en     km
en     km

សាលាឧទ្ធរណ៍លើកពេលបើកសវនាការលើបណ្ដឹងឧទ្ធរណ៍របស់មន្ត្រីនិងអតីតមន្ត្រីសមាគមអាដហុក

Share

តុលាការសាលាឧទ្ធរណ៍នៅព្រឹកថ្ងៃសុក្រនេះបានសម្រេចលើកពេលបើកសវនាការជំនុំជម្រះបណ្ដឹងរបស់បុគ្គលិកនិងអតីតបុគ្គលិក ៥នាក់ របស់សមាគមអាដហុក ដោយសារមានសំណើសុំពីមេធាវីរបស់ដើមបណ្ដឹងម្នាក់ដែលមានទំនាក់ទំនងផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩។

លោក សារិន សំណាង ជូនសេចក្តីរាយការណ៌…

នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែមីនានេះ សាលាឧទ្ធរណ៍រាជធានីភ្នំពេញបានសម្រេចលើកពេលបើកសវនាការជំនុំជម្រះបណ្ដឹងរបស់មន្ត្រីនិងអតីតមន្ត្រីជាន់ខ្ពស់នៃសមាគមអាដហុក ចំនួន ៥ នាក់ ដែលមិនសុខចិត្តនឹងការសម្រេចរបស់សាលាដំបូង ដែលបានកាត់ទោសអ្នកការពារសិទ្ធិមនុស្សទាំងនេះ ពីបទសូកប៉ាន់សាក្សី។

ដើមបណ្ដឹងទាំង ៥ នាក់នោះ រួមមានលោក នី សុខា លោក យី សុខសាន្ត និងលោកស្រី លឹម មុន្នី ដែលជាមន្ត្រីជាន់ខ្ពស់នៃសមាគមអាដហុក ព្រមទាំងលោក ណៃ វ៉ង់ដា និងលោក នី ចរិយា ដែលជាអតីតមន្ត្រីជាន់ខ្ពស់នៃសមាគមនេះ។

លោក សំ សុគង់ មេធាវីរបស់លោក នី ចរិយា បានស្នើសុំទៅសាលាឧទ្ធរណ៍លើកពេលសវនាការជំនុំជម្រះបណ្ដឹងឧទ្ធរណ៍ ដោយលោកបញ្ជាក់ប្រាប់មូលហេតុថា រូបលោកមានបញ្ហាសុខភាព បន្ទាប់ពីបានទាក់ទងផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង។

នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព ដែលបានទៅដល់សាលាឧទ្ធរណ៍កាលព្រឹកមិញ បានគូសបញ្ជាក់ថា៖ «ក្នុងនាមយើងអង្គការសង្គមស៊ីវិលដែលជាអ្នកធ្វើការការពារសិទ្ធិមនុស្ស យើងសង្ឃឹមថា ដំណើរការជំនុំជំរះប្រព្រឹត្តទៅដូចការគ្រោងទុក។»

លោកស្រីបន្ថែមទៀតថា ធម្មតាក្នុងករណីព្រហ្មទណ្ឌ ជនជាប់ចោទត្រូវមានមេធាវីជាដាច់ខាត នេះជាសិទិ្ធទទួលបានការជំនុំជំរះក្តីដោយយុត្តិធម៌។

លោកស្រី លឹម មុនី ជាស្ត្រីតែម្នាក់គត់ ក្នុងចំណោមមន្ត្រីនិងអតីតមន្ត្រីអាដហុក ដែលសាលាដំបូងរាជធានីភ្នំពេញសម្រេចឱ្យជាប់ទោស ហើយបានអនុវត្តទោសក្នុងពន្ធធាគារ ១៤ ខែ។ នៅមុខអាគារសាលាឧទ្ធរណ៍​ លោកស្រីបានថ្លែងថា៖ «ខ្ញុំត្រៀមខ្លួនតាំងម៉ោង៥ព្រឹក។»  លោកស្រីបន្ថែមទៀតថា ការពន្យាពេលរបស់តុលាការគឺវាបន្ត«ការប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្លូរ»របស់លោកស្រី។

សវនាការជំនុំជម្រះបណ្ដឹងឧទ្ធរណ៍រឿងក្ដីក្នុងបទសូកប៉ាន់សាក្សីនិងផ្សំគំនិតសូកប៉ាក់សាក្សី ពាក់ព័ន្ធនឹងតួអង្គអ្នកនាង ខុម ចាន់តារាទី ហៅស្រីម៉ុម ដែលគេស្គាល់ក្នុងឆ្នាំ២០១៦ថាជាស្រីកំណាន់លួចលាក់របស់ឯកឧត្ដម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិនាគ្រានោះ។

កាល​ពី​ថ្ងៃ​ទី ​២៣ ​ខែ​តុ​លា ​ឆ្នាំ​២០១៨​ អ្នក​ទាំង ​៥ ​រូប​ បាន​ដាក់​ពាក្យ​បណ្តឹង​ឧទ្ធរណ៍​ដោយ​មិន​សុខ​ចិត្ត​ទៅ​នឹង​សាល​ក្រម​ព្រហ្ម​ទណ្ឌ ​ចុះ​ថ្ងៃ​ទី​២៦​ ខែ​កញ្ញា ​ឆ្នាំ​២០១៨​ របស់​សា​លា​ដំ​បូង​រាជ​ធានី​ភ្នំពេញ​ ដែល​បាន​សម្រេច​ផ្តន្ទា​ទោស​ពួក​គេ​ដាក់​ពន្ធ​នា​គារ​ម្នាក់ៗ​កំ​ណត់ ៥ ​ឆ្នាំ​ ដោយ​ត្រូវ​អនុ​វត្ត​ក្នុង​ពន្ធ​នា​គារ​រយៈ​ពេល​ ១៤ ខែ ​និង​សល់​ប៉ុន្មាន​ព្យួរ​ ពី​បទ ​«សូក​ប៉ាន់​សា​ក្សី»​ ហើយ​ដែល​ពួក​គេ​យល់​ថា ​ការ​សម្រេច​នេះ​មិន​ផ្តល់​ភាព​យុត្តិ​ធម៌ និង​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សិទ្ធិ​ សេរី​ភាព​ ព្រម​ទាំង​កិតិ្ត​យស​របស់​ពួក​គេ​យ៉ាង​ខ្លាំង​ទៀត​ផង​។ អ្នក​ទាំង ៥ រូប ​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​អង្គ​ភាព​ប្រ​ឆាំង​អំពើ​ពុករ​លួយ​កាល​ពី​ថ្ងៃ​ទី​ ២៧​ ខែ​មេ​សា​ ឆ្នាំ​២០១៦​ ពី​បទ​«សូក​ប៉ាន់​សាក្សី​» តាម​មាត្រា​ ៥៤៨​ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធ​នា​គា​ព្រៃ​សម១​ នៅ​ថ្ងៃ​ទី​ ០១​ ខែ​ឧសភា​ ឆ្នាំ​២០១៦​ រហូត​ដល់​ថ្ងៃ​ទី ​២៩​ ខែ​មិ​ថុ​នា ​ឆ្នាំ​២០១៧​៕

Share

ព័ត៌មានទាក់ទង

Image