ភ្នំពេញ៖ រដ្ឋសភាអនុម័តទាំងស្រុងលើសេចក្តីព្រាងរដ្ឋសភាញ និងច្បាប់ធម្មនុញ្ញបន្ថែម ដោយមានសំឡេង១០៥ លើ ១០៦សំឡេងនាព្រឹកមិញនេះ ខណៈអ្នកនយោបាយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន សម្ដែងការសោកស្ដាយចំពោះការសម្រេចចិត្តដ៏ប្រញាប់នេះ។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរីករាយការណ៍៖
ភ្នំពេញ៖ នៅថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ២០២២ នេះ រដ្ឋសភាអនុម័តទាំងស្រុងលើសេចក្តីព្រាងវិសោធនកម្មធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែម ដោយមានសំឡេងគាំទ្រច្រើនលើសលុប គឺសំឡេង១០៥ លើ ១០៦សំឡេង។
ការសម្រេចអនុម័តនេះ ធ្វើឡើងនាសម័យប្រជុំលើកទី៧ នីតិកាលទី៦ ដែលមានរបៀបវារៈចំនួន ៥ ក្នុងនោះ របៀបវារៈទី ២ និយាយទាក់ទងដល់ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។
យោងតាមទំព័រហ្វេសប៊ុករដ្ឋសភាបានឱ្យដឹងថា របៀបវារៈទី ២នេះ ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម ដែលសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។
ទាក់ទងរឿងនេះ កាលពីថ្ងៃទី២១ កក្កដា ឆ្នាំ២០២២ មានគណបក្សនយោបាយចំនួន៤ បានស្នើសុំឱ្យរដ្ឋសភាកុំអនុម័ត្តលើការស្នើកែរដ្ឋធម្មនុញ្ញលើកទី១០ ដែលស្នើឡើងដោយរាជរដ្ឋាភិបាល។ គណបក្សទាំងនោះ លើកហេតុផលថា ការស្នើកែច្បាប់កំពូលជាថ្មីទៀតនេះ បានកាត់បន្ថយអំណាចសភា រារាំងដល់ដំណើរការប្រជាធិបតេយ្យ សេរីពហុបក្សផ្ទុយនឹងស្មារតីរដ្ឋធម្មនុញ្ញដើម។
ជាមួយគ្នានេះ សង្គមស៊ីវិលចំនួន ១០៤ អង្គភាព កាលពីថ្ងៃម្សិលមិញ ពោលគឺមុនមួយថ្ងៃនៃមស័យប្រជុំរដ្ឋសភា លើកទី៧ នីតិកាលទី៦នេះ ពួកគេបានចេញសេចក្តីថ្លែងការណ៍រួមគ្នា ដោយដាក់ការព្រួយបារម្ភ និងស្នើសុំផ្អាកការធ្វើវិសោធកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះដែរ។ ក្រុមអង្គការសង្គមស៊ីវិល លើកហេតុផលដោយឆ្លុះបញ្ចាំងពីផលប៉ះពាល់ដល់ស្ថិរភាពអំណាចរដ្ឋ និងអំណាចនីតិប្រតិបត្តិ ការគោរពសិទ្ធិសេរីភាពពលរដ្ឋខ្មែរ។
តែយ៉ាងណា រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានចេញមុខបកស្រាយនូវការលើកឡើងខាងលើនេះថា មិនមានការស្រាវជ្រាវច្បាស់លាស់ពីខ្លឹមសារពិតប្រាកដនៃវិសោធនកម្មរដ្ឋធម្មនុញ្ញ និងបំភ្លៃការពិត
លោករដ្ឋមន្ដ្រី បានបញ្ជាក់ទៀតថាវិសោធនកម្មលើកទី១០ មិនបានរំលងទាល់តែសោះនូវអំណាចរបស់រដ្ឋសភា ក្នុងការបង្កើតរាជរដ្ឋាភិបាលតាមប្រព័ន្ធរបបសភានិយម ហើយការលើកឡើងរបស់គណបក្សទាំង៤ ដែលបានដាក់ញត្តិជូនរដ្ឋសភា គឺជាការលើកឡើងមិនត្រឹមត្រូវ និងមានលក្ខណៈជាការបំភ្លៃខុសពីខ្លឹមសារពិតប្រាកដនៃមាត្រា ១១៩ថ្មី (ពីរ) ដែលជាកម្មវត្ថុនៃការស្នើសុំវិសោធនកម្មនាពេលនេះ។
ក្រោយពីរដ្ឋសភាអនុម័តវិសោធនកម្មរដ្ឋធម្មនិញ្ញនេះ លោកបណ្ឌិត យ៉ង សាំងកុមារ បានបង្ហាញអារម្មណ៍សោកស្ដាយ ចំពោះការសម្រេចចិត្តដ៏ប្រញាប់នេះ។ លោកថា មិនមានការចាំបាច់ក្នុងបរិបទបច្ចុប្បន្ននេះទេ។
សូមជម្រាបថា រាប់បញ្ចូលទាំងវិសោធកម្មរដ្ឋធម្មនុញ្ញដែលអនុម័តនៅព្រឹកនេះ សរុបមករដ្ឋធម្មនុញ្ញកម្ពុជាត្រូវបានធ្វើវិសោធនកម្មចំនួន ១០លើកហើយចាប់តាំងពីឆ្នាំ១៩៩៣មក៕