en     km
en     km

រុស្ស៊ីចោទ ស.រ.អ និងសម្ព័ន្ធមិត្ត ថាមិនអើពើនឹងកង្វល់ផ្នែកសន្តិសុខរុស្ស៊ី

Share

ម្សិលមិញ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចោទសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកថាមិនអើពើចំពោះកង្វល់ផ្នែកសន្តិសុខរបស់រុស្ស៊ី និងថាចង់ទាញប្រទេសនេះឱ្យចូលក្នុងសង្គ្រាម។

លោក ឯម មាឃ ជូនសេចក្ដីរាយការណ៍ ដោយផ្អែកតាមទីភ្នាក់ងារសារព័ត៌មានអេភី …

 

 

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃអង្គារម្សិលមិញ បានចោទប្រកាន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកថា មិនអើពើចំពោះសំណើដ៏សំខាន់បំផុតផ្នែកសន្តិសុខរបស់ប្រទេសរុស្ស៊ី។

ការអត្ថាធិប្បាយរបស់លោកពូទីនគឺជាលើកដំបូងដែលស្ដីពីការប្រឈមមុខដាក់គ្នា ក្នុងរយៈពេលជាងមួយខែ។ វាចង្អុលឱ្យឃើញថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនប្រហែលជាមិនកើតឡើងភ្លាមៗទេ ហើយយ៉ាងហោចណាស់ក៏ទំនងជាត្រូវការឱ្យមានការចរចាមួយជុំទៀតដែរ។

ភាគីទាំងពីរ គឺរុស្ស៊ីនិងសហរដ្ឋអាមេរិក មិនចុះសម្រុងគ្នាលើគោលជំហររបស់ពួកគេ ហើយគេមិនសូវឃើញមានក្ដីសង្ឃឹមជាក់ស្ដែងថានឹងមានការផ្ដល់សម្បទានទេ។ គេសង្ឃឹមថា ប្រទេសរុស្ស៊ីនឹងឆ្លើយតបក្នុងពេលឆាប់ៗនេះ ទៅនឹងសំណើរបស់សហរដ្ឋអាមេរិកដើម្បីចរចាលើការកាត់បន្ថយចំណុចទាមទារពីខាងភាគីរុស្ស៊ី។

កាលពីថ្ងៃអង្គារម្សិលមិញ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែហ្គី ឡាវរ៉ូវ និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អែនថូនី ប្លីងឃិន បានពិភាក្សាគ្នា និងបានគូសបញ្ជាក់ឡើងវិញ អំពីគោលជំហររបស់ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន និងគោលជំហររបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃឌិន។

ពេលថ្លែងក្នុងសន្និសីទសារព័ត៌មានរួមមួយ ជាមួយមេដឹកនាំប្រទេសហុងគ្រីដែលកំពុងបំពេញទស្សនកិច្ចនៅរុស្ស៊ី និងដែលជាសម្ព័ន្ធមិត្តរបស់អង្គការណាតូ, លោក ពូទីន បាននិយាយថា វិមានក្រឹមឡាំងនៅតែសិក្សាអំពីការឆ្លើយតបពីភាគីសហរដ្ឋអាមេរិកនិងអង្គការណាតូ ដែលរុស្ស៊ីទទួលបានកាលពីសប្តាហ៍មុន ចំពោះសំណើផ្នែកសន្តិសុខរបស់ខ្លួន។ ប៉ុន្តែលោកពូទីនបាននិយាយថា វាបង្ហាញច្បាស់ណាស់ថា បស្ចិមលោកបានព្រងើយកន្តើយនឹងការទាមទាររបស់រុស្ស៊ី។

ប្រទេសរុស្ស៊ីបានស្នើ៣ចំណុចសំខាន់ៗ៖ ទី១) អង្គការណាតូមិនត្រូវបញ្ចូលប្រទេសអ៊ុយក្រែននិងអតីតរដ្ឋរបស់សហភាពសូវៀតផ្សេងៗទៀតជាសមាជិកខ្លួនទេ ទី២) អង្គការណាតូត្រូវចៀសវាងការដាក់ពង្រាយអាវុធសម្រាប់វាយលុកនៅក្បែរប្រទេសរុស្ស៊ី និងទី៣) អង្គការណាតូត្រូវកាត់បន្ថយការដាក់ពង្រាយកងទ័ពរបស់ខ្លួនទៅកាន់អឺរ៉ុបខាងកើត។

លោក ពូទីន បានលើកឡើងថា វាអាចទៅរួចរឿងចរចាអំពីការបញ្ចប់ភាពប្រឈមមុខដាក់គ្នា ប្រសិនបើផលប្រយោជន៍របស់ភាគីទាំងអស់ រួមទាំងកង្វល់ផ្នែកសន្តិសុខរបស់រុស្ស៊ីផង ត្រូវបានយកមកពិចារណា។ «ខ្ញុំសង្ឃឹមថា យើងនឹងរកឃើញដំណោះស្រាយមួយជាយថាហេតុ ទោះបីជាយើងដឹងថា វានឹងមិនងាយស្រួលក៏ដោយ»។ នេះជាសម្ដីផ្ទាល់របស់លោកពូទីន។

ប្រទេសរុស្ស៊ី​បាន​ប្រមូលផ្ដុំកង​ទ័ព​លើសពី ១ សែន​នាក់ នៅ​តាម​បណ្តោយ​ព្រំដែនប្រទេស​អ៊ុយក្រែន ជាហេតុធ្វើ​ឲ្យ​មាន​សេចក្ដី​ភ័យព្រួយកាន់តែខ្លាំងថានឹងមាន​ការ​ឈ្លានពាន។ ប៉ុន្តែ ប្រទេសរុស្ស៊ី​បាន​បដិសេធ​ថា ខ្លួនមិនមានចេតនា​វាយប្រហារប្រទេសអ៊ុយក្រែនទេ។

រដ្ឋាភិបាលសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន បានច្រានចោលការទាមទារសំខាន់ៗរបស់រដ្ឋាភិបាលរុស្ស៊ី។ ពួកគេបានសង្កត់ធ្ងន់ថា ប្រទេសអ៊ុយក្រែន ក៏ដូចប្រជាជាតិដទៃទៀតដែរ មានសិទ្ធិជ្រើសរើសសម្ព័ន្ធភាព ទោះបីជាប្រទេសអ៊ុយក្រែនបច្ចុប្បន្នមិនមែនជាសមាជិកអង្គការណាតូ ហើយទំនងជានឹងមិនចូលជាសមាជិកអង្គការនេះនៅពេលឆាប់ៗនេះក៏ដោយ។

លោក ពូទីន បាននិយាយថា ការបដិសេធរបស់សម្ព័ន្ធមិត្តលោកខាងលិច ក្នុងការបំពេញតាមការទាមទាររបស់រុស្ស៊ី គឺរំលោភលើកាតព្វកិច្ចរបស់ពួកគេលើចំណុចស្ដីពីសុចរិតភាពនៃសន្តិសុខសម្រាប់ប្រជាជាតិទាំងអស់។ លោកបានព្រមានថា ការចូលជាសមាជិកអង្គការណាតូដោយប្រទេសអ៊ុយក្រែនអាចនាំឱ្យមានស្ថានភាពដែលប្រទេសនេះចាប់ផ្តើមធ្វើសកម្មភាពយោធាដើម្បីទាមទារយកមកត្រួតត្រាវិញនូវឧបទ្វីបគ្រីមៀរបស់រុស្ស៊ី ឬតំបន់ក្រោមការគ្រប់គ្រងរបស់ពួកអ្នកបំបែករដ្ឋនិយមរុស្ស៊ីនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន៕

លោក ពូទីន បានចោទប្រកាន់ថា ខណៈពេលដែលសហរដ្ឋអាមេរិក ព្រួយបារម្ភអំពីសន្តិសុខរបស់ប្រទេសអ៊ុយក្រែន ខ្លួនកំពុងប្រើប្រាស់អតីតរដ្ឋសូវៀតមួយនេះជា«ឧបករណ៍» ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីហ៊ុំព័ទ្ធប្រទេសរុស្ស៊ី។

លោកប្រធានាធិបតីរុស្ស៊ីរូបនេះបានចោទប្រកាន់ទៀតថា សហរដ្ឋអាមេរិកអាចនឹងព្យាយាម«ទាញយើងចូលទៅក្នុងជម្លោះយោធា និងបង្ខំសម្ព័ន្ធមិត្តរបស់ខ្លួននៅអឺរ៉ុប ឱ្យដាក់ទណ្ឌកម្មដ៏តឹងរ៉ឹងដែលសហរដ្ឋអាមេរិកកំពុងនិយាយនៅពេលនេះ»។ លោកពូទីនបានអះអាងថា ជម្រើសដែលអាចមានមួយទៀតគឺ «ទាញអ៊ុយក្រែនឱ្យចូលក្នុងអង្គការណាតូ, ដាក់ពង្រាយអាវុធសម្រាប់វាយលុកនៅទីនោះ» ហើយលើកទឹកចិត្តអ្នកជាតិនិយមអ៊ុយក្រែនឱ្យប្រើកម្លាំងដើម្បីដណ្តើមយកមកវិញនូវតំបន់ភាគខាងកើតដែលកាន់កាប់ដោយពួកឧទ្ទាម ឬឧបទ្វីបគ្រីមៀ ដោយ«ទាញយើងឱ្យចូលទៅក្នុងជម្លោះយោធា»៕

យោង៖ https://apnews.com/article/russia-ukraine-putin-nato-87d17dd0c1943ac40b3903b54f31939a

Share

Image
Image
Image