ខណៈរកឃើញករណីឆ្លងកូវីដ១៩ ចូលសហគន៍សារជាថ្មី រាជរដ្ឋាភិបាលកម្ពុជាបានចេញសារជាបន្ទាប់អំពាវនាវឱ្យប្រជាជនបន្ដអនុវត្តវិធានសុខាភិបាល និងវិធាន ៣កុំ និង៣ការពារ ដើម្បីបង្ការការឆ្លងរាលដាលកាន់តែខ្លាំង។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍ ៖
តាមរយៈសារសំឡេងពីរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន នៅយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ បានប្រកាសជាបន្ទាន់ក្រោយពីរកឃើញករណីឆ្លងសារជាថ្មីនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍។ សារសំឡេងរបស់សម្ដេច បានបញ្ជាក់ថា ជំងឺកូវីដ១៩ បានចាប់ផ្ដើមកើតឡើងវិញហើយនៅច្រើនកន្លែង។
រាជរដ្ឋាភិបាលបានអំពាវនាវឱ្យប្រជាជនត្រូវអនុវត្តនូវវិធានសុខាភិបាល និងវិធាន៣កុំ និង៣ការពារ ឡើងវិញ ទោះបីជាស្ថានភាពឆ្លងនៅមានចំនួនតិច និងអាការៈមិនទាន់ធ្ងន់ធ្ងរក៏ដោយ តែត្រូវប្រុងប្រយ័ត្នចំពោះការឆ្លងចូលសហគមន៍ ក្រុមគ្រួសារ ឬតាមស្ថាប័ននានា។
ជាមួយគ្នានេះ តាមរយៈសារសំឡេងដដែល រាជរដ្ឋាភិបាលនៅតែទទូចឱ្យប្រជាពលរដ្ឋទៅទទួលវ៉ាក់សាំងដូសជម្រុញការពារជំងឺកូវីដ១៩។ សម្ដេចបានបញ្ជាក់ថា បើមិនមានវិធានការហ្មត់ចត់ទេនោះ ប្រទេសរបស់យើងនិងអាចវិលទៅរកស្ថានភាពដ៏អាក្រក់ជាមិនខាន។
សូមជម្រាបថា កម្ពុជាបានរស់ក្នុងស្ថានភាពគ្មានជំងឺកូវីដ១៩ រយៈពេល៥២ថ្ងៃមកហើយ បើផ្អែកតាមក្រសួងសុខាភិបាល។ តែយ៉ាងណានៅថ្ងៃទី៥៣ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ បានរកឃើញមានកូវីដ១៩ឡើងវិញ ទៅលើប្រជាពលរដ្ឋដែលបានធ្វើដំណើរចូលមកកម្ពុជា និងប្រជាពលរដ្ឋដែលបានធ្វើវិញ្ញាបណ្ណបត្រ័ចេញទៅក្រៅប្រទេស តាមរយៈម៉ាស៊ីនតេស្ដ PCR និងតេស្ដរហ័ស។ នេះបើតាមការបញ្ជាក់ពីរាជរដ្ឋាភិបាលកម្ពុជាដដែល។
តាមក្រសួងសុខាភិបាលបានឱ្យដឹងថា រកឃើញអ្នកឆ្លងថ្មី ១០នាក់ ក្នុងនោះ ករណីឆ្លងក្នុងសហគមន៍ មាន៨នាក់ និងគ្មានអ្នកស្លាប់នោះទេ៕