en     km
en     km

លោកស្រីប្រធានអង្គការហ្គ្រីនភីសនឹងក្លាយជាទូតអាកាសធាតុអាល្លឺម៉ង់

Share

លោកស្រី ចេន្នីហ្វើ ម័រហ្គែន មេអង្គការ ហ្គ្រីនភីស អ៊ិនធើណេសិនណល នឹងក្លាយជាបេសកជនថ្មីរបស់អាល្លឺម៉ង់ ទទួលបន្ទុកអាកាសធាតុ។ ប៉ុន្តែស្ត្រីអាមេរិករូបនេះត្រូវចូលសញ្ជាតិអាល្លឺម៉ង់ និងរងចាំភ្លើងខៀវពីគណៈរដ្ឋមន្ត្រីអាល្លឺម៉ង់សិន។

លោក ឯម មាឃ ជូនសេចក្ដីរាយការណ៍ …

 

 

មន្ត្រីនានាបាននិយាយកាលពីថ្ងៃអង្គារថា លោកស្រី ចេន្នីហ្វើ ម័រហ្គែន ដែលដឹកនាំសម្ព័ន្ធអង្គការបរិស្ថាន ហ្គ្រីនភីស អ៊ិនធើណេសិនណល នឹងត្រូវក្លាយទៅជាបេសកជនថ្មីរបស់ប្រទេសអាល្លឺម៉ង់ ទទួលបន្ទុកអាកាសធាតុ។

លោកស្រីនឹងទទួលតួនាទីដ៏សំខាន់មួយនៅក្នុងរដ្ឋាភិបាលអាល្លឺម៉ង់បច្ចុប្បន្ន ដែលបានសន្យាថានឹងបង្កើនកិច្ចប្រឹងប្រែងរបស់ប្រទេសអាល្លឺម៉ង់ក្នុងការទប់ស្កាត់ការឡើងកំដៅភពផែនដី ជាពិសេសពេលដែលប្រទេសនេះធ្វើជាប្រធាននៃក្រុមប្រទេសទាំង៧ដែលមានសេដ្ឋកិច្ចធំៗបំផុតនៅក្នុងលោក។

មន្ត្រីទាំងនោះបានឱ្យដឹងទៀតថា លោកស្រី ម័រហ្គែន នឹងត្រូវបានប្រកាសឱ្យចូលកាន់តួនាទីថ្មីជាផ្លូវការនៅថ្ងៃពុធនេះ ដោយលោកស្រីរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ ឈ្មោះ អែនណាឡឺណា បាអ៊ើបក់ ដែលជាសមាជិកាម្នាក់ក្នុងគណបក្សបៃតងនិយមបរិស្ថាន។ ប្រភពបានបញ្ចេញព័ត៌មាននេះក្នុងលក្ខខណ្ឌអនាមិក ដោយសារតែការតែងតាំងលោកស្រី ម័រហ្គែន ត្រូវរងចាំការយល់ព្រមពីគណៈរដ្ឋមន្ត្រីអាល្លឺម៉ង់។

ដំណឹងស្ដីពីការតែងតាំងលោកស្រីមេដឹកនាំអង្គការ ហ្គ្រីនភីស អ៊ីនធើណេសិនណល ឱ្យកាន់តំណែងថ្មីក្នុងរដ្ឋាភិបាល ត្រូវបានរាយការណ៍ដំបូងដោយទស្សនាវដ្ដី ស្ពីហ្ស៊ែល ប្រចាំសប្តាហ៍របស់អាល្លឺម៉ង់។ យោងតាមទស្សនាវដ្ដីនេះ ជាដំបូង លោកស្រី ម័រហ្គែន នឹងក្លាយជាបេសកជនពិសេស ហើយក្រោយមក នឹងក្លាយជារដ្ឋលេខាធិការនៅក្រសួងការបរទេស។ ក្នុងអន្តរកាល លោកស្រីត្រូវចូលសញ្ជាតិអាល្លឺម៉ង់សិន។

លោកស្រី ម័រហ្គែន ជាអ្នកតស៊ូមតិមួយរូប ដែលបានកើតនៅសហរដ្ឋអាមេរិក និងដែលបានដឹកនាំអង្គការ ហ្គ្រីនភីស តាំងពីឆ្នាំ២០១៦។ លោកស្រីគឺជាតួអង្គដ៏លេចធ្លោមួយរូបក្នុងវិស័យការទូតអាកាសធាតុអន្តរជាតិអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

មុនពេលដែលសន្និសីទអង្គការសហប្រជាជាតិស្ដីពីអាកាសធាតុប្រព្រឹត្តទៅនៅទីក្រុង គ្លាសហ្គូ កាលពីឆ្នាំមុន លោកស្រី ម័រហ្គែន បានព្រមានឱ្យដឹងថា ប្រទេសនិងក្រុមហ៊ុននានាអាចនឹងប្រើប្រាស់កិច្ចប្រជុំកំពូលស្ដីពីអាកាសធាតុនោះ ដើម្បី«យកបរិស្ថានមកបិតបាំង»ការបំពុលដែលកំពុងកើតមាននៅលើភពផែនដី។

ប្រទេសអាល្លឺម៉ង់មានបំណងបញ្ឈប់ការបំភាយឧស្ម័នផ្ទះកញ្ចក់បន្ថែមទៀតទៅក្នុងបរិយាកាសនៅត្រឹមឆ្នាំ២០៤៥។ នេះជាគោលដៅកាត់បន្ថយការបំភាយឱ្យនៅ«សូន្យ»ក្នុងរយៈពេលដ៏ឆាប់រហ័សមួយ ក្នុងចំណោមគោលដៅនានាដែលត្រូវធ្វើឱ្យបានឆាប់សម្រេចដែលកំណត់ដោយប្រទេសឧស្សាហកម្មដ៏ធំមួយនេះ។ ប៉ុន្តែមុននេះមិនយូរប៉ុន្មាន រដ្ឋាភិបាលអាល្លឺម៉ង់បានទទួលស្គាល់ថា ខ្លួនបានធ្លាក់ចេញពីគន្លងផ្លូវឆ្ពោះទៅសម្រេចគោលដៅនៃការបំភាយឧស្ម័នសម្រាប់ឆ្នាំ២០៣០បាត់ទៅហើយ។

សកម្មជនអាកាសធាតុក៏បានរិះគន់ផែនការរបស់ប្រទេសអាល្លឺម៉ង់ ដែលបង្កើនការប្រើប្រាស់ឧស្ម័នធម្មជាតិ ពោលគឺឥន្ធនៈហ្វូស៊ីល រហូតទាល់តែប្រភពឥន្ធនៈកកើតឡើងវិញអាចបំពេញតម្រូវការខាងថាមពលរបស់ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតនៅអឺរ៉ុបនេះដែរ៕

យោង៖

១) https://apnews.com/article/climate-business-environment-germany-greenpeace-fe1b27deb2d9bef77e61e510f60080a5

២) https://www.dw.com/en/germany-taps-greenpeace-head-jennifer-morgan-as-climate-envoy-reports/a-60704120

Share

Image
Image
Image