en     km
en     km

សហរដ្ឋអាមេរិកផ្ដល់ជំនួញឥតសំណងជាង ៦,៣លានដុល្លាលើគម្រោងសម្អាតមីននៅកម្ពុជា

Share

សហរដ្ឋអាមេរិក បានផ្ដល់ជាជំនួយឥតសំណងជាង៦,៣លាន ដុល្លាអាមេរិក ដើម្បីគាំទ្រសកម្មភាពរបស់អង្គភាពស៊ីម៉ាក់ ​លើ​កិច្ចប្រតិបត្តិការ​បោសសំអាត​តំបន់រងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោម​ នៅខេត្តចំនួន៧ របស់កម្ពុជា។

សហរដ្ឋអាមេរិក តាមរយៈអង្គការ NPA បានផ្ដល់ជំនួយហិរញ្ញប្បទានឥតសំណង ចំនួន ៦,៣៥៥,៧២០ ដុល្លារ គាំទ្រដល់សកម្មភាពបោសសំអាតតំបន់រងផលប៉ះពាល់គ្រាប់បែកចង្កោម​ នៅក្នុង​ប្រទេស​កម្ពុជា ចំនួន៧ ខេត្ត។ នេះបើយោងទៅតាមហ្វេសប៊ុក លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់។

ពិធីចុះហត្ថលខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការរវាងអង្គការ NPA និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ធ្វើឡើងនៅថ្ងៃទី៩ ខែ មីនា ឆ្នាំ២០២២ នៅនៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ដោយមានការចូលរួមពី លោក Rune Dale Andresen ប្រធានអង្គការ NPA ប្រចាំកម្ពុជា និងលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់។

ផ្អែកតាមមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ CMAC, ក្រសួងការបរទេស​អាមេរិក បានផ្តល់ជំនួយហិរញ្ញប្បទានឥតសំណង​នេះ សម្រាប់គាំទ្រសកម្មភាពរបស់អង្គភាពស៊ីម៉ាក់ ​លើ​កិច្ចប្រតិបត្តិការ​បោសសំអាត​តំបន់រងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោម​ នៅខេត្តស្វាយរៀង ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ ក្រចេះ រតន:គីរី និងខេត្តមណ្ឌលគីរី ។

 

គួរបញ្ជាក់ដែរថា គម្រោងនេះ​មាន​រយ:​ពេល ៤៥ខែ ដោយ​គិត​ចាប់​ពីថ្ងៃទី ០១ ខែមិនា ឆ្នាំ​២០២២ រហូត​ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ​២០២៥ ។ លោក ហេង រតនា សង្កត់ធ្ងន់ថា កញ្ចប់​ថវិកានៃជំនួយនេះ មានទំហំ​ទឹកប្រាប់ដូចបណ្តាឆ្នាំកន្លងមកដែរ គ្រាន់តែជំនួយលើកនេះមានរយ:ពេលវែង គឺ​រហូត​ដល់ទៅ ៤៥ខែ ដែលកន្លងមក មានរយ:ពេលត្រឹមតែ ១២ខែម្តង ឬមួយឆ្នាំម្តងតែប៉ុណ្ណោះ។ ជំនួយ​នេះ​បាន​ផ្តល់លទ្ធភាពឱ្យអង្គភាពស៊ីម៉ាក់ អាចពង្រាយកម្លាំងប្រតិបត្តិការបានចំនួនជាង ២០០នាក់ និងអាចរំដោះផ្ទៃដីតំបន់គ្រាប់បែកចង្កោមបានជាង ១៣,២០០ ហិចតា។ នេះបើតាមការបញ្ជាក់ពីលោក ហេង រតនាបន្ថែម។

ក្រសួងការបរទេស Norway ក៏បានសម្រេចផ្តល់ថវិកាខ្នាតតូចចំនួនពីរគម្រោង គឺគម្រោងរំដោះខេត្តគ្មានគ្រាប់មីន ដែលបច្ចុប្បន្នកំពុងប្រតិបត្តិការ និងគម្រោងបោសសំអាតមីននៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ដែលគម្រោងទាំងពីរនេះមានថវិកាចំនួន ៨៩,០៧៧ ដុល្លារ សម្រាប់រយ:ពេល ៣ខែ។

តែយ៉ាងណា នៅក្នុងអង្គភាពស៊ីម៉ាក់ សម្រាប់វិស័យនេះ មានស្ដ្រីចូលរួមបម្រើការបច្ចុប្បន្ន ជាស្ដ្រីជំនាញចំនួនជាង៣០០នាក់​ស្មើនឹងប្រមាណជាង១៦%នៃកំលាំងជំនាញសរុបរបស់អង្គភាព។ ស្ដ្រីដែលចូលរួមក្នុងសកម្មភាពកម្ចាត់មីន អង្គភាពស៊ីម៉ាកហៅថា ជានារីក្លាហានក្នុងវិស័យមីននៅកម្ពុជា៕

 

Share

Image
Image
Image