សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២ បានបន្តបើកសវនាការជាលើកទី៤៥ ក្នុងរឿងក្ដីឯកឧត្ដម កឹម សុខា ទាក់ទងនឹងបទសន្ទិដ្ឋិភាពជាមួយបរទេស ដោយផ្តោតលើអង្គហេតុដែលនាំឱ្យបង្កការប្រទូសរ៉ាយ។ ភស្តុតាងក្នុងសវនាការគឺវីដេអូដាក់បន្ទុក ២ ខ្សែ ដែលស្នើដោយតំណាងអយ្យការ និងភស្តុតាងវីដេអូដោះបន្ទុក ១ ខ្សែ ស្នើដោយឯកឧត្តម កឹម សុខា។ ព្រឹកមិញនេះដែរ តុលការបានរឹតបណ្តឹងការឆែកឆេលើក្រុមអ្នកចូលស្តាប់សវនាការ បន្ទាប់ពីការបែកធ្លាយសំឡេង របស់ឯកឧត្តម កឹម សុខា ដែលនិយាយថា «កឹម សុខា និងសម រង្ស៊ី ចប់គ្នា»។ លោក សារិន សំណាងធ្វើសេចក្តីរាយណ៍…
សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២នេះ បានបន្តសវនាការរឿងក្ដីឯកឧត្ដម កឹម សុខា ទាក់ទងនឹងបទសន្ទិដ្ឋិភាពជាមួយបរទេស ដោយផ្តោតលើអង្គហេតុដែលនាំឱ្យមានការប្រទូសរ៉ាយ។ វីដេអូភស្តុតាងដាក់បន្ទុក ២ ខ្សែ ដែលស្នើរដោយតំណាងអយ្យការ និងវីដេអូភស្តុតាងដោះបន្ទុក ១ ខ្សែ ស្នើដោយឯកឧត្តម កឹម សុខា ត្រូវបានតុលាការចាក់បញ្ចាំងអំឡុងសវនាការលើកទី៤៥ របស់ខ្លួន។
ក្នុងវីដេអូទាំង ២ ខ្សែដែលស្នើដោយតំណាងអយ្យការ គឺលោក ឆាយ ហុង នោះ បានបង្ហាញពីបាតុករកំពុងកំទេចរថយន្ត ១ គ្រឿង និងវីដេអូ ១ ខ្សែទៀត បង្ហាញបាតុករកំពុងដុតកង់រថយន្ត នៅតាមផ្លូវក្នុងសង្កាត់ស្ទឹងមានជ័យ កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៣។
លោក ឆាយ ហុង បានតាំងសំណួរមួយចំនួនទៅឯកឧត្តម កឹម សុខា ក្នុងចំណោមនោះមាន៖ តើជនជាប់ចោទនៅចាំទេថា បាតុកម្មកើតឡើងនៅទីណា, នៅកន្លែងណា? តើជនជាប់ចោទទួលស្គាល់ទេថា វាជាអំពើហិង្សាឬទេ?
ឆ្លើយតបទៅសំណួរដាក់បន្ទុករបស់តំណាងអយ្យការរូបនោះ, ឯកឧត្តម កឹម សុខា បានគូសបញ្ជាក់ថា បាតុកម្មដែលបានកើតឡើងនៅក្រៅពីលានប្រជាធិបតេយ្យ គឺឯកឧត្តមមិនគ្រំទ្រទេ ហើយថា វាមិនបានស្ថិតនៅក្រោមការគ្រប់គ្រង់របស់ឯកឧត្ដមទេ។ ជនជាប់ចោទបានបន្តថា បាតុកម្មដោយសន្តិវិធីរបស់អតីតគណបក្សសង្គោះជាតិនៅទីលានប្រជាធិប្បតេយ្យកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៣ ដោយមានការជូនដំណឹងទៅសាលារាជធានីភ្នំពេញ និងដោយមានការសហការជាមួយអាជ្ញាធរក្រុងកាលនោះតែមួយគត់ ដែលឯកឧត្តមទទួលស្គាល់ និងគាំទ្រ។
ឯកឧត្តម កឹម សុខា បានស្នើលោកចៅក្រម កូយ សៅ សុំចាក់វីដេអូ ១ ខ្សែ ដែលបានបង្ហាញឱ្យឃើញពីការណែនាំមួយចំនួនទៅកាន់បាតុករ អំពីការធ្វើបាតុកម្មដោយសន្តិវិធី និងប្រកបដោយក្រមសីលធម៌។ ការណែនាំទាំងនោះមានជាអាទិ៍ បាតុករមិនត្រូវប្រព្រឹត្តអំពើហិង្សា, បាតុករមិនត្រូវមានអាវុធដូចជាកាំភ្លើង កំាបិតក្នុងដៃ, ហើយបាតុករត្រូវមានការអត់ធ្មត់ជាដើម។
តំណាងអយ្យការម្នាក់ទៀតគឺ លោក ផ្លង់ សុផល បានកត់សំគាល់ទៅនឹងការគូសបញ្ជាក់របស់ឯកឧត្តម កឹម សុខា និងក្រមសីលធម៌ដែលមានក្នុងភស្តុតាងវីដេអូដោះបន្ទុកនោះថា កានិយាយជារឿងមួយ ប៉ុន្តែការធ្វើបានប្រាសចាក់ពីក្រមសីលធម៌ទៅហើយ។ លោក ផ្លង់ សុផល បន្ថែមថា បាតុកម្មរបស់អតីតគណបក្សសង្គ្រោះជាតិនៅទីលានប្រជាធិប្បតេយ្យ នៅឆ្នាំ២០១៣ ជាបាតុកម្មខុសច្បាប់ព្រោះធ្វើទាំងយប់ និងថា ឯកឧត្តម កឹម សុខា ខកខាន មិនបង្ហាញភស្តុតាងតាមផ្លូវច្បាប់ថា អាជ្ញាធរបានអនុញាតឱ្យធ្វើបាតុកម្ម។ តំណាងអយ្យការរូបនេះថា៖ «គ្រាន់តែថា មិនបានបង្ហាញ។»
ក្រៅពីនេះ ប្រធានក្រុមប្រឹក្សាជំនុំជំរះ លោកចៅក្រម កូយ សៅ នៅព្រឹកថ្ងៃពុធនេះ បាននិយាយថា កន្លងមកអ្នកសារព័ត៌មានខ្លះ បានចូលថតសំឡេងយកទៅផ្សាយជាសាធារណៈ និងថា នេះជាអំពើល្មើស នឹងវិធានផ្ទៃក្នុងរបស់តុលការ។
ក្នុងសវនាការលើទី ៤៤ របស់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២, ឯកឧត្តម កឹម សុខា បានថ្លែងសារនយោបាយទៅកាន់តុលាការ និងអ្នកចូលរួមស្ដាប់ ដែលមានតំណាងស្ថានទូតបរទេស ក្រុមអង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មានថា៖ «ចប់ហើយ កឹម សុខា និងសម រង្ស៊ី (…) អត់មាន សម រង្ស៊ី កឹម សុខា ទៀតទេ»។ សារជាសំឡេងចេញពីសវនាការនេះត្រូវបានចុះផ្សាយព្រោងព្រាត។
លោកចៅក្រមបាននិយាបបន្ថែមទៀតថា សវនាការនេះគឺបើកសម្រាប់សាធារណៈជន អាចចូរស្តាប់បានគ្រាប់គ្នា ហើយអ្នកសារព័ត៌មានអាចយកសម្រង់សំដីទៅចុះផ្សាយបាន។
លោកចៅក្រម កូយ សៅ ដាក់ការទទួលខុសត្រូវចំពោះការបែកធា្លយសំឡេងរបស់លោក កឹម សុខា កាលពីសប្ដាហ៍មុន ទៅលើផ្នែករដ្ឋបាល និងមន្ត្រីសន្តិសុខ ប្រចាំនៅតុលាការ។
ប្រធានក្រុមប្រឹក្សាជំនុំជំរៈរូបនេះ បានព្រមានថានឹងចាត់វិធានការទប់ស្កាត់ចំពោះស្ថាប័នសារព័ត៌មាន ឬអ្នកសារព័ត៌មានណា ដែលរំលោភវិធានផ្ទៃក្នុងរបស់តុលាការ ដោយដាក់ឈ្មោះស្ថាប័ន ឬអ្នកសារព័ត៌មាននោះក្នុងបញ្ជីខ្មៅ៕