en     km
en     km

គណបក្សមួយចំនួនបន្តដាក់ញត្តិទៅបណ្តាស្ថានទូតនានាជំទាស់ការកែលម្អនីតិវិធីក្នុងទម្រង់១១០២

Share

ភ្នំពេញ៖ នៅព្រឹកនេះតំណាងគណបក្សនយោបាយចំនួន ៤  បានបន្តដាក់ញត្តិទៅស្ថានទូតជប៉ុន ដើម្បីសុំកិច្ចអន្តរាគមន៍ជំទាស់ការកែលម្អនីតិវិធីមួយចំនួនរបស់ ស្ថាប័ន គ ជ ប ពាក់ព័ន្ធកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត ឬទម្រង់បែបបទ ១១០២។

លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ

 

នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២នេះ គណបក្សចំនួនបួនក្នុងនោះរួមមាន គណបក្សភ្លើងទៀន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សកម្ពុជានិយម និងគណបក្សកែទម្រង់កម្ពុជា​ ដែលតំណាងឱ្យគណបក្សទាំង ៦ បានបន្តដាក់ញត្តិរួមគ្នាទៅស្ថានទូតជប៉ុន ដើម្បីជំទាស់នឹងការកែលម្អនីតិវិធីខ្លះៗក្នុងទម្រង់ ១១០២ ជាអ្វីដែលគណបក្សទាំងនោះចាត់ទុកថា ធ្វើឱ្យប៉ះពាល់ទំនុកចិត្ត និងបង្កការលំបាកដល់ភ្នាក់ងារគណបក្សដែលខ្វះលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាទំនើប។

នេះជាការគូសបញ្ជក់ពីលោក យី សីហា អ្នកនាំពាក្យគណបក្សកម្ពុជានិយមប្រាប់វិទ្យុស្ត្រីនៅព្រឹកថ្ងៃទី០១ ខែកុម្ភៈនេះ។ លោកបន្ថែមថា ការបន្តដាក់ញត្តិទៅស្ថានទូតជប៉ុននេះ ដើម្បីឱ្យខាងស្ថានទូតដែលជាម្ចាស់ជំនួយក្នុងដំណើរការរៀបចំការបោះឆ្នោត ជួយអន្តរាគមន៍លើអ្វីដែលជាការលំបាកនិងជាការព្រួយបារម្ភរបស់គណបក្សទាំង ៦ ខណៈគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហាក់មិនអើពើសោះ។

បើតាមលោក យី សីហា ខ្លឹមសារនៃញត្តិដែលលើកយកទៅជជែកជាមួយស្ថានទូតជប៉ុននៅព្រឹកនេះ មានចំណុចលើកឡើងពីមូលហេតុនៃការតស៊ូមតិដែលស្ថាប័ន គ ជ ប មិនចែកទម្រង់ ១១០២ ដល់ភ្នាក់ងារគណបក្សនយោបាយដែលមានវត្តមាននៅការិយាល័យគណៈកម្មការឃុំ/សង្កាត់ រៀបចំការបោះឆ្នោតនីមួយៗនោះ។ អ្នកនាំពាក្យគណបក្សកម្ពុជានិយម ដាក់ការរំពឹងទុកថា ខាងស្ថានទូតនានានឹងជួយអន្តរាគមន៍លើរឿងនេះ ហើយស្ថាប័ន គ ជ ប នឹងពិចារណាឡើងវិញនូវសំណើក៏ដូចជាក្តីព្រួយបារម្ភរបស់គណបក្សទាំង៦។

លោក យី សីហា៖«ជាការរំពឹងទុក យើងនៅតែមានក្តីសង្ឃឹមព្រោះគណបក្សទាំងអស់នូវតែសហការគ្នា ដូចភ្លៀងរលឹមចឹង មានន័យយើងផ្សាភ្ជាប់ទំនាក់ទងគ្នាជាប្រចាំ ហើយយើងតែងភាក្សាគ្នាពីមួយជំហានទៅមួយជំហានក្នុងការតស៊ូមតិហ្នឹង។»។

ដោយឡែកលោក ឡឹក សុធារ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋានប្រាប់វិទ្យុស្រ្តីថា ការដែលស្ថាប័ន គ ជ ប អនុវត្តនូវការកែប្រែនីតិវិធីមួយចំនួនពាក់ព័ន្ធកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត ឬទម្រង់បែបបទ ១១០២នេះ នឹងធ្វើឱ្យបាត់បង់ទំនុកចិត្តនៃលទ្ធផលនៃការរៀបសន្លឹកឆ្នោត។ លោកសូមឱ្យ គ ជ ប រក្សានីតិវិធីចាស់ដដែល ព្រោះមានភាពងាយស្រួលនឹងមិនដែលធ្លាប់មានបញ្ហាអ្វីកើតឡើងក្នុងចម្លងទិន្នន័យនៅតាមការិយាល័យបោះឆ្នោតនៅឃុំ/សង្កាត់នីមួយៗនោះទេ។

លោក ឡឹក សុធារ៖«ចំណុចដែលយើងទាមទារមានពីរចំណុចទាក់ទងព័ត៌មានក្នុងទម្រង់១១០២ និងការប្រកាសបិទផ្សាយរបស់ទម្រង់ និងការចម្លងទម្រង់១១០២ ដែលនេះអ្វីដែល គ ជ ប ធ្លាប់បានអនុវត្តល្អកន្លងមកហើយ  ហើយយើងស្នើឱ្យ គ ជ ប បន្តការអនុវត្តល្អបែបនេះទៀតតែប៉ុណ្ណោះទេ»។​

សូមរំលឹកថា កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ គណបក្សចំនួន ៦ ក្នុងនោះ មានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សកម្ពុជានិយម គណបក្សកែទម្រង់កម្ពុជា គណបក្សកម្លាំងប្រជាធិបតេយ្យ គណបក្សបំណងពលរដ្ឋ និងគណបក្សភ្លើងទៀន ​បានរួមគ្នាដាក់ញត្តិទៅកាន់ស្ថាប័ន គ ជ ប ដោយជំទាស់ពីរបៀបផ្លាស់ប្តូរទាក់ទងបែបបទទម្រង់ ១១០២ នេះ។ គណបក្សទាំងនោះលើកឡើងថា របៀបកែសម្រួលរបស់ គ ជ ប លើនីតិវិធីក្នុងទម្រង់បែបបទ ១១០២ នេះ អាចធ្វើឱ្យមានការលុបបំបាត់ព័ត៌មានសំខាន់ៗនិងចាំបាច់ ដូចជាចំនួនសន្លឹកឆ្នោតដែលបានទទួល សន្លឹកឆ្នោតដែលមិនបានប្រើ និងសន្លឹកឆ្នោតខូចដែលមានក្នុងកំណត់ហេតុរាប់សន្លឹកឆ្នោតទម្រង់ ១១០២ នោះ។

ប៉ុន្តែអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក ហង្ស ពុទ្ធា ធ្លាប់ប្រាប់ថា​ ការកែសម្រួលនីតិវិធីនេះ ដោយ សារតែ គ ជ ប បានដាក់បញ្ចូលប្រព័ន្ធបច្ចេកវិទ្យានិងឧបករណ៍ទំនើបដូចជា ម៉ាស៊ីនស្កេន ម៉ាស៊ីនព្រីន និងកុំព្យទ័រ  ដែលអាចជួយសម្រួលការរាប់សន្លឹកឆ្នោតកាន់តែសុក្រឹត ព្រោះការចម្លង​ដោយដៃមានភាពយឺតយ៉ាវ និងអាចចម្លងខុសទិន្នន័យដើម។ យ៉ាងណាអ្នកនាំពាក្យ គ ជ ប រូបនេះ អះអាងថា ស្ថាប័នរៀបចំការបោះឆ្នោតនៅតែរក្សាជំហរអនុវត្តផែនការនេះនៅការបោះឆ្នោតឃុំ សង្កាត់ខាងមុននេះ ហើយនៅពេលមានបញ្ហាទិន្នន័យគណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងអាចប្តឹងតាមនីតិវិធីបាន។

នីតិវិធីដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ្រងនឹងកែសម្រួលក្នុងកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត ឬទម្រង់ ១១០២នោះ គឺតម្រូវឱ្យគណបក្សនយោបាយថតចម្លងទិន្នន័យនៅមុខការិយាល័យបោះឆ្នោតនៅពេលបិទផ្សាយជាសាធារណៈ។ ហើយគណបក្សនយោបាយអាចទៅទទួលយកទម្រង់បែបបទ ១១០២នេះ ពីគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតបាន។ទម្រង់នេះត្រូវបានគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ស្គេន ដោយផ្ទាល់ រួមបោះពុម្ភចេញពីកុំព្យូទ័រ​ ហើយចែកជូនតំណាងគណបក្សនីមួយៗដែលមានវត្តមាននៅគណៈកម្មការ ឃុំ សង្កាត់ រៀបចំការបោះឆ្នោត។

តែយ៉ាងណា អ្នកធ្វើការងារលើកិច្ចបោះឆ្នោតយល់ថា ការរក្សាទុកទម្រង់ ១១០២ឱ្យនៅដដែល  អាចជួយឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់  អស់ចិត្តអំពីលទ្ធផលឆ្នោត៕

Share

ព័ត៌មានទាក់ទង

Image