en     km
en     km

មេដឹកនាំរដ្ឋប្រហារភូមាប្ដេជ្ញាធ្វើការជាមួយប្រធានអាស៊ានឆ្នាំ២០២២

Share

មេដឹកនាំរដ្ឋប្រហារយោធាភូមាឬមីយ៉ាន់ម៉ា ឧត្ដមសេនីយ៍ មីន អោង ឡាំង បានអះអាងជាថ្មី ប្រាប់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា «មីយ៉ាន់ម៉ាប្តេជ្ញាចិត្តធ្វើការជាមួយកម្ពុជា ជាប្រធានអាស៊ាន។

កញ្ញា លន់ សុបិន្ត ជូនសេចក្ដីរាយការណ៍ …

 

 

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃពុធម្សិលមិញ បានប្រកាសថា មេដឹកនាំរដ្ឋប្រហារយោធាភូមាឬមីយ៉ាន់ម៉ា ឧត្ដមសេនីយ៍ មីន អោង ឡាំង បានអះអាងជាថ្មី ប្រាប់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា «មីយ៉ាន់ម៉ាប្តេជ្ញាចិត្តធ្វើការជាមួយកម្ពុជា ជាប្រធានអាស៊ាន ដើម្បីធានាបាននូវឆ្នាំប្រកបដោយជោគជ័យមួយ»។

ការប្រកាសបែបនេះបានកើតឡើងបន្ទាប់ពីមានជំនួបមួយ តាមប្រព័ន្ធទូរសោតទស្សន៍ រវាងនាយករដ្ឋមន្ត្រីកម្ពុជា និងប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ានៅថ្ងៃដដែល។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស កិច្ចប្រជុំទល់មុខគ្នាពីចម្ងាយម្សិលមិញ គឺជាការបន្តតាមដានការងារ ក្រោយទស្សនកិច្ចរបស់សម្ដេច ហ៊ុន សែន នៅប្រទេសភូមាកាលពីដើមខែមករានេះ។

ក្នុងឱកាសនោះ នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២ បានប្រាប់ដៃគូសន្ទនាថា «កម្ពុជាមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីហិង្សា ដែលបន្តកើតមាននៅក្នុងប្រទេសមីយ៉ាន់ម៉ា»។ នេះបើយោងតាមក្រសួងការបរទេស ដែលបន្តថា សម្ដេច ហ៊ុន សែន បានលើកសំណើ៤ចំណុចទៅកាន់ឧត្ដមសេនីយ៍ មីន អោង ឡាំង។

សំណើទាំង៤ចំណុចនោះរួមមានការគោរពកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ានកាលពីខែមេសា ការបើកផ្លូវឱ្យប្រេសិតពិសេសរបស់ប្រធានអាស៊ានចូលប្រទេសភូមា ការអនុវត្តបទឈប់បាញ់និងការបញ្ឈប់អំពើហិង្សា និងការគាំទ្រដល់កិច្ចសហប្រតិបត្តិការផ្ដល់ជំនួយមនុស្សធម៌។

ក្រសួងការបរទេសបានបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនថា ឧត្តមសេនីយ៍ មីន អោង ឡាំង បានឯកភាពជាមួយ សម្តេច ហ៊ុន សែន ក្នុងការបន្តការពិភាក្សា«ដោយស្មោះត្រង់»លើបញ្ហានានា ដែលជាប្រយោជន៍ទៅវិញទៅមក៕

Share

Image
Image
Image