en     km
en     km

កូដករនៅក្រុមហ៊ុនណាហ្គាវើលដ៍បន្តការតវ៉ានិងការទាមទាររកដំណោះស្រាយវិវាទការងារ

Share

នៅថ្ងៃពុធនេះ កូដករនៅក្រុមហ៊ុនណាហ្គាវើលដ៍នៅតែបន្តការតវ៉ានិងស្រែកទាមទាររកដំណោះស្រាយវិវាទការងាររបស់ពួកគេជាមួយម្ចាស់ក្រុមហ៊ុន ខណៈដែលស្ថាប័នរដ្ឋដែលពាក់ព័ន្ធព្យាយាមរកដំណោះស្រាយឱ្យពួកគេជាបន្តទៀតនៅរសៀលថ្ងៃពុធនេះ។

លោក ឯម មាឃ ជូនសេចក្ដីរាយការណ៍ …

 

 

នៅថ្ងៃពុធនេះ កូដករនៅក្រុមហ៊ុនណាហ្គាវើលដ៍នៅតែបន្តការតវ៉ា និងស្រែកទាមទាររកដំណោះស្រាយវិវាទការងាររបស់ពួកគេជាមួយម្ចាស់ក្រុមហ៊ុន បន្ទាប់ពីតំណាងរបស់ពួកគេចំនួន ៨ នាក់ ក្នុងចំណោម ១១ នាក់ ត្រូវបានតុលាការសម្រេចដាក់ឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្នកាលពីថ្ងៃចន្ទ។

សូមបញ្ជាក់ថា កន្លងទៅ អង្គការសង្គមស៊ីវិលដែលការពារសិទ្ធិមនុស្សនៅកម្ពុជា បានធ្វើយុទ្ធនាការទាមទារឱ្យដោះលែងតំណាងកូដករទាំងនោះរហូតដល់ថ្ងៃទី៧៤នៃការឃុំខ្លួនមេដឹកនាំសហជីពទាំងនោះ ដែលអាជ្ញាធរចោទថាបានប្រព្រឹត្តិល្មើសច្បាប់។

នៅរសៀលថ្ងៃពុធនេះ ដូចសព្វដងដែរ ការចេញធ្វើកូដកម្មរបស់បុគ្គលិកនិងអតីតបុគ្គលិកនៃក្រុមហ៊ុនកាស៊ីណូនេះ ប្រហែល ១០០ នាក់ ដែលភាគច្រើនជាស្ត្រី ត្រូវបានកងកម្លាំងសមត្ថកិច្ចរបស់សាលារាជធានីភ្នំពេញ មានខ្លះជាស្ត្រីផង កៀងបញ្ចូលរថយន្តក្រុងចំនួនពី ៥ ទៅ ៦ គ្រឿងភ្លាមៗ ហើយដឹកចេញពីបរិវេណខាងមុខអគារក្រុមហ៊ុនណាហ្គាវើលដ៍ទី១និងទី២តែម្ដង។ កូដករខ្លះបានខំប្រឹងស្រែកពីក្នុងរថយន្តក្រុង ទាមទាររកដំណោះស្រាយដែលពួកគេចង់បាន។

ក្រុមកូដករធ្លាប់បានទាមទារជាចម្បង គឺសុំឱ្យបញ្ចូលអ្នកដែលក្រុមហ៊ុនសម្រេចបញ្ឈប់រាប់រយនាក់ឱ្យបានធ្វើការវិញ រក្សាសហជីពបុគ្គលិកឱ្យបន្តគាំពារនិយោជិតនៅក្នុងក្រុមហ៊ុន និងដោះស្រាយសំណងសម្រាប់បុគ្គលិកដែលត្រូវបានបញ្ឈប់ឱ្យបានត្រូវ។

ភាគីកូដករបានចោទប្រកាន់ថ្នាក់ដឹកនាំនៃក្រុមហ៊ុនណាហ្គាវើលដ៍ថាមានបំណងបំបាត់សហជីពចេញពីក្រុមហ៊ុន ហើយក្រុមកូដករបានដាក់ញត្តិនៅតាមស្ថាប័នរដ្ឋជាច្រើន រួមទាំងរដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងការងារ និងក្រសួងកិច្ចការនារីផង ដើម្បីសុំអន្តរាគមន៍ដោះស្រាយបញ្ហារបស់ពួកគេ។

កាលពីថ្ងៃអង្គារម្សិលមិញ រាជរដ្ឋាភិបាលបានប្រកាសថា ខ្លួនបាននិងកំពុងព្យាយាមដោះស្រាយវិវាទការងារនៅក្នុងក្រុមហ៊ុននេះ ហើយថាការរារាំងកូដករមិនឱ្យប្រមូលផ្ដុំគ្នាតវ៉ារៀងរាល់ថ្ងៃបែបនេះគឺដើម្បីបងការការឆ្លងរាលដាលជំងឺកូវីដ-១៩។

រាជរដ្ឋាភិបាលបានឱ្យដឹងតាមរយៈសេចក្ដីថ្លែងការណ៍មួយ ដែលផ្សាយតាមទំព័រហ្វេសប៊ុកក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈថា វិបត្តិសុខភាពសាធារណៈបច្ចុប្បន្នបានបង្ខំឱ្យក្រុមហ៊ុនណាហ្គាលវើលដ៍កាត់បន្ថយបុគ្គលិកប្រហែល ២៥ ភាគរយ ឱ្យមកនៅត្រឹមប្រមាណជា ៦ ពាន់នាក់ ហើយក្នុងចំណោមអ្នកទាំងនោះ មាន ៤២ ភាគរយ ស្ថិតនៅជាសមាជិកសហជីព ប៉ុន្តែយោងតាមសេចក្ដីថ្លែងការណ៍របស់រាជរដ្ឋាភិបាលដដែល កម្មករនិយោជិតចំនួន ៣៧៣ នាក់ បានជំទាស់នឹងគម្រោងកាត់បន្ថយបុគ្គលិករបស់ក្រុមហ៊ុន ហើយបើគិតត្រឹមថ្ងៃអង្គារម្សិលមិញ មានអ្នកតវ៉ាចំនួន ១៥៣ នាក់ ក្នុងចំណោម ៣៧៣ នាក់នោះ បានយល់ព្រមទទួលយកការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុនហើយ។

សូមរម្លឹកដែរថា ការដោះលែងតំណាងសហជីពកម្មករនិយោជិតនៅក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន ៨ រូប កាលពីល្ងាចថ្ងៃចន្ទ គឺធ្វើឡើងតាមសំណើរបស់មេដឹកនាំសហជីពនិងសហការីទាំងនោះ ដើម្បីឱ្យពួកគេមានលទ្ធភាពចូលរួមចរចារកដំណោះស្រាយបញ្ហា។

យោងតាមសេចក្ដីថ្លែងការណ៍របស់រាជរដ្ឋភិបាលដដែល ស្ថាប័នពាក់ព័ន្ធបានកំពុងរៀបចំឱ្យតំណាងកម្មករនិយោជិត ៣ រូបទៀត ដែលស្ថិតនៅក្នុងឃុំនៅឡើយ បានស្ថិតនៅក្រៅឃុំជាបណ្ដោះអាសន្នតាមនីតិវិធីច្បាប់។

រាជរដ្ឋាភិបាលបានអះអាងដែរថា ស្ថាប័នពាក់ព័ន្ធបន្តសម្របសម្រួល ដើម្បីស្វែងរកដំណោះស្រាយវិវាទការងារសម្រាប់អ្នកនៅសេសសល់ចំនួន ២២០ នាក់ ដោយមានតំណាងមកពីភាគីកម្មករនិយោជិតនិងតំណាងមកពីភាគីក្រុមហ៊ុនណាហ្គាវើលដ៍ នារសៀល ថ្ងៃពុធ ទី ១៦ ខែមីនានេះ៕

Share

ព័ត៌មានទាក់ទង

Image