បរទេស៖ តាមសេចក្ដីរាយការណ៍របស់សារព័ត៌មានBBC News លោក Ferdinand Marcos Jr បានស្បថចូលកាន់តំណែងកាលពីយប់ថ្ងៃពុធ ជាប្រធានាធិបតីហ្វីលីពីននៅក្នុងពិធីមួយក្នុងទីក្រុងម៉ានីល ជំនួសតំណែងមេដឹកនាំផុតអាណត្តិ Rodrigo Duterte ។
ការស្បថចូលកាន់ដំណែងនេះគឺជាការត្រលប់មកវិញដ៏គួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់ត្ររកូលអ្នកនយោបាយ Marcos ដែលត្រូវបានបណ្តេញចេញអំណាចដោយការបះបោររបស់ពលរដ្ឋហ្វីលីពីននៅឆ្នាំ 1986 ។ លោក យិប ឆេងលាប រាយការណ៍ព័ត៌មាននេះ!
លោក Marcos Jr ដែលមានឈ្មោះហៅក្រៅថា Bongbong បានឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដីកាលពីខែមុន។ជាមួយគ្នានេះ អ្នកស្រី Sara Duterte កូនស្រីរបស់ប្រធានាធិបតីផុតអាណត្តិ កំពុងស្បថចូលកាន់តំណែងជាអនុប្រធានាធិបតី។
លោក Marcos Jr បានស្បថចូលកាន់តំណែងនៅពាក់កណ្តាលអធ្រាត្រនៅក្នុងពិធីដែលមានភ្លើងចម្រុះពណ៌នៅសារមន្ទីរជាតិ។ អមដោយភរិយា និងកូនប្រុសបីនាក់ លោកបុងបុងបានគ្រវីដៃ និងញញឹម សម្លឹងមើលក្បួនយន្តហោះចម្បាំង និងក្បួនដំណើរកងទ័ពជាច្រើន។ នៅក្នុងសុន្ទរកថាលើកដំបូងរបស់លោកក្នុងនាមជាប្រធានាធិបតី លោកបានថ្លែងអំណរគុណដល់ហ្វូងមនុស្សហើយលោកបានថ្លែងថា “វាជាការបោះឆ្នោតដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃលទ្ធិប្រជាធិបតេយ្យហ្វីលីពីន”។
មេដឹកនាំវ័យ 64 ឆ្នាំរូបនេះកំពុងទទួលនូវមរតកប្រទេសមួយដែលកំពុងស្ថិតនៅលើផ្លូវនៃជំងឺរាតត្បាត បញ្ហាសេដ្ឋកិច្ច កំណើនអតិផរណា និងកំណើនបំណុលរបស់ជាតិ។
ក្រុមអ្នករិះគន់និយាយថាការសន្យាដ៏ច្រើនរបស់គាត់ក្នុងការបង្កើតការងារ និងដោះស្រាយបញ្ហាទំនិញឡើងថ្លៃ ត្រូវបានគេមើលឃើញថាមានការពិភាក្សាតិចតួចលើកំណែទម្រង់គោលនយោបាយជាក់ស្តែង។
អ្នកខ្លះក៏កំពុងរង់ចាំមើលលោក Marcos Jr ដើម្បីស្តារមុខមាត់ប្រទេសឡើងវិញ បន្ទាប់ពីអាណត្តិរបស់លោក Duterte ដែលត្រូវគេសម្គាល់ឃើញពីសង្រ្គាមបង្ហូរឈាមលើគោលនយោបាយគ្រឿងញៀន និងការរឹតបន្តឹងលើសេរីភាពសារព័ត៌មាន។
ក្នុងអំឡុងពេលថ្លែងសុន្ទរកថាក្នុងពិធីសម្ពោធ លោក Marcos Jr បានគោរពវិញ្ញាណក្ខន្ធឪពុករបស់លោក គឺលោក Ferdinand Marcos Sr ដែលបានគ្រប់គ្រងប្រទេសហ្វីលីពីនអស់រយៈពេលពីរទសវត្សរ៍ដោយប្រើកណ្តាប់ដៃដែក។ Ferdinand Marcos Sr ដែលជាឳពុកបានដាក់ប្រទេសហ្វីលីពីនក្នុងច្បាប់អាជ្ញាសឹក ហើយបានគ្រប់គ្រងតុលាការ អាជីវកម្ម និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់។កងទ័ព និងប៉ូលីសបានចាប់ខ្លួន និងធ្វើទារុណកម្ម និងសម្លាប់អ្នកប្រឆាំងរាប់ពាន់នាក់ ។ការគ្រប់គ្រងរបស់ Marcos Sr ដែលជាឳពុកបានបញ្ចប់នៅឆ្នាំ 1986 នៅពេលដែលមានការបះបោរមនុស្សរាប់លាននាក់ដើរតាមផ្លូវ ហើយគ្រួសារ Marcos រួមទាំង Bongbong អាយុ 28 ឆ្នាំបានភៀសខ្លួនចេញពីប្រទេសទៅ កោះHawaii សហរដ្ឋអាមេរិក៕