ភ្នំពេញ៖ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញបានសម្រេចបដិសេធការស្នើសុំពីព្រះរាជអាជ្ញាដែលស្នើឱ្យឃុំខ្លួនលោក កឹម សុខា ក្នុងពន្ធនាគារវិញ។ តែយ៉ាងណា ចៅក្រមបានព្រមានលោក កឹម សុខា មិនអនុញ្ញាតឱ្យលោកចុះជួបអ្នកគ្រាំទ្រឬធ្វើសកម្មភាពនៅមូលដ្ឋានបានដូចមុនទៀតឡើយ។ ហើយការព្រមាននេះត្រូវបានកត់ចូលក្នុងកំណត់ហេតុរបស់ក្រឡាបញ្ជីផងដែរ។
នេះបើតាមការគូសបញ្ជាក់ពីលោក ផេង ហេង សហមេធាវីលោក កឹម សុខា ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយចេញពីបន្ទាប់សវនាការនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ។
បើតាមលោក ផេង ហេង ខាងព្រះរាជអាជ្ញាបានលើកឡើងពីសកម្មភាពលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិដែលបានទៅធ្វើបុណ្យនៅតាមវត្តអាមនិងសួរសុខទុក្ខហូបបាយជាមួយប្រជាពលរដ្ឋថា បានបំពានលើបម្រាមរបស់តុលាការដែលហាមឃាតលោកមិនឱ្យធ្វើសកម្មភាពនយោបាយ។
ចៅក្រមបានកត់សម្គាល់ថា សកម្មភាពរបស់លោក កឹម សុខា ដែលមានសកម្មភាពសង្គមកិច្ចកន្លងមកនេះអាចបង្គប់នូវសកម្មភាពនយោបាយ។ នេះជាការលើកឡើងពីលោក ផេង ហេង បន្ថែម។
សូមស្តាប់ការលើកឡើងរបស់លោកមេធាវី ផេង ហេង៖
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិបានចូលរួមសវនាការនៅសាលាដំបូងរាជធានីភ្នំពេញជាសវនាការលើកទី ៤៦ ក្នុងសំនុំរឿង សន្ទិដ្ឋិភាព ដែលរដ្ឋាភិបាលចោទថា លោកត្រូវរូវគ្នាជាមួយរដ្ឋបរទេសចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។
សូមរំលឹកថា លោក កឹម សុខា ត្រូវបានចាប់ខ្លួនទាំងកម្រោល នៅរំលងអាធ្រាត្រថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០១៧។ លោកត្រូវតុលាការចោទពីបទសន្និដ្ឋិភាពជាមួយបរទេសឬទោសក្បត់ជាតិដែលត្រូវរ៉ូវគ្នាជា មួយបរទេសចង់ផ្ដួលរំលំរដ្ឋាភិបាល តាមរយៈវីដេអូដែលលោក កឹម សុខា ថ្លែងនៅប្រទេសអូស្រ្តាលីក្នុងជំនួបជាមួយអ្នកគាំទ្រ។
បន្ទាប់មក លោក កឹម សុខា ត្រូវបានឃុំខ្លួននៅគុកត្រពាំងផ្លុងជាប់ព្រំដែនវៀតណាមជាងមួយឆ្នាំ។ ហើយក្រោយមក លោកត្រូវបានឃុំខ្លួននៅក្នុងផ្ទះជាងមួយឆ្នាំទៀត ដោយតុលាការហាមលោកមិនឪ្យធ្វើសកម្មភាពនយោបាយ និងទៅក្រៅប្រទេសនោះទេ៕