en     km
en     km

ក្រោយជួបប្រធានាធិបតីរុស្ស៊ី ប្រធានាធិបតីបារាំងនឹងអាចសម្រេចចិត្តលើរឿងអ៊ុយក្រែន

Share

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាននិយាយថា រយៈពេលប៉ុន្មានថ្ងៃខាងមុខ គឺជាពេលវេលាដ៏សំខាន់នៅក្នុងរឿងប្រឈមមុខដាក់គ្នាអំពីបញ្ហាប្រទេសអ៊ុយក្រែន។

លោក ឯម មាឃ ជូនសេចក្ដីរាយការណ៍ ដោយផ្អែកតាមទីភ្នាក់ងារសារព័ត៌មានរើយធើ …

 

 

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាននិយាយថា រយៈពេលប៉ុន្មានថ្ងៃខាងមុខ គឺជាពេលវេលាដ៏សំខាន់នៅក្នុងរឿងប្រឈមមុខដាក់គ្នាអំពីបញ្ហាប្រទេសអ៊ុយក្រែន។ ការថ្លែងដូច្នេះរបស់លោក ម៉ាក្រុង ធ្វើឡើង បន្ទាប់ពីបានជួបកាលពីថ្ងៃចន្ទ ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលបានឱ្យដឹងថាមានវឌ្ឍនភាពមួយចំនួននៅក្នុងកិច្ចប្រជុំនោះ។

លោក ពូទីន បាននិយាយថា កិច្ចប្រជុំកំពូលនៅទីក្រុងមូស្គូលើកដំបូងជាមួយលោក ម៉ាក្រុង ដែលជាមេដឹកនាំមួយរូបនៃបស្ចិមប្រទេស ចាប់តាំងពីរដ្ឋាភិបាលរុស្ស៊ីបានផ្តើមប្រមូលផ្តុំកងទ័ពនៅជិតប្រទេសអ៊ុយក្រែនមក គឺពិតជាមានសារៈសំខាន់។ ប៉ុន្តែ លោក ពូទីន ក៏នៅតែព្រមានជាថ្មីទៀតថានឹងមានសង្គ្រាម ប្រសិនបើអ៊ុយក្រែនចូលជាសមាជិកអង្គការណាតូ។

ប្រទេសរុស្សី ដែលកំពុងប្រជែងយកឥទិ្ធពលនៅអឺរ៉ុបក្រោយសម័យសង្រាមត្រជាក់ ចង់បានការធានាសន្តិសុខពីបស្ចិមលោក ដែលក្នុងនោះរួមមានការសន្យាថា បស្ចិមលោកនឹងមិនដាក់ពង្រាយកាំជ្រួចនៅជិតព្រំដែនរបស់ខ្លួន និងកាត់បន្ថយហេដ្ឋារចនាសម្ព័ន្ធយោធារបស់អង្គការណាតូនៅអឺរ៉ុបខាងកើត។

បស្ចិមលោកបាននិយាយថា ការទាមទារមួយចំនួនរបស់រុស្ស៊ីគឺ«មិនអាចទៅរួចទេ» ប៉ុន្តែខ្លួនមានឆន្ទៈក្នុងការនិយាយអំពីការគ្រប់គ្រងអាវុធ និងអំពីជំហានឆ្ពោះទៅកសាងទំនុកចិត្តរវាងភាគីទាំងពីរ។

លោក ម៉ាក្រុង ដែលបានខំបង្កើនឥទ្ធិពលការទូតរបស់គាត់ ស្របពេលដែលគាត់ចង់ជាប់ឆ្នោតជាថ្មីក្នុងរយៈពេលពីរខែខាងមុខនោះ បានជួបពិភាក្សាជាង៥ម៉ោង អំឡុងអាហារពេលល្ងាច កាលពីថ្ងៃចន្ទ ជាមួយប្រធានាធិបតីរុស្ស៊ី។

លោក ម៉ាក្រុង បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីអាហារនោះថា៖ «ប៉ុន្មានថ្ងៃខាងមុខនេះនឹងមានការសម្រេចច្បាស់លាស់ ហើយនឹងតម្រូវឱ្យយើងបង្កើនកិច្ចពិភាក្សាបន្ថែមទៀត»។

លោក ពូទីន បានឱ្យដឹងថា យោបល់មួយចំនួនរបស់លោក ម៉ាក្រុង អាចជួយដោះស្រាយវិបត្តិទាក់ទងនឹងប្រទេសអ៊ុយក្រែន។

ប្រធានាធិបតីរុស្ស៊ីបានមានប្រសាសន៍ថា៖ «គំនិត សំណើមួយចំនួនរបស់គាត់ ដែលប្រហែលជាមិនទាន់សមស្របក្នុងការនិយាយនៅពេលនេះ ខ្ញុំគិតថា វាអាចជួយបង្កើតមូលដ្ឋានសម្រាប់ឱ្យយើងបោះជំហានរួមគ្នាបន្ថែមទៀត»។

លោក ពូទីន និងលោក ម៉ាក្រុង នឹងត្រូវពិភាក្សាគ្នាម្តងទៀត បន្ទាប់ពីលោក ម៉ាក្រុង ជួបជាមួយថ្នាក់ដឹកនាំអ៊ុយក្រែន ដែលគ្រោងធ្វើនៅថ្ងៃអង្គារនេះ៕

យោង៖ https://www.reuters.com/world/russia-plays-down-hope-breakthrough-ahead-macron-putin-talks-2022-02-07/

Share

Image
Image
Image