en     km
en     km

ភ្នំពេញនឹងមានការរៀបចំពិព័រណ៍វប្បធម៌ ទេសចរណ៍ និងកីឡារយៈពេល៥ថ្ងៃ

Share

ខណៈដែលកម្មវិធីកម្សាន្តនៅតាមបណ្ដាខេត្តនានាកំពុងត្រូវបានរៀបចំសម្រាប់អបអរបុណ្យឆ្នាំចូលឆ្នាំថ្មីនោះ ពិព័រណ៍វប្បធម៌ ទេសចរណ៍ និងកីឡា ក៏នឹងត្រូវប្រារព្ធឡើងផងដែរនៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៦-១០ ខែមេសា ឆ្នាំ២០២២ខាងមុខ ទោះបីមិនមានព្រឹត្តិការណ៍សង្ក្រាន្តដូចនៅបណ្ដាឆ្នាំកន្លងទៅនោះក៏ដោយ។នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍។

ក្រសួងបានបញ្ជាក់ថា ការរៀបចំកម្មវិធីពិព័រណ៍នេះគឺដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផង ផ្សព្វផ្សាយពីវប្បធម៌ប្រពៃណីខ្មែរ និងផលិតផលទេសចរណ៍ផង និងដើម្បីបង្ហាញនូវមុខមាត់របស់ពហុកីឡាដ្ឋានជាតិដ៏ធំមួយនេះផងដែរ ដែលមិនត្រឹមតែសម្រាប់រៀបចំព្រឹត្តិការណ៍កីឡាធំៗប៉ុណ្ណោះទេ តែក៏ជាទីតាំងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ វប្បធម៌ ទេសចរណ៍ ក៏ដូចជាកម្មវិធីកម្សាន្តនានាផងដែរ។

ផ្អែកតាមប្រភពខាងលើ កម្មវិធីនានានៅក្នុងពិព័រណ៍វប្បធម៌ ទេសចរណ៍ និងកីឡានេះ រួមមាន ការតាំងពិព័រណ៍ផលិតផល កម្មវិធីសម្ដែងរបាំប្រពៃណី កម្មវិធីលេងល្បែងប្រជាប្រិយខ្មែរចម្រុះ កម្មវិធីចម្រៀងនិងរាំលេងកម្សាន្តតាមចង្វាក់ប្រពៃណីខ្មែរ និងកម្មវិធីសម្ដែងសិល្បៈគុនខ្មែរ កម្មវិធីប្រឡងក្រុម Tik Tok និងកម្មវិធីប្រឡងចម្រៀង ការសម្ដែងរបាំឆៃយ៉ាំ និងរបាំគ្រុឌ កម្មវិធីប្រឡងបវរកញ្ញាមជ្ឈិមសម័យជាដើម ដែលនឹងប្រព្រឹត្តទៅតាមពេលវេលា និងម៉ោងផ្សេងៗគ្នាពេញក្នុងរយៈពេល៥ថ្ងៃ៕

 

Share

ព័ត៌មានទាក់ទង

Image