នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា វិបត្តិអ៊ុយក្រែនបានក្លាយទៅជា«គ្រាដ៏គ្រោះថ្នាក់បំផុត»សម្រាប់អឺរ៉ុប ក្នុងរយៈពេលជាច្រើនទស្សវត្ស។
លោក ឯម មាឃ ជូនសេចក្ដីរាយការណ៍ ដោយផ្អែកតាមទីភ្នាក់ងារសារព័ត៌មានអេភី …
នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា វិបត្តិអ៊ុយក្រែនបានក្លាយទៅជា«គ្រាដ៏គ្រោះថ្នាក់បំផុត»សម្រាប់អឺរ៉ុប ក្នុងរយៈពេលជាច្រើនទសវត្ស ខណៈដែលប្រមុខការទូតអង់គ្លេសបានពិភាក្សាមិនចុះសម្រុងគ្នាជាមួយសមភាគីរុស្ស៊ី។
ចំពេលមានភាពជាប់គាំង កងកម្លាំងរុស្ស៊ីបានធ្វើសមយុទ្ធដ៏ធំនៅភាគខាងជើងនៃប្រទេសអ៊ុយក្រែន ពោលគឺក្នុងប្រទេសបេឡារុស។ សមយុទ្ធនេះជាផ្នែកមួយនៃការបង្កើនកងទ័ពជាង១សែននាក់ ដែលបានធ្វើឱ្យមានការភ័យព្រួយពីបស្ចិមលោក ចំពោះការលុកលុយអ៊ុយក្រែន។
អង្គការណាតូក៏បានបង្កើនការដាក់ពង្រាយយោធា ដើម្បីពង្រឹងតំបន់ភាគខាងកើតរបស់ខ្លួន ដោយសហរដ្ឋអាមេរិកបានបញ្ជូនកងទ័ពទៅកាន់ប្រទេសប៉ូឡូញនិងប្រទេសរូម៉ានី។ យន្តហោះរបស់កងទ័ពអាកាសអង់គ្លេសមួយគ្រឿង ដឹកទាហាន៣៥០នាក់ បានចុះចតនៅថ្ងៃព្រហស្បតិ៍ ក្នុងប្រទេសប៉ូឡូញ បន្ទាប់ពីទីក្រុងឡុងដ៍បានបញ្ជូនកាំជ្រួចប្រឆាំងរថក្រោះទៅអ៊ុយក្រែន ដើម្បីជួយបង្កើនការការពារប្រទេសនេះ៕
—
យោង៖ https://apnews.com/article/russia-ukraine-business-europe-moscow-berlin-e598acd2cd2726ac2e515fbe99210e6e