កងកម្លាំងសន្តិសុខក្នុងប្រទេសភូមាឬមីយ៉ាន់ម៉ា បានចាប់ខ្លួនមនុស្សរាប់សិបនាក់ ក្នុងបំណងលុបបំបាត់ផែនការធ្វើកូដកម្មទូទាំងប្រទេសនៅថ្ងៃអង្គារ ទី១ ខែកុម្ភៈនេះ ដែលជាថ្ងៃខួប១ឆ្នាំនៃការដណ្តើមអំណាចដោយកងទ័ព។
លោក ឯម មាឃ ជូនសេចក្ដីរាយការណ៍ដោយផ្អែកតាមទីភ្នាក់ងារសារព័ត៌មានអេភី …
កងកម្លាំងសន្តិសុខក្នុងប្រទេសភូមាឬមីយ៉ាន់ម៉ា បានចាប់ខ្លួនមនុស្សរាប់សិបនាក់ ក្នុងបំណងលុបបំបាត់ផែនការធ្វើកូដកម្មទូទាំងប្រទេសនៅថ្ងៃអង្គារ ទី១ ខែកុម្ភៈនេះ ដែលជាថ្ងៃខួប១ឆ្នាំនៃការដណ្តើមអំណាចដោយកងទ័ព។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋភូមា។
អ្នកប្រឆាំងនឹងការគ្រប់គ្រងដោយយោធានៅក្នុងប្រទេសភូមា បានអំពាវនាវឱ្យមាន«កូដកម្មដោយស្ងៀមស្ងាត់» ដែលសំដៅធ្វើឱ្យវិថីនានាក្នុងក្រុងនិងទីប្រជុំជនទាំងឡាយរបស់ប្រទេសនេះស្ងៀមស្ងាត់ តាមរយៈការស្នាក់នៅផ្ទះនិងការបិទទ្វារកន្លែងលក់ដូរចាប់ពីម៉ោង១០ព្រឹក ដល់ម៉ោង៤រសៀល។ ផែនការមួយក្នុងចំណោមការតវ៉ាជាបន្តបន្ទាប់ដែលពួកគេបានគ្រោងទុក គឺចង់ឱ្យអ្នកគាំទ្របញ្ចេញសំឡេងដោយការវាយប៉ោត វាយគង ឬដោយការផ្លុំស្នែង។
ការដំណ្ដើមអំណាចដោយយោធានៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ បានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អោង សាន ស៊ូ ជី អំឡុងពេលដែលគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យត្រៀមខ្លួនចាប់ផ្តើមធ្វើការក្នុងអាណត្តិប្រាំឆ្នាំលើកទីពីរ បន្ទាប់ពីទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតនាខែវិច្ឆិកា ឆ្នាំ២០២០។
យោងតាមសេចក្ដីរាយការណ៍នៅក្នុងសារព័ត៌មានរដ្ឋ ឈ្មោះ មីយ៉ានម៉ា អាលីន ដេលី យ៉ាងហោចណាស់ មានមនុស្ស៥៨នាក់ ដែលត្រូវបានចាប់ខ្លួនចាប់តាំងពីសប្តាហ៍មុនមក បន្ទាប់ពីពួកគេបានផ្សាយការជូនដំណឹងតាមហ្វេសប៊ុកថា ហាងនិងអាជីវកម្មរបស់ពួកគេគ្រោងបិទនៅថ្ងៃអង្គារនេះ។
សារព័ត៌មានដដែលបានរាយការណ៍ឱ្យដឹងទៀតថា អ្នកជាប់ឃុំទាំងឡាយ ដែលរស់នៅក្នុងក្រុងយ៉ាំងហ្គោន ក្រុងម៉ាន់ដាឡេ និងក្រុងមីយ៉ាវ៉ាឌី គឺជាម្ចាស់តូបលក់ដូរ ម្ចាស់ភោជនីយដ្ឋាន វេជ្ជបណ្ឌិត អ្នកផាត់មុខ ជាងជួសជុលទូរស័ព្ទ និងគ្រូទាយ។
ការចាប់ខ្លួនអ្នកទាំងនេះបានធ្វើឡើង បន្ទាប់ពីមានការព្រមានពីអាជ្ញាធរថា មនុស្សដែលចូលរួមក្នុងកូដកម្មអាចនឹងត្រូវបានចាប់ខ្លួន និងយកទៅកាត់ទោស ពីបទល្មើសនានាដែលមានចែងក្នុងច្បាប់ប្រឆាំងភេរវកម្ម។ ច្បាប់នេះអាចដាក់ទោសជាអតិបរមាឱ្យជាប់ពន្ធនាគារអស់មួយជីវិត និងអនុញ្ញាតឱ្យរឹបអូសទ្រព្យសម្បត្តិរបស់ពួកគេ។
«កូដកម្មស្ងៀមស្ងាត់»ចំនួន២លើកកាលពីឆ្នាំមុន មួយលើកក្នុងខែមីនា និងមួយលើកទៀតចំទិវាសិទ្ធិមនុស្សក្នុងខែធ្នូ ហាក់ដូចជាទទួលបានការគាំទ្រពីប្រជាជន បើទោះបីជាមានការបំភិតបំភ័យពីសំណាក់អាជ្ញាធរក៏ដោយ។
ការព្រមានរបស់រដ្ឋាភិបាលបង្កបញ្ហាដល់ម្ចាស់អាជីវកម្មជនជាតិចិន ដោយហេតុថាថ្ងៃអង្គារនេះត្រូវនឹងថ្ងៃបុណ្យចូលឆ្នាំថ្មីរបស់ពួកគេ ជាពេលដែលមនុស្សជាច្រើនបិទហាងរបស់ខ្លួន ដើម្បីបានឈប់សម្រាក។
កាលពីថ្ងៃច័ន្ទ ប្រមុខរដ្ឋាភិបាលយោធា ឧត្តមសេនីយ៍ មីន អោង ឡាំង បានស្នើសុំពន្យារពេលដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេល៦ខែទៀត ដែលអនុញ្ញាតឱ្យក្រុមប្រឹក្សារដ្ឋបាលរដ្ឋភូមា ពោលគឺស្ថាប័នកាន់អំណាចបន្តពីរដ្ឋប្រហាកាលពីឆ្នាំមុន អាចគ្រប់គ្រងប្រទេសតទៅមុខទៀត។ សំណើនេះត្រូវបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខនិងការពារជាតិ ដែលមានសមាជិកសុទ្ធតែជាមេទាហាន និងអ្នកនយោបាយដែលស្និទ្ធនឹងពួកគេ។ រដ្ឋាភិបាលយោធាបានប្រកាសរួចហើយ នូវចេតនារក្សាគ្រាអាសន្នរហូតដល់មានការបោះឆ្នោតថ្មីនៅខែសីហា ឆ្នាំ២០២៣៕
—
យោង៖ https://apnews.com/article/arrests-myanmar-aung-san-suu-kyi-7592ecbfb07fb426e3adeee5012e38a9