មន្រ្តីក្រសួងអប់រំលើកឡើងថា កុមារីមានអត្រាបោះបង់ចោលការសិក្សាតិចជាកុមារានៅពេលកម្ពុជារងការរាតត្បាតដោយជំងឺកូវី១៩។ នេះបើតាមការលើកឡើងរបស់លោក កាន់ ពុទ្ធី អនុប្រធាននាយកដ្ឋានបឋមសិក្សានៃក្រសួងអប់រំយុវជននិងកីឡា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២២ នៅក្នុងសិក្ខាសាលាមួយស្ដីពី ដំណោះស្រាយការបាត់បង់ការសិក្សាតាមរយៈការអប់រំបំប៉នបន្ថែមនៅកម្ពុជា នៅឯសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានៅភ្នំពេញ។ សង្គមស៊ីវិលធ្វើការលើរឿងនេះផ្តល់អនុសាសន៍ថា ដើម្បីអាចកាត់បន្ថយអត្រាបោះបងើចោលការសិក្សារបស់សិស្សបាន អ្នកពាក់ព័ន្ធត្រូវបង្កើនឱ្យមានការបំប៉នការអប់រំដល់សិស្សបន្ថែម។
ភ្នំពេញ៖ តាមការឱ្យដឹងពីលោក កាន់ ពុទ្ធី អនុប្រធាននាយកដ្ឋានបឋមសិក្សានៃក្រសួងអប់រំយុវជននិងកីឡាបានឱ្យដឹងថា ក្នុងអំឡុងពេលនៃការសិក្សាពីចំងាយ ឬតាមប្រព័ន្ធអនឡាញនាឆ្នាំសិក្សា២០២០ ២០២១ ពោលក្នុងអំឡុងពេលវិបត្តិកូវីដ១៩ អត្រានៃការបោះបង់ការសិក្សារបស់សិស្សថ្នាក់កម្រិតបឋមមានចំនួនប្រមាណ ១០ ភាគរយនៃសិស្សសរុបទូទាំងប្រទេស។ តាមការសិក្សាស្រាវជ្រាវរបស់ក្រសួង លោកថា អត្រានៃការបោះបង់ការសិក្សានេះ គឺក្មេងស្រីមានចំនួនតិចជាងបើធៀបនឹងក្មេងប្រុស។
លោក កាន់ ពុទ្ធី អនុប្រធាននាយកដ្ឋានបឋមសិក្សានៃក្រសួងអប់រំយុវជននិងកីឡា
ដោយឡែកបើតាម លោក ផាន់ ប៊ុនណាត អ្នកសម្របសម្រួលកម្មវិធីនៃអង្គការសកម្មភាពនៃការអប់រំនៅកម្ពុជា ហៅកាត់ថាអង្គការខេប បានបង្ហាញរបាយការណ៍ដូចគ្នាដែរថា អត្រាបោះបង់នៃការសិក្សារបស់កុមារនៅកម្ពុជាមានការធ្លាក់ចុះជាខ្លាំងក្នុងអំឡុងពេលកូវីដ១៩។ លោកបន្តថា កុមារដែលមិនមានលទ្ធភាពបន្តការសិក្សាទាំងនោះ ភាគច្រើនរស់នៅតាមជនបទដាច់ស្រយាល។
លោក ផាន់ ប៊ុនណាត អ្នកសម្របសម្រួលកម្មវិធីនៃអង្គការសកម្មភាពនៃការអប់រំនៅកម្ពុជា
យោងតាមរបាយការណ៍របស់អង្គការទស្សនៈពិភពលោកក្នុងអំឡុងខែមីនាបង្ហាញថា មានកុមារប្រមាណ ៣៥ភាគរយ មិនអាចបន្តការសិក្សាពីចំងាយឬការសិក្សាតាមទូរស័ព្ទដៃនិងកុំព្យូទ័របាន ពេលបិទសាលាក្នុងឆ្នាំសិក្សា២០២០-២០២១អំឡុងពេលកូវីដ១៩។ បញ្ហាទាំងនេះបាននាំឱ្យកុមារប្រឈមមុខនឹងគម្លាតសិក្សា និងការបោះបង់ការសិក្សានាពេលខាងមុខ បើមិនមានការគាំទ្រសមស្របក្នុងពេលចូលរៀនវិញ។
ពាក់ព័ន្ធរឿងនេះ ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហានេះ អង្គការសង្គមស៊ីវិលមួយចំនួនរួមមាន អង្គការទស្សនៈពិភពលោក អង្គការសកម្មភាពដើម្បីការអប់រំនៅកម្ពុជា អង្គការឃែរអន្តរជាតិប្រចាំកម្ពុជា និងអង្គភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាលបានអនុវត្តគម្រោងរៀងៗខ្លួនដើម្បីគាំទ្រសិស្សានុសិស្សឱ្យទាន់តាមកម្មវិធីសិក្សាមូលដ្ឋានរបស់ក្រសួងអប់រំដើម្បីបញ្ជៀសអត្រាបោះបង់ចោលការសិក្សា និងរក្សាគម្លាតសិក្សារបស់សិស្សនៅគ្រប់កម្រិតថ្នាក់ តាមរយៈការអនុវត្តគម្រោងសាកល្បងលើការអប់រំបំប៉នបន្ថែមនៅក្នុងសហគមន៍។
គម្រោងសាកល្បងលើការអប់រំបំប៉នបន្ថែមនៅក្នុងសហគមន៍ បានអនុវត្តសាកល្បងនៅស្រុកជីក្រែងខេត្តសៀមរាប ក្រោមការណែនាំ និងគាំទ្រពីអង្គការទស្សនៈពិភពលោកអន្តរជាតិ ដែលមានរយៈពេលបង្រៀនបំប៉ន១ខែកន្លះ ក្នុងគោលបំណងស្វែងយល់អំពីប្រសិទ្ធភាពនៃគម្រោង ទៅលើការសិក្សារបស់កុមារ បន្ទាប់ចូលរៀនវិញ។
ថ្លែងនៅក្នុងសិក្ខាសាលា លោក វ៉ា សុរិន ប្រធានបច្ចេកទេសកម្មវិធីអប់រំនៃអង្គការទស្សនៈពិភពលោក បានលើកឡើងថា ជាសមិទ្ធផលតាមរយៈការអនុវត្តគម្រោងសាកល្បងលើការអប់រំបំប៉នបន្ថែមនៅក្នុងសហគមន៍ ឃើញថាមានកុមារប្រមាណ ៣ភាគ៤ ទទួលបានពិន្ទុល្អ មុនពេលកុមារទទួលបានវគ្គបំប៉ននេះ។ លោកកត់សម្គាល់ឃើញថា កុមារដែលរៀនខ្សោយបានទទួលលទ្ធផលល្អវិញ បើធៀបជាមួយកុមារផ្សេងៗដែលមានលទ្ធផលល្អតាំងពីពេលដំបូងនោះ។
លោក វ៉ា សុរិន ប្រធានបច្ចេកទេសកម្មវិធីអប់រំនៃអង្គការទស្សនៈពិភពលោក
កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ អង្គការទាំងនេះបានចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយស្ដីពី ដំណោះស្រាយបន្ទាន់ តាមរយៈការអប់រំបំប៉នបន្ថែម។ ដោយបានអំពាវនាវដល់រាជរដ្ឋាភិបាល ម្ចាស់ជំនួយ និងដៃគូពាក់ព័ន្ធទាំងអស់ចូលរួមលើកកម្ពស់ការឆ្លើយតបទៅនឹងការបាត់បង់ការសិក្សារបស់សិស្សានុសិស្សដោយសារការបិទសាលារៀនក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ១៩។
សូមរំលឹកថា កន្លងមកក្រសួងអប់រំក៏បានខិតខំប្រឹងប្រែងបង្កើតសម្ភារៈ និងសេចក្ដីណែនាំជាច្រើនក្នុងគោលបំណងជួយគាំទ្រដល់សាលា និងសិស្សានុសិស្សសម្រាប់ការសិក្សាពីចំងាយដូចជាការរៀនជាបណ្ដុំ អនឡាញ ការបង្រៀនតាមវិទ្យុ ទូរទស្សន៍ និងការសិក្សាតាមរយៈក្រដាសកិច្ចការជាដើមផងដែរ៕