ស្ថាប័នស្រាវជ្រាវអន្ដរជាតិ សាលាបារាំងចុងបូព៌ា បានប្រគល់បុរាណវត្ថុចំនួន១៤៦កេសជូនអាជ្ញាធរជាតិអប្សរា ដើម្បីតម្កល់ទុកជាឯកសារ និងស្នើសុំអាជ្ញាធរសិក្សាពីវត្ថុសិល្បៈទាំងនោះបន្ថែមទៀត។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
បុរាណវត្ថុចំនួន១៤៦ កេស ត្រូវបានសាលាបារាំងចុងបូព៌ា ប្រគល់ជូនអាជ្ញាធរជាតិអប្សរា ដើម្បីតម្កល់ទុកជាឯកសារ និងរក្សាទុក។ ផ្អែកតាមអាជ្ញាធរជាតិអប្សារា បានបញ្ជាក់ថា បុរាណវត្ថុមានចំនួន១៤៦កេស កំណាត់សរសរឈើ ចំនួន១១ដើម និងសិលាចារឹក១ផ្ទាំង តាមរយៈមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ។
បើតាមអាជ្ញាធរ បុរាណវត្ថុទាំងអស់ បានរកឃើញក្នុងពេលធ្វើកំណាយស្រាវជ្រាវក្នុងឆ្នាំ២០១២ ដល់ឆ្នាំ២០១៧ និងក្នុងអំឡុងពេលជួសជុលប្រាសាទមេបុណ្យខាងលិច។
អនុប្រធានមជ្ឈមណ្ឌលអន្ដរជាតិស្រាវជ្រាវ និងតម្កល់ទុកឯកសារអង្គរ លោក ទិន ទីណា បានលើកឡើងថា នេះមិនមែនជាលើកទី១ ដែលសាលាបារាំចុងបូព៌ា ប្រគល់បុរាណវត្ថុដល់អាជ្ញាធរជាតិអប្សរា គ្រាន់តែលើកនេះ មានចំនួនច្រើនជាងរាល់ដង។ យ៉ាងណាលោកបានបន្ថែមថា ក៏មានស្ថាប័នផ្សេងទៀតបានប្រគល់វត្ថុបុរាណជូនដល់អាជ្ញាធរជាតិអប្សរាដូចគ្នា ក្រោយពីរកឃើញក្នុងពេលជួសជុល និងស្រាវជ្រាវក្នុងរមណីយដ្ឋានអង្គរ។
តាមប្រភពអាជ្ញាធរជាតិអប្សរា បុរាណវត្ថុដែលសាលាបារាំងចុងបូព៌ាប្រគល់ជូនមជ្ឈមណ្ឌលអន្ដរជាតិស្រាវជ្រាវ និងតម្កល់ទុក ភាគច្រើនជាបំណែកភាជន៍ មានស្រទាប់រលោង និងពុំមាន ស្រទាប់រលោង វត្ថុសំណាក ដីសម្រាប់វិភាគ បំណែកចម្លាក់ថ្មភក់ និងថ្មភក់បំណែកលោកហៈធាតុ ដែក ស្ពាន់ លង្ហិន ជាពិសេស គឺព្រះពុទ្ធរូបធ្វើពីក្រមួនចំនួន១អង្គ ដាក់ក្នុងឆ្នាំងដីធំមួយជាមួយអំបោះឆៅបញ្ចុះក្នុងដី។
លោក ទិន ទីណា បានបញ្ជាក់ពីគោលបំណងនៃការប្រគល់ជូនបុរាណវត្ថុពីសំណាក់សាលាបារាំងចុងបូព៌ាថា ជាទូទៅស្ថាប័នអន្តរជាតិទាំងអស់ ដែលកំពុងបំពេញការងារជួសជុលប្រាសាទ និងសិក្សាស្រាវជ្រាវ នៅតំបន់អង្គរតែងប្រគល់បុរាណវត្ថុដែលរកឃើញជូនមកអាជ្ញាធរជាតិអប្សរាក្រោយពេលសិក្សារួច។ លោកបន្ថែមថា ក្នុងករណីស្ថាប័នអន្តរជាតិដែលបានប្រគល់វត្ថុបុរាណទាំងនោះមានបំណងមកសិក្សាពីវត្ថុសិល្បៈទាំងនោះបន្ថែមទៀត គឺអាជ្ញាធរតែងតែអនុញ្ញាតតាមការស្នើសុំ។
គួរបញ្ជាក់ផងដែរថា ក្នុងការធ្វើកំណាយ ប្រាសាទមេបុណ្យខាងលិច គឺជាប្រាសាទមួយកសាងឡើងនៅពាក់កណ្តាលសតវត្សទី១១ ដោយព្រះបាទឧទយាទិត្យវរ្ម័នទី២ ចន្លោះឆ្នាំ១០៤៩-១០៦៦ នៅលើកោះតូចមួយកណ្តាលបារាយណ៍ទឹកថ្លាដើម្បីឧទ្ទិសថ្វាយព្រះនរាយណ៍៕