en     km
en     km

ស្ត្រីជាច្រើននៅប្រទេសចិនប្រឈមមុខនឹងអំពើហិង្សាក្នុងគ្រួសារ

Share

មានការលើកឡើងថា នៅក្នុងប្រទេសចិន អាចមានស្រ្តីម្នាក់ក្នុងចំណោម ៤ នាក់ បានស៊ូទ្រាំរស់ក្រោមការបំពារបំពានក្នុងគ្រួសារ ហើយថា នៅរៀងរាល់ ៧,៤ វិនាទីម្ដង ស្ត្រីម្នាក់នៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុតនេះ ប្រឈមមុខនឹងអំពើហិង្សាក្នុងគ្រួសារ។ អាជ្ញាធរចិនបានព្យាយាមដោះស្រាយបញ្ហានេះ ប៉ុន្តែមិនទាន់មានប្រសិទ្ធភាពនៅឡើយ។

កញ្ញា គុជ ស៊ីកុល ជូនសេក្ដីរាយការណ៍ ដោយផ្អែកតាមទីភ្នាក់ងារសារព័ត៌មានស៊ីអិនអេ …

 

 

មានការលើកឡើងថា នៅក្នុងប្រទេសចិន អាចមានស្រ្តីម្នាក់ក្នុងចំណោម ៤ នាក់ បានស៊ូទ្រាំរស់ក្រោមការបំពារបំពានក្នុងគ្រួសារ។  នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន ឆានែលញូស៍អាស៊ី (ស៊ីអិនអេ/CNA) ដែលប្រាប់បន្ថែមដោយផ្អែកតាមសហព័ន្ធស្ត្រីទូទាំងប្រទេសចិនថា រៀងរាល់ ៧,៤ វិនាទីម្ដង ស្ត្រីម្នាក់នៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុតនៅក្នុងពិភពលោកនេះ ប្រឈមមុខនឹងអំពើហិង្សាក្នុងគ្រួសារ។

ស៊ីអិនអេ និទានថា អ្នកស្រី យ៉ាង ស៊ី ​បានរងទុក្ខវេទនាដោយសារការវាយដំច្រំធាក់អស់រយៈពេល ៦ ឆ្នាំមកហើយ។ ប្តីរបស់អ្នកស្រីបានបង្ខំឱ្យអ្នកស្រីសម្លាប់ខ្លួន ដោយគំរាមកាប់សម្លាប់គ្រួសាររបស់អ្នកស្រី រួមទាំងកូនអ្នកស្រីផង បើអ្នកស្រីមិនព្រមចងកសម្លាប់ខ្លួនឯងទេ។ ដោយមិនអាចទ្រាំនឹងអំពើវាយដំរាប់ឆ្នាំ លើរូបអ្នកស្រី ម្ដាយ និងកូនរបស់ខ្លួន តទៅទៀតបាន អ្នកស្រី យ៉ាង ស៊ី ក៏បានដាច់ចិត្តសម្លាប់ប្តីរបស់ខ្លួននឹងពូថៅដែលប្ដីរបស់អ្នកស្រីយកមកគំរាមសម្លាប់អ្នកស្រីតែម្ដង។

ស្ត្រីដែលបច្ចុប្បន្នមានអាយុ ៤១ ឆ្នាំរូបនោះ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១២ ឆ្នាំ ហើយបានអនុវត្តទោសនេះរយៈពេល ៨ ឆ្នាំ មុនពេលត្រូវបានដោះលែង។ យោងតាមទីភ្នាក់ងារសារព័ត៌មាន ស៊ីអិនអេ ដដែល ពេលរស់នៅក្នុងគុក អ្នកស្រីបានជួបអ្នកទោសស្រីផ្សេងៗទៀត ដែលត្រូវបានគេវាយធ្វើបាបស្រដៀងៗគ្នាជាច្រើននាក់។

ស៊ីអិនអេ រាយការណ៍ថា សង្គមចិននៅរក្សាប្រពៃណីដែលផ្តល់តម្លៃខ្ពស់ចំពោះភាពសុខដុមនៅក្នុងគ្រួសារ ដែលមានដើមកំណើតនៅក្នុងទស្សនវិជ្ជាបិតាធិបតេយ្យកុងហ្វូ ហើយទីភ្នាក់ងារសារព័ត៌មាននេះ ដោយផ្អែកតាមប្រធានក្រុមមេធាវីជំនាញកិច្ចការអាពាហ៍ពិពាហ៍និងគ្រួសារនៅក្រុមហ៊ុនច្បាប់មួយ ឱ្យដឹងថា នៅក្នុងតំបន់ខ្លះនៃប្រទេសចិន ការវាយប្រពន្ធគឺជានិមិត្តរូបនៃ«អំណាចជាបុរស»។

អ្នកធ្វើការស្ម័គចិត្តប្រឆាំងនឹងអំពើហិង្សាក្នុងគ្រួសារ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន ស៊ីអ៊ិនអេ ថា មានស្ត្រីចិនជាច្រើនរងអំពើហិង្សាលើសពី ៣០ ដងឯណោះ ទម្រាំងពួកគេសុំឱ្យគេជួយ ឬទៅរាយការណ៍ប្រាប់នគរបាល។ ស៊ីអិនអេ លើកឡើងថា ស្ត្រីរងគ្រោះខ្លះ ក៏មិនទទួលបានសេរីភាពដែរ គឺនៅតែមានការតាមធ្វើទុកបុកម្នេញជាបន្តទៀត សូម្បីតែនៅពេលដែលពួកគេបានចាកចេញ ឬបានលែងលះគ្នារួចហើយក្ដី។

ទីភ្នាក់ងារសារព័ត៌មាន ស៊ីអិនអេ កត់សម្គាល់ឃើញថា ទោះបីជាចំនួនជនរងគ្រោះនៅតាមតំបន់ជនបទនៃប្រទេសចិនមានអត្រាខ្ពស់ក៏ដោយ ក៏អំពើហិង្សាក្នុងគ្រួសារមានវត្តមានច្រើននៅតាមទីក្រុងដែរ។ ស៊ីអិនអេ បានយករឿងរបស់ស្ត្រីម្នាក់ទៀតនៅទីក្រុងសៀងហៃ មកនិទានប្រាប់ថា ស្ត្រីនោះដែលជាសហគ្រិនជោគជ័យ បានប្រាប់កម្មវិធីទូរទស្សន៍ អាន់ឌើខៅវើ អាស៊ី  របស់ ស៊ីអិនអេ ថា បុរសម្នាក់ដែលចេះយកចិត្តទុកដាក់នឹងអ្នកស្រីនៅក្នុងឆ្នាំ ២០១៩ បានប្រែក្លាយជាបុរសកំណាចម្នាក់យ៉ាងឆាប់រហ័សទៅវិញ។

ស្ត្រីដែល ស៊ីអិនអេ ដាក់ឈ្មោះឱ្យថា វ៉េ ឡា រូបនោះ បានរៀបរាប់ថា គ្រាន់តែអ្នកស្រីមកជួបបុរសសំណព្វចិត្តរបស់គាត់យឺតតែប៉ុន្មាននាទីសោះ សេចក្ដីសង្ស័យរបស់បុរសពូកែយល់ចិត្តនោះបានប្រែជាហិង្សាភ្លាមៗ ដោយអ្នកប្រព្រឹត្តបានវាតតប់ក្បាលរបស់អ្នកស្រី ទាត់ពោះអ្នកស្រី ហើយអង្គុយសង្កត់លើអ្នកស្រីថែមទៀត។

ទីភ្នាក់ងារសារព័ត៌មាន ស៊ីអិនអេ បានកត់ត្រាឃើញថា មានស្ត្រីចិនប្រហែល ១សែន ៥ម៉ឺន ៧ពាន់នាក់ បានធ្វើអត្តឃាត ក្នុងមួយឆ្នាំៗ ហើយបើតាម ស៊ីអិនអេ ដដែល នៅក្នុងឆ្នាំ ២០១៦ សហព័ន្ធស្ត្រីទូទាំងប្រទេសចិន ដែលជាអង្គការស្ត្រីដ៏ធំបំផុតនៅក្នុងប្រទេសចិន បានសិក្សាឃើញថា ៦០ ភាគរយនៃករណីសម្លាប់ខ្លួនរបស់ស្ត្រីចិន គឺមានជាប់ពាក់ព័ន្ធនឹងអំពើហិង្សាក្នុងគ្រួសារ។

បើតាមទីភ្នាក់ងារសារព័ត៌មាន ឆានែលញូស៍អាស៊ី អាជ្ញាធរចិនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានចាត់វិធានការជាច្រើន ដើម្បីដោះស្រាយអំពើហិង្សាក្នុងគ្រួសារ ប៉ុន្តែសកម្មជននានាដែលធ្វើការលើរឿងនេះបានអះអាងថា កង្វះខាតនៅតែមាន។ អាជ្ញាធរចិន បើតាមប្រភពដដែល ថែមទាំងបានគូសបញ្ជាក់លើតួនាទីរបស់បុរសក្នុងការធានាថា ទំនៀមទម្លាប់និងផ្តត់គំនិតដែលបង្កគ្រោះថ្នាក់ក្នុងគ្រួសារ មិនឆ្លងបន្តទៅដល់កូនចៅជំនាន់ក្រោយៗទៀត៕

យោង: https://www.channelnewsasia.com/cnainsider/every-7-4-seconds-women-china-face-domestic-violence-patriarchy-1938081

Share

Image
Image
Image