បញ្ហាស្រ្ដីនៅក្នុងសង្គមមានការកើនឡើងជារឿយ ជាពិសេសបញ្ហារបស់ស្ដ្រីបម្រើការក្នុងវិស័យសារព័ត៌មាន ខណៈបញ្ហារបស់ពួកគាត់មិនសូវបានគេយកមកដោះស្រាយនោះទេ ទោះបីជាកម្ពុជាមានគោលការជាតិ និងអន្ដរជាតិ ក្នុងការការសិទ្ធិរបស់ស្ដ្រី និងសិទ្ធិស្ដ្រីក្នុងវិស័យសារព័ត៌មានក៏ដោយ។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកក្ដដា ឆ្នាំ២០២២នេះ អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC) បានរៀបចំវេទិកាស្តីពីការលើកកម្ពស់សិទ្ធិស្ត្រីអ្នកសារព័ត៌មាន។ វេទិកាដែលបានរៀបចំធ្វើនៅភោជនីយដ្ឋានទន្លេបាសាក់ ២ នៅរាជធានីភ្នំពេញនេះ មានការចូលរួមពីអ្នកសារព័ត៌មានជាស្រ្តីប្រមាណ ៤០ នាក់មកពីអង្គភាពសារព័ត៌មានផ្សេងៗគ្នាតាមបណ្តារាជធានីខេត្តក្រុងនានា។
គោលបំណងចម្បងដែលនាំអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)និងអង្គការ Internews ផ្តួចផ្តើមបង្កើតឱ្យមានវេទិកាជំនួបអ្នកសារព័ត៌មានស្រ្តីនេះឡើង គឺចង់ផ្តល់ឱកាសដល់ស្រ្តីជាអ្នកសារព័ត៌មាន បានចែករំលែកបទពិសោធន៍ ក៏ដូចជាលើកឡើងនូវបញ្ហាប្រឈមនានាក្នុងអាជីពជាអ្នកសារព័ត៌មាន។ ជាងនេះការរំលេចចេញនូវបញ្ហាប្រឈម ឧបសគ្គផ្សេងៗរបស់ស្រ្តីអ្នកសារព័ត៌មាន ជាធាតុចូលសំខាន់មួយ ដើម្បីរួមគ្នារកដំណោះស្រាយ បង្កើតវិធីសាស្រ្តដ៏រឹងមាំក្នុងការឆ្លើយតបឱ្យទាន់ពេលវេលានិងតាមតម្រូវរបស់ស្រ្តីអ្នកសារព័ត៌មានចង់បាន។
មួយទៀតដែr មតិយោបល់ និងសំណូមពរ ឬអនុសាសន៍នានារបស់ពួកគេ នឹងក្លាយជាធាតុចូលមួយដើម្បីឈានទៅបង្កើតជាកម្រងរបាយការណ៍ខ្លីមួយ ដោយក្នុងនោះបានកំណត់ដាក់ចេញនូវយុទ្ធសាស្ត្រដែលមានសក្តានុពលនានាផងដែរ។ ពិសេសជាងនេះទៀតនោះ វេទិកានេះជាផ្នែកមួយជួយជំរុញលើកទឹកចិត្តដល់យុវនិស្សិតចូលប្រឡូកកាន់តែច្រើនក្នុងអាជីពវិជ្ជាជីវៈសារព័ត៌មាននេះ។
លោកស្រីបណ្ឌិត អ៊ុង ច័ន្ទថុល នាយិកាប្រតិបត្តិនៃអង្គការមណ្ឌលព័ត៌មានស្រ្ដីកម្ពុជាបានលើកឡើងថា ស្ដ្រីអ្នកសារព័ត៌មានជាច្រើនត្រូវបានកំណត់មិនឱ្យធ្វើព័ត៌មានមិនសូវសំខាន់ និងក្ដៅៗ ខណៈអ្នកសារព័ត៌មានមានតិចជាង១០ ភាគរយនៃអ្នកសារព័ត៌មានសរុប ធ្វើឱ្យការរាយការណ៍ពីសង្គម ជាពិសេសពីបញ្ហាស្ដ្រីផ្ទាល់ គឺផ្សព្វផ្សាយនៅមានកម្រិតតិចតួច។
លោកស្រីនាយិកាបន្ដដោយចាត់ទុកបញ្ហានេះថា បានធ្វើឱ្យមានផលប៉ះពាល់ ទោះបីកម្ពុជាមានគោលការណ៍នារីរតៈរបស់ក្រសួងកិច្ចការនារី អនុសញ្ញាស្ដីពីការលុបបំបាត់ការរើសអើងរាល់ទម្រង់ទាំងអស់លើនារីភេទ ហើយកម្ពុជាជាផ្នែកមួយនៃផែនការយុទ្ធសាស្ដ្រទីក្រុងប៉េកាំង ដែលនិយាយពីការលើកតម្កើងឱ្យមានសមភាពរវាងស្ដ្រី និងបុរសក្នុងវិស័យសារព័ត៌មានក៏ដោយ។ ហើយជាក់ការអនុវត្តគឺមានការចូលរួមទាបនៅឡើយ ចំណែកស្ដ្រីអ្នកសារព័ត៌មានជាច្រើនត្រូវបានគេបៀតបៀនលើរូបភាពកាយទៀតផង។
ជាមួយគ្នានេះដែរ អ្នកស្រី កាន់ វិច្ឆិកា អ្នកសារព័ត៌មានសំឡេងសហរដ្ឋអាមេរិក VOA បានលើកឡើងក្នុងកម្មវិធីនេះដែរ អ្នកសារព័ត៌មានស្ដ្រីរងការបៀតបៀនទាំងពាក្យសម្ដីតាមរយៈ online និងផ្លូវភេទជាដើម។ អ្នកស្រីធ្លាប់បានចែករំលែករឿងរ៉ាវទាំងនេះ រហូតដល់មានការយល់ច្រលំ ធ្វើឱ្យនិស្សិត និងអ្នកសារព័ត៌មានផ្សេងទៀត ខ្លាច មិនហ៊ានបន្ដអាជីពនេះ។ តែអ្នកស្រីបញ្ជក់ថា នេះជាគោលបំណងរួមគ្នាមួយដើម្បីលុបបំបាត់រូបភាពទាំងនេះពីសង្គម ជាពិសេសពីក្នុងវិស័យអ្នកសារព័ត៌មាន។
ដោយឡែកអ្នកស្រី ឆន សុគន្ធា នាយិការនៃនាយកដ្ឋានអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ ដែលចូលរួមជាវាគ្មិនក្នុងវេទិកាអ្នកសារព័ត៌មានស្ដ្រី បានលើកពីច្បាប់ស្ដីពីរបបសារព័ត៌មានដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ថា គ្មានការចែងពីការការពាំរសិទ្ធស្ដ្រីអ្នកសារព័ត៌មានឡើយ។ អ្នកស្រីចង់ឱ្យវេទិកានេះ នឹងអាចស្នើទៅកាន់ក្រសួងព័ត៌មានកែប្រែច្បាប់ស្ដីពីរបបសារព័ត៌មានដោយលើកពីបញ្ហារបស់ស្ដ្រីបញ្ចូលក្នុងច្បាប់នេះ។
គួរបញ្ជាក់ផងដែរថា វេទិកានេះមានការចូលរួមពីសំណាក់ស្រ្តីអ្នកសារព័ត៌មានចំនួនជាង ៤០ នាក់ មកពីប្រព័ន្ធផ្សព្វផ្សាយនានា ដែលមានតួនាទីជានិពន្ធនាយក អ្នកយកព័ត៌មាន ផលិតករ ពិធីការិនី អ្នកនិពន្ធអត្ថបទ និងអ្នកសារព័ត៌មានចាប់អាជីពសេរី ឬ Freelancer ជាដើម។
តាមការកត់សម្គាល់ដែលមានក្នុងសេចក្តីប្រកាសព័ត៌មានរបស់អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជាពីវេទិកានេះបានឱ្យដឹងថា រយៈពេល ១០ ឆ្នាំចុងក្រោយនេះ វត្តមានស្រី្តក្នុងវិស័យសារព័ត៌មានការកើនឡើងគួរឲ្យកត់សម្គាល់។ បើតាមរបាយការណ៍របស់ក្រសួងព័ត៌មាននៅឆ្នាំ ២០២១ មានអ្នកសារព័ត៌មានជាស្រី្ត ៤៧០នាក់ ក្នុងចំណោមអ្នកសារព័ត៌មានសរុបប្រមាណជាង ៥០០០នាក់ ស្មើនឹង៩.៤%៕