en     km
en     km

សមត្ថកិច្ចខេត្តសៀមរាបនាំខ្លួនមន្ត្រីប៉ូលីសប្រើហិង្សាលើកុមារីមកសាកសួរ

Share

ភ្នំពេញ ៖ ជនសង្ស័យជាមន្ត្រីនគរបាលមួយរូបឈ្មោះ លក្ខិណា វីរៈរិទ្ធ មានឋានៈនិងតួនាទីជា ព្រិន្ទបាលទោឋានៈនាយរងផ្នែកគ្រប់គ្រងសហគ្រាស គ្រឹះស្ថាន និងកម្លាំងភ្នាក់ងាររសន្តិសុខឯកជន ត្រូវបានសមត្ថកិច្ចស្នងការនគរបាលខេត្តសៀមរាបនាំខ្លួនមកសាកសួរនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ បន្ទាប់ពីជនសង្ស័យបានប្រើហិង្សាលើកុមារីត្រូវជាកូនស្រីរបស់ប្តីមុនជាមួយប្រពន្ធ។

លោកស្រី ឌួង ថាវរី ស្នងការរងទទួលការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តសៀមរាបនិងជាអ្នកដឹកនាំកម្លាំងផ្ទាល់ទៅនាំខ្លួនជនសង្ស័យដែលកំពុងហ្វឹកហ្វឺននៅសាលានគរបាលមិត្តភាព កម្ពុជា-វៀតណាម ខេត្តកំពង់ស្ពឺប្រាប់វិទ្យុស្រ្តីថា ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានបង្កឱ្យកុមារីជាកូនរបស់ប្រពន្ធនិងប្តីមុនមានរបួសមែន។ ប៉ុន្តែបើតាមចម្លើយសារភាពរបស់ជនបង្កហេតុបានប្រកែកចំពោះមុខសមត្ថកិច្ចថា ការបង្កឱ្យមានរបួសនេះ គឺមកពីជនសង្ស័យក្រឺតនិងក្នាញ់នឹងក្មេងស្រីពេក។ 

តាមការបញ្ជាក់បន្ថែមពីលោកស្រី ឌួង ថាវរី ជនបង្កហេតុនឹងត្រូវបញ្ចូនខ្លួនទៅតុលាការខេត្តសៀមរាបនៅថ្ងៃស្អែកនេះ ក្រោមការចោទប្រកាន់ចោទពីបទ«អំពើហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ឬ អនីតិសង្វាសជន»តាមមាត្រា២២២ នៃក្រមព្រហ្មទណ្ឌ។ តាមរយៈបទចោទនេះ ជនបង្កហេតុអាចប្រឈមមុខជាប់ពន្ធនាគារពី ២ឆ្នាំដល់ ៥ឆ្នាំនិងពិន័យជាប្រាក់រហូតដល់ដប់លានរៀល បើសិនរកឃើញពិតដូចការចោទប្រកាន់មែននោះ។

ដោយឡែកតាមការឱ្យដឹងពីអ្នកស្រី តាន់ សុខហ្គិច ត្រូវជាម្តាយក្មេងស្រីរងគ្រោះនិងជាប្រពន្ធមន្រ្តីប៉ូលីសបង្កហេតុប្រាប់ឱ្យដឹងថា បុរសជាប្តីបានប្រើហិង្សាបែបនេះច្រើនលើកច្រើនសារមកហើយលើកូនស្រីដែលទើបមានអាយុត្រឹម១៣ខែ។ តាមរូបភាពដែលម្តាយក្មេងស្រីបានបង្ហោះលើទំព័រហ្វេស ឃើញមានស្លាកស្នាមជាំខ្លាំងត្រង់ថ្ពល់ ត្រង់ចង្ការ និងក្បាលពោះ។ ក្នុងនោះមានស្នាមជាំត្រង់ដើមដៃក្បែរក្លៀកដូចស្នាមធ្មេញខាំ និងមានដាច់រលាត់លើស្លឹកត្រចៀក ព្រមទាំងស្នាមជាំត្រង់ម្រាមដៃនាងខាងឆ្វេងផងដែរ។ បច្ចុប្បន្នក្មេងស្រីរងគ្រោះត្រូវបានត្រឡប់មកផ្ទះវិញហើយ បន្ទាប់ពីសម្រាកព្យាបាលមួយរយៈនៅមន្ទីរពេទ្យគន្ធបុផ្ផាខេត្តសៀមរាប៕

Share

Image
Image
Image