en     km
en     km

ទីក្រុងសៀងហៃស្នើសុំការអត់ធ្មត់ពីប្រជាជនចំពោះការបិទខ្ទប់ដើម្បីបង្ការការឆ្លងកូវីដ-១៩

Share

អាជ្ញាធរទីក្រុងសៀងហៃនៃប្រទេសចិននៅថ្ងៃព្រហស្បតិ៍នេះ បានអំពាវនាវឱ្យអ្នកក្រុងបន្តសហការជាមួយវិធានបិទខ្ទប់ដែលត្រូវបានដាក់ចេញដើម្បីបញ្ឈប់ការរីករាលដាលរបស់កូវីដ-១៩នៅក្នុងទីក្រុងដែលមានប្រជាជនជាច្រើនរអ៊ូរទាំអំពីវិធានការដ៏តឹងរ៉ឹងនោះ។

លោក ឯម មាឃ ជូនសេចក្ដីរាយការណ៍ ដោយផ្អែកតាមទីភ្នាក់ងារសារព័ត៌មានរើយធើ …

 

 

អាជ្ញាធរទីក្រុងសៀងហៃនៃប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ បានអំពាវនាវឱ្យអ្នកក្រុងបន្តសហការជាមួយវិធានការរឹតត្បិតដែលត្រូវបានដាក់ចេញដើម្បីបញ្ឈប់ការរីករាលដាលរបស់កូវីដ-១៩នៅក្នុងទីក្រុងដែលមានប្រជាជនច្រើនបំផុតក្នុងប្រទេសចិននោះ។ អាជ្ញាធរនិយាយថាខ្លួនទទួលស្គាល់ការខកចិត្តរបស់ប្រជាពលរដ្ឋ ស្របពេលដែលទីក្រុងនេះបានឈានចូលដល់ថ្ងៃទីបួនក្នុងការអនុវត្តវិធានការបិទខ្ទប់ពីរដំណាក់កាល។

ទីក្រុងសៀងហៃមានប្រជាជន២៦លាននាក់រស់នៅ។ ការសុំឱ្យប្រជាជនរក្សាភាពអត់ធ្មត់ បានកើតឡើងនៅពេលដែលមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះរបស់ប្រទេសចិន បាននិយាយថា ករណីសរុបនៃការឆ្លងកូវីដ-១៩ ប្រចាំថ្ងៃ បានថយចុះជាលើកដំបូង គិតក្នុងរយៈពេលប្រហែលពីរសប្តាហ៍ចុងក្រោយ បន្ទាប់ពីមានការផ្ទុះឡើងកាលពីប្រហែលមួយខែមុន។

អាជ្ញាធរបានរាយការណ៍ថា កាលពីថ្ងៃពុធ ទីក្រុងសៀងហៃបានរកឃើញការឆ្លងថ្មីមិនទាន់ចេញរោគសញ្ញាចំនួន ៥២៩៨ករណី និងការឆ្លងថ្មីចេញរោគសញ្ញាចំនួន៣៥៥ករណី។ ចំនួននេះទាបជាងករណីឆ្លងដែលរកឃើញក្នុងថ្ងៃអង្គារ ដែលមានការឆ្លងថ្មីមិនចេញរោគសញ្ញាចំនួន៥៦៥៦ករណី និងការឆ្លងថ្មីចេញរោគសញ្ញាចំនួន៣២៦ករណី។ ករណីឆ្លងកូវីដ-១៩នៅទីក្រុងសៀងហៃមានចំនួនជិតស្មើនឹង៨០ភាគរយនៃករណីឆ្លងថ្មីមិនចេញរោគសញ្ញា និងប្រហែល២០ភាគរយនៃករណីឆ្លងថ្មីចេញរោគសញ្ញា ដែលត្រូវបានរាយការណ៍នៅទូទាំងប្រទេសចិនក្នុងថ្ងៃពុធ។

ទីក្រុងសៀងហៃកំពុងត្រូវបានបិទខ្ទប់ជាពីរដំណាក់កាល ដោយពុះចែកទីក្រុងជាពីរផ្នែកតាមដងទន្លេហ៊ួងភូ ពោលគឺមជ្ឈមណ្ឌលប្រវត្តិសាស្ត្រនៅភាគខាងលិចទន្លេម្ខាង និងម្ខាងទៀតគឺសង្កាត់ហិរញ្ញវត្ថុនិងឧស្សាហកម្មភូដុង នៅភាគខាងកើតទន្លេ។ អាជ្ញាធរនិយាយថា វិធានការនេះអនុញ្ញាតឱ្យមានការពិនិត្យសុខភាពរកកូវីដ-១៩ជាទ្រង់ទ្រាយធំ។

វិធានការបិទខ្ទប់ចលនាបំលាស់ទីរបស់អ្នកក្រុងនៅក្នុងបណ្ដាសង្កាត់ភាគខាងកើតទន្លេបានចាប់ផ្តើមកាលពីថ្ងៃចន្ទ ហើយត្រូវបានកំណត់ឱ្យដកចេញនៅថ្ងៃសុក្រ វេលាម៉ោង៥រសៀល ម៉ោងក្នុងស្រុក។ តំបន់ភាគខាងលិចទន្លេនឹងត្រូវបិទខ្ទប់នៅថ្ងៃសុក្រ ចាប់ពីម៉ោង៣រសៀល ទោះបីជាមានតំបន់លំនៅដ្ឋានមួយចំនួននៅផ្នែកនេះបានទទួលការណែនាំឱ្យអ្នកស្រុកស្នាក់នៅផ្ទះតាំងពីថ្ងៃពុធរួចហើយក៏ដោយ។

មនុស្សជាច្រើននៅទូទាំងទីក្រុងសៀងហៃបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីបង្ហាញការខកចិត្តរបស់ពួកគេអំឡុងពេលអនុវត្តវិធានការបិទខ្ទប់ ដោយបង្ហោះខ្សែវីដេអូនិងរូបភាពនៃមជ្ឈមណ្ឌលចត្តាឡីស័ក្កដែលពោរពេញដោយមនុស្សម្នាកកកុញ ហើយថែមទាំងអំពាវនាវរកជំនួយជាថ្នាំសង្កូវសម្រាប់ព្យាបាល និងជាម្ហូបអាហារផងដែរ។

អាជីវកម្មនៅក្នុងទីក្រុងសៀងហៃក៏ត្រូវបានផ្អាកផងដែរ។ ក្រុមហ៊ុនរថយន្ត វ៉ុលស្វាហ្គែន បាននិយាយថា ខ្លួននឹងបិទផលិតកម្មមួយផ្នែកនៅរោងចក្រក្នុងទីក្រុងនេះ ដោយសារពុំមានគ្រឿងបន្លាស់ពីអ្នកផ្គត់ផ្គង់។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន ស៊ីនហួ បាននិយាយនៅក្នុងបទអត្ថាធិប្បាយមួយកាលពីថ្ងៃពុធថា ទោះបីជាមានការខឹងសម្បារក្នុងចំណោមមនុស្សមួយចំនួននៅក្នុងទីក្រុងសៀងហៃ ដែលចោទសួរពីភាពអាចអនុវត្តបាននៃវិធានការណ៍នោះក៏ដោយ ក៏វិធីសាស្ត្រ«បោសសំអាតដ៏ស្វាហាប់»ដែលត្រូវបានអនុម័តដោយប្រទេសចិន នឹងមិនត្រូវបានបន្ធូរបន្ថយដែរ។ ស៊ីនហួបាននិយាយថា វិធីសាស្ត្រនេះគឺចាំបាច់ដើម្បីការពារអាយុជីវិតនិងសុខភាពរបស់ប្រជាជន៕

យោង៖ Shanghai urges COVID lockdown patience as case numbers drop for first time in 2 weeks | Reuters

 

Share

ព័ត៌មានទាក់ទង

Image