en     km
en     km

ដំណាំទុរេនដើរតួទាក់ទាញទេសចរនៅស្រុកបន្ទាយស្រី

Share

ផលិតផលកសិទេសចរណ៍ គឺផ្លែទុរេន បានជួយបង្កើនភាពទាក់ទាញដល់វិស័យទេសចរណ៍នៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ខណៈថ្ងៃចុងសប្ដាហ៍មានភ្ញៀវជាច្រើនបានមកភ្លក្ស និងទិញទុរេននៅតំបន់ជើងភ្នំគូលែនទឹកដីអង្គរនៃខេត្តសៀមនេះ។នេះបើតាមការបញ្ជាក់ពីមន្រ្តីនិងប្រជាកសិករក្នុងខេត្តសៀមរាប។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

ដំណាំទុរេន ជាស្ដេចផ្លែឈើមួយប្រភេទ ដែលមានតម្លៃនៅលើទីផ្សារនាពេលបច្ចុប្បន្ន។ ទោះបីជាស្ថិតក្នុងរដូវសម្បូរហូរហែរនៃផ្លែទុរេននៅតាមផ្សារនានា និងនៅតាមចម្ការក៏តម្លៃនៃផ្លែឈើប្រភេទនេះមានចន្លោះពី២២០០០រៀល ដល់៣០០០០រៀល ដែរក្នុងមួយគីឡូ។ នេះបើតាមសម្ដីរបស់ស្ដ្រីម្ចាស់ចម្ការម្នាក់នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។

បើតាមការបញ្ជាក់ពីលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ទុរេនលើទឹកដីអង្គរ គឺជាឆ្នាំទី៣ហើយ បានដើរតួជាផលិតផលកសិទេសចរណ៍ ដែលបានជួយបង្កើនភាពទាក់ទាញបន្ថែមទៀតដល់វិស័យទេសចរណ៍នៅក្នុងស្រុក។

ស្ដ្រីម្ចាស់ចម្ការទុរេនមួយកន្លែងនៅជើងភ្នំគូលែន ជិតវត្តចំបក់៣ដើម ក្នុងភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រីបានឱ្យដឹងថា នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យមានភ្ញៀវច្រើនទៅដល់ចម្ការផ្ទាល់។

ខណៈដំណាំទុរេន ជោរជន់ច្រើន អភិបាលស្រុកបន្ទាយស្រីអនុញ្ញាតឱ្យម្ចាស់ចម្ការរូបនេះ យកទុរេន ដាក់លក់ក្នុងផ្សារទំនើប ហេរីថេក វ៉ក់ ហើយលក់នៅមុខផ្ទះខ្លះដោយមានសញ្ញាសម្គាល់ផលិតផលម្ចាស់ចម្ការ។ ស្ដ្រីម្ចាស់ចម្ការទុរេនជើងភ្នំគូលែនរូបនេះ បានឱ្យដឹងថា ដំណាំទុរេនឆ្នាំនេះ បានផលច្រើនស្មើនឹងគុណ៣ទៅ៤ដងនៃឆ្នាំមុន។

តាមរបាយការណ៍ពីក្រសួងទេសចរណ៍ នៅក្នុងសប្ដាហ៍ទី៤នៃ ខែមិថុនានេះ មានទេសចរជាង៤ម៉ឺន ៥ពាន់ (៤៥ ២១៩)នាក់ បានដើរកម្សាន្តនៅខេត្តសៀមរាប៕

Share

ព័ត៌មានទាក់ទង

Image