en     km
en     km

សិទ្ធិកុមារក្នុងប្រទេសកម្ពុជាបានប្រសើរឡើង ខណៈករណីរំលោភសិទ្ធិកុមារថ្មីៗក៏កើតមានឡើងដែរ

Share

អង្គការផ្លែនអន្ដរជាតិកម្ពុជា រាយការណ៍ពីស្ថានភាពសិទ្ធិកុមារនៅក្នុងប្រទេសកម្ពុជាថាមានការកែលម្អបានប្រសើរឡើង ក្នុងរយៈពេល៥ ទៅ ១០ ឆ្នាំចុងក្រោយនេះ តែក៏មានករណីរំលោភសិទ្ធិកុមារថ្មីៗ ជាពិសេសតាមប្រព័ន្ធអនឡាញកើនឡើងដែរ ដែលត្រូវដោះស្រាយបន្ទាន់។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

អង្គការផ្លែនអន្ដរជាតិ ចាប់តាំងពីឆ្នាំ២០០២ រហូតមកដល់ឆ្នាំ២០២២ នេះ គឺមានរយៈពេល២០ឆ្នាំហើយ ដែលជួយសង្គមតាមរយៈគម្រោងជួយលើកកម្ពស់សិទ្ធិកុមារ និងសមភាពក្មេងស្រីនៅក្នុងប្រទេសកម្ពុជា។ ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ អង្គការផ្លែនអាចវាយតម្លៃការងាររបស់ខ្លួនបានថា មានការប្រសើរឡើង មិនថាសិទ្ធកុមារក្នុងការអភិវឌ្ឍ សិទ្ធិរស់រានមានជីវិត សិទ្ធិចូលរួម និងសិទ្ធិការពារជាដើម។

លោក យី គីមថាន នាយករងប្រចាំប្រទេសផ្នែកកម្មវិធីនៃអង្គការភ្លែនអន្តរជាតិកម្ពុជា បានបញ្ជាក់ថា ការផ្លាស់ប្ដូរដែលអង្គការផ្លែនបានឃើញគឺមានភាពប្រសើរឡើងនៅក្នុងប្រទេសកម្ពុជា រយៈពេល៥ ទៅ១០ ឆ្នាំចុងក្រោយនេះ។ សិទ្ធិក្នុងការអភិវឌ្ឍ គឺកុមារមានសិទ្ធិក្នុងទទួលបានការអប់រំ ដោយបានចូលរៀនតាំងពីអាយុ៣ ទៅ៥ឆ្នាំ នៅមតេយ្យសិក្សា ហើយសូចនាកររបស់ក្រសួងអប់រំក៏ប្រសើរឡើង និងដើរតាមបរិបទកម្ពុជា។ ចំណែកសិទ្ធិរស់រានមានជីវិត កុមារទទួលបានអាហារូបត្ថម្ភបានប្រសើរ តែក្នុងកម្រិតតិចតួចនៅឡើយ ដោយនៅមានកុមារជាច្រើនខ្វះអាហារូបត្ថម្ភ ក្រេះក្រិន ស្គមស្កាំង និងមិនគ្រប់គីឡូ នៅមានកម្រិតខ្ពស់នៅឡើយជាពិសេសនៅតំបន់ជនបទ។ នេះបើតាមការបញ្ជាក់ពីលោក យី គីមថាន ដដែល។

លោកនាយករងអង្គការផ្លែនបានបន្ថែមថា ចំពោះសិទ្ធិចូលរួមរបស់កុមារវិញ គឺកុមារជាច្រើនបានចូលរួមកិច្ចប្រជុំនានាមិនថាជាស្ថាប័នរដ្ឋាភិបាល ឬកិច្ចប្រជុំផ្សេងៗ ទោះមិនបានជាការបញ្ចេញមតិខ្លាំងក្លា តែក៏មានការចូលរួមពីកុមារដែរ អាចលឺសំឡេងកុមារ លើកពីបញ្ហារបស់ពួកគាត់។ រីឯសិទ្ធិការការពារ លោក យន់ គីមថាន ថាកំពុងមានកិច្ចការងារជាច្រើន លើកពីការការពារហិង្សាលើកុមារ លើបញ្ញា និងស្មារតីជាដើម។ ទោះបីផ្អែកតាមរបាយការណ៍ពីការស្ទង់មតិប្រជាសាស្ដ្រ និងសុខភាពកម្ពុជា ហៅកាត់ CDHS ថាអំពើហិង្សាលើកុមារមានការកើនឡើងវិញក្នុងគ្រួសារក៏ដោយ  យ៉ាងណាលោក គីមថាន ថាជារួមគឺមានការកែប្រែ ដោយរដ្ឋាភិបាលបានបង្កើតជាច្បាប់គតិយុត្តិសម្រាប់កុមារ ហើយក្រុមប្រឹក្សាជាតិដើម្បីកុមារ និងក្រសួងសង្គមកិច្ច បានបង្កើតជាច្បាប់យុត្តិធម៌អនិតិជន និងច្បាប់ស្ដីពីការលុបបំបាត់ និងឆ្លើយតបការរំលោភបំពានលើកុមារជាដើម។

ចំពោះសង្គមស៊ីវិល បានជួយបង្កើតជាប្រព័ន្ធ hotline រាយការណ៍ពីករណីរំលោភបំពានលើកុមារគ្រប់ទម្រង់ តាមភូមិ ឃុំផងដែរ។ នេះបើតាមការបញ្ជាក់ពីលោកនាយករងអង្គការផ្លែន។ ខណៈការកែប្រែបានប្រសើរឡើង តែក៏នៅមានកិច្ចការជាច្រើនត្រូវដោះស្រាយបន្ដទៀត ដោយករណីលើប្រព័ន្ធអនឡាញថ្មីៗលើតឡើងរហូត ជាពិសេសករណីការគំរាមកំហែងលើកុមារតូចៗដែលមិនចេះប្រើប្រព័ន្ធអនឡាញដោយមានការគ្រប់គ្រងត្រឹមត្រូវ។

សូមជម្រាបថា កម្ពុជាទទួលបានចំណាត់ថ្នាក់B ដែលជាចំណាត់ថ្នាក់ល្អ ស្ដីពីវឌ្ឍនភាពនៃការអនុវត្តសិទ្ធិកុមារក្នុងប្រទេស ពី UNCRC (UN Convention on the Rights of the Child )​​​​    នាប្រទេសស៊ឺណែវ។ ចំណែកសំណួរពីប្រទេសជាសមាជិកនៃ UNCRC ដែលធ្លាប់សួរពី១០០ ក៏កាត់មកត្រឹម ៥០-៦០ដែរ។ បើតាមលោក យន់ គីថាន នេះគឺជាការកែប្រែមួយសម្រាប់សិទ្ធិកុមារនៅកម្ពជា ដែលកើតចេញគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់៕     

 

Share

Image
Image
Image