ក្រោយពីអនុក្រឹត្យដែលចេញដោយរាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការកំណត់និយាមកាផ្ទៃបឹងទន្លេបាទី សល់៩៧ហិចតាជាសម្បត្តិរដ្ឋ ខណៈជាង២០០ហិចតាឯកជនកាន់កាប់មក អ្នកការពារបរិស្ថានចម្រុះគ្នា បានប្រតិកម្មតប នឹងអនុក្រឹត្យនេះ ដោយស្នើគិតពីផលប៉ះពាល់ដែលអាចកើតមានដល់ប្រជាពលរដ្ឋមូលដ្ឋាន។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
មហាជន, អ្នកការពារធនធានធានធម្មជាតិ និងអ្នកនយោបាយមួយចំនួន បានប្រតិកម្មជំទាស់ និងអនុក្រឹត្យដែលចេញដោយរាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការកំណត់និយាមកាផ្ទៃបឹងទន្លេបាទី ដែលមានភូមិសាស្ដ្រក្នុងស្រុកបាទី ខេត្តតាកែវ និងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២២។ នេះបើយោងទៅតាមហ្វេសប៊ុកផេក គណៈបក្សនយោបាយ និងសកម្មជនបរិស្ថានមួយចំនួនដែលបានជំទាស់ការភិវឌ្ឍផ្ទៃបឹងទន្លេបាទីនេះ។
ក្នុងនោះ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានលើកប្រតិកម្មថា “សូម្បីតែទន្លេបាទីដែលជាតំបន់ប្រវត្តិសាស្រ្តក៏ត្រូវស្នើលុបដែរ ហើយជាការលុបដើម្បីផលប្រយោជន៍ឯកជន”។ គណៈបក្សនបាយធ្វើការលើរឿង អភិរក្សនិងអភិវឌ្ឍបឹង ទន្លេ ព្រែក អូរ និងស្ទឹងដើម្បីផលប្រយោជសង្គមជាតិទាំងមូលនេះ បន្ដថា យើងស្នើឲ្យមានការអភិរក្សនិងអភិវឌ្ឍទន្លេនេះឲ្យក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្រ្តដែលជួយដល់ប្រាក់ចំណូលសហគមន៍មូលដ្ឋាននិងសុខមាលភាពប្រជាពលរដ្ឋទីក្រុង។
ក្រៅពីនេះ ក៏មានបណ្ដាសមាគមបរិស្ថានដទៃទៀត ក៏ជំទាស់លើរឿងផ្ទៃបឹងទន្លបាទីនេះដែរ ដោយស្នើឱ្យរដ្ឋពិចារណាលើផលប៉ះពាល់ និងប្រយោជន៍ប្រជាពលរដ្ឋមូលដ្ឋាន។
តាមសំណើពីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ អនុក្រឹត្យនោះបានកំណត់ថា ផ្ទៃដីបឹងទន្លេបាទី ៩៧ហិចតា ជាសម្បត្តិរបស់រដ្ឋ និង២២២ហិកតា ដែលរដ្ឋបានសម្រេចធ្វើអនុបយោគឱ្យទៅឯកជន ធ្វើការអភិវឌ្ឍ។
យ៉ាងណាមិនទាន់មានការឆ្លើយតបនោះទេពីរដ្ឋាភិបាល ខណៈមានការសាកសួរទៅអ្នកនាំពាក្យក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ តែឯកឧត្តម សេង ឡូតថា ឱ្យសួរទៅខាងរដ្ឋបាលខេត្តតាកែវវិញ។
ទោះបែបនេះក្ដី វិទ្យុស្ដ្រីមិនទាន់អាចទាក់ទងរដ្ឋបាលខេត្តតាកែវបានទេ ដោយទូរសព្ទចូលតែគ្មានអ្នកទទួល។
គួរជម្រាបថា ទន្លេបាទីគឺជាកន្លែងទាក់ទាញទេសចរមួយបែបធម្មជាតិ ដែលអាចរកចំណូលដល់ប្រជាជនមូលដ្ឋានតាមរយៈទេសចរទៅកម្សាន្ដ និងទស្សនាប្រាសាទបុរាណដ៏ចំណាស់មួយ គឺប្រាសាទតាព្រហ្មមានអាយុកាលតាំងពីចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣៕