របាយការណ៍ដែលចេញផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ នៅទីក្រុងស្តុកខុល បានបង្ហាញកាលពីថ្ងៃចន្ទថា ប្រទេសនៅអាស៊ីមួយចំនួនកំពុងបង្កើនការទិញអាវុធ ខណៈដែលពួកគេកាន់តែមានការប្រុងប្រយ័ត្នចំពោះមហិច្ឆតាក្នុងតំបន់ដែលកំពុងកើនឡើងរបស់ប្រទេសចិន។
លោក ឯម មាឃ ជូនសេចក្ដីរាយករណ៍ ដោយផ្អែកតាមទីភ្នាក់ងារសារព័ត៌មានក្យូដូ …
របាយការណ៍ដែលចេញផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ នៅទីក្រុងស្តុកខុល បានបង្ហាញកាលពីថ្ងៃចន្ទថា ប្រទេសនៅអាស៊ីមួយចំនួនកំពុងបង្កើនការទិញអាវុធ ខណៈដែលពួកគេកាន់តែមានការប្រុងប្រយ័ត្នចំពោះមហិច្ឆតាក្នុងតំបន់ដែលកំពុងកើនឡើងរបស់ប្រទេសចិន។
របាយការណ៍នេះបានប្រៀបធៀបប្រតិបត្តិការទិញលក់ដឹកជញ្ជូនអាវុធនៅទូទាំងពិភពលោកសម្រាប់រយៈពេល ៥ ឆ្នាំ គិតដល់ឆ្នាំ ២០២១ ទៅនឹងរយៈពេល ៥ ឆ្នាំមុន គិតត្រឹមឆ្នាំ ២០១៦។ វាបានបង្ហាញថាក្នុងចំណោមប្រទេសនាំចូលអាវុធកំពូលទាំង ១០ មាន ៦ ប្រទេសនៅតំបន់អាស៊ីនិងតំបន់អូសេអានី។
របាយការណ៍បានកត់សម្គាល់ថា ប្រទេសឥណ្ឌាគឺជាអ្នកនាំចូលអាវុធច្រើនជាងគេ ដែលមានចំនួន ១១ ភាគរយនៃចំនួនសរុប ប៉ុន្តែការនាំចូលតំបន់ទាំងមូលបានថយចុះចំនួន ៤,៧ ភាគរយ ដែលបង្ហាញពីភាពខុសគ្នាយ៉ាងខ្លាំងក្នុងការទិញអាវុធ ក្នុងចំណោមប្រទេសក្នុងអនុតំបន់។
ការនាំចូលរបស់ជប៉ុនបានកើនឡើងចំនួន ២,៥ ដង ដែលធ្វើឱ្យប្រទេសនេះក្លាយជាអ្នកនាំចូលធំជាងគេទី១០ ក្នុងពិភពលោក។ អូស្ត្រាលី ចិន កូរ៉េខាងត្បូង និងប៉ាគីស្ថាន ក៏ជាប់ចំណាត់ថ្នាក់កំពូលទាំង ១០ ផងដែរ។
តំបន់អាស៊ីនិងតំបន់អូសេអានី ដែលជាតំបន់នាំចូលអាវុធដ៏ធំបំផុតរបស់ពិភពលោកក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ បានទទួល ៤៣ ភាគរយនៃទិញលក់ទូទាំងសាកលលោកពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២១។
របាយការណ៍នេះបានដកស្រង់សម្តីលោក ស៊ីម៉ុន វ៉េហ្ស៊ើមែន អ្នកស្រាវជ្រាវជាន់ខ្ពស់ក្នុងកម្មវិធីផ្ទេរអាវុធរបស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ ដែលថា «ភាពតានតឹងរវាងប្រទេសចិននិងបណ្ដារដ្ឋជាច្រើននៅតំបន់អាស៊ីនិងតំបន់អូសេអានី គឺជាកត្តាជំរុញដ៏សំខាន់នៃការនាំអាវុធចូលក្នុងតំបន់។»
របាយការណ៍នេះបានបន្តថា ការជួញដូរសព្វាវុធសរុបនៅទូទាំងពិភពលោក រួមទាំងការនាំចូលនិងការនាំចេញ បានធ្លាក់ចុះចំនួន ៤,៦ ភាគរយ។
មុនពេលមានការឈ្លានពានរបស់រុស្ស៊ីនាពេលថ្មីៗនេះ ការនាំចូលសព្វាវុធទៅក្នុងប្រទេសអ៊ុយក្រែន«មានកម្រិត»តិចតួច ដោយសារតែថវិការបស់ប្រទេសនេះមានកំណត់ ហើយក្រុមហ៊ុនធំៗដែលនាំចេញអាវុធ បានដាក់កំហិតលើការផ្គត់ផ្គង់ឱ្យអ៊ុយក្រែន ដោយបារម្ភថាវាអាចនឹងបង្កើនជម្លោះរយៈពេលវែងនៅភាគខាងកើតអ៊ុយក្រែន។ នេះបើយោងតាមវិទ្យាស្ថានដដែល។
ចំពោះការនាំចេញ សហរដ្ឋអាមេរិកនៅតែជាអ្នកផ្គត់ផ្គង់សព្វាវុធធំបំផុតរបស់ពិភពលោក ដោយមានចំណែក ៣៩ ភាគរយនៃចំនួននាំចេញសរុប។ ការនាំចេញរបស់ប្រទេសនេះបានកើនឡើង ១៤ ភាគរយ។ ចំណែកប្រទេសរុស្ស៊ីដែលជាប្រទេសនាំចេញធំបំផុតទីពីរ បន្ទាប់ពីសហរដ្ឋអាមេរិក បានឃើញពាណិជ្ជកម្មអាវុធរបស់ខ្លួនធ្លាក់ចុះ ២៦ ភាគរយ។
វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិបានឱ្យដឹងថា ការកើនឡើងនៃការនាំចេញរបស់សហរដ្ឋអាមេរិកគឺដោយសារតែមានការទិញច្រើនឡើងពីប្រទេសអារ៉ាប៊ីសាអូឌីត អូស្ត្រាលី កូរ៉េខាងត្បូង និងជប៉ុន។ ការនាំចេញរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសជប៉ុនបានកើនឡើងជិត ៣ ដង។
លោក វ៉េហ្ស៊ើមែន បាននិយាយថា៖ «សហរដ្ឋអាមេរិកនៅតែជាអ្នកផ្គត់ផ្គង់ដ៏ធំបំផុតសម្រាប់តំបន់អាស៊ី និងតំបន់អូសេអានី ដោយសារការនាំចេញអាវុធគឺជាធាតុដ៏សំខាន់មួយនៃគោលនយោបាយការបរទេសសហរដ្ឋអាមេរិកដែលសំដៅលើប្រទេសចិន»។
របាយការណ៍បានប្រាប់ឱ្យដឹងទៀតថា សហរដ្ឋអាមេរិក រុស្ស៊ី បារាំង ចិន និងអាឡឺម៉ង់ បាននាំសព្វាវុធចេញក្នុងចំនួនច្រើនជាង ៣ ភាគ ៤ នៃការនាំចេញសព្វាវុធទាំងអស់នៅក្នុងពិភពលោក៕
—
យោង៖ https://english.kyodonews.net/news/2022/03/4ea637abba4b-asian-countries-accumulate-weapons-as-china-tensions-grow.html