះ​បាន​បង្ហាញ​ពី​ការ​កើនឡើង​គួរ​ឲ្យ​កត់​សម្គាល់ ដោយ​មន្ត្រី​អាមេរិក​បាន​ព្រមាន​ថា​អាច​នឹង​មាន​បញ្ហា​ច្រើន​ទៀត។

ប្រភព៖ CNN ថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២២

 

Share

Image
Image
Image