ភ្នំពេញ៖ សេនារីយ៉ូមួយចំនួនដែលកើតមានឡើងក្រោយតំណាងសហជីពណាហ្គាវើលដ៍ត្រូវបានចោទប្រកាន់និងឃុំខ្លួននោះ ត្រូវបានក្រុមកូដករចាត់ទុកថាជាល្បិចដើម្បីបំបែកពួកគេចេញពីសហជីពតែប៉ុណ្ណោះ។ ក្រុមកូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍យល់ថា មានតែការដោះលែងតំណាងទាំង៨នាក់មកវិញប៉ុណ្ណោះទើបជាដំណោះស្រាយ។ហើយការព្យាយាមប្រើល្បិចផ្សេងៗមកលើក្រុមកូដករពុំមែនជាដំណោះស្រាយនោះទេ តែផ្ទុយទៅវិញវារឹតតែធ្វើឱ្យបញ្ហាកាន់តែរុំាំរ៉ៃ។
តទៅនេះសូមនាងកញ្ញា លោក លោកស្រី អញ្ជើញស្តាប់បទវិភាពរបស់លោក កែវ សុខា ដូចតទៅ។
រឿងរ៉ាវមួយ បញ្ហាមួយ ឬវិវាទមួយកើតឡើង វាតែងតែបញ្ចប់ទៅវិញ។ ប៉ុន្តែការបញ្ចប់សាច់រឿងទៅវិញមានលក្ខណៈខុសប្លែកៗគ្នា។
យ៉ាងណាមិញ រឿងរ៉ាវវិវាទនៃក្រុមហ៊ុនណាហ្គាវើលដ៍ យើងពុំទាន់អាចហ៊ានសន្និដ្ឋានថានឹងអាចបញ្ចប់ដោយរបៀបណានោះទេ។
ក៏ប៉ុន្តែ ការបង្ហើបសារពីឥស្សរជនជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលក្នុងរឿងនេះ ហាក់ជាសញ្ញាណមួយបញ្ជាក់ថា វិវាទមួយនេះអាចជិតរកច្រកចេញបានបន្ទាប់ពីជាប់គាំងជាច្រើនខែ។
កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ក្នុងពិធីមួយសម្តេច ស ខេង បានលើកឡើងពីវិវាទណាហ្គាវើលដ៍មួយនេះ បើទោះបីជាវិវាទនេះស្ថិតនៅក្រៅរង្វង់សមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃដែលសម្តេច ស ខេង ជារដ្ឋមន្រ្តីក៏ដោយ។
សម្តេច ស ខេង បានបង្ហើបប្រាប់ពីសកម្មភាពរបស់សម្តេចដែលបានជូនយោបល់ដល់រដ្ឋមន្រ្តីក្រសួងការងារក្នុងការដោះស្រាយវិវាទនេះ។ ជាងនេះសម្តេច ស ខេង បានណែនាំឱ្យភាគីវិវាទទាំងសងខាងបែរមុខរកគ្នា ដើម្បីអាចឈានចូលតុចរចាជជែកគ្នាស្វែងរកដំណោះស្រាយ។
បើពិនិត្យមើលសញ្ញាណនេះ បើទោះបីជាមិនទាន់មានការលូកដៃជ្រៅក៏ដោយ តែក៏អាចជាពន្លឺថ្មីមួយនាំឱ្យគូវិវាទអាចឈានចូលតុចរចាបានដែរ។
តាមទម្លាប់គេសង្កេតឃើញថា ពេលមានសញ្ញាណលូកដៃចូលអន្តរាគមន៍ពីថ្នាក់នាយករដ្ឋមន្រ្តី និងមន្រ្តីជាន់ខ្ពស់ រឿងរ៉ាវឬបញ្ហាមួយនោះនឹងអាចឆាប់មានដំណោះស្រាយ។
ប៉ុន្តែ រឿងរ៉ាវវិវាទការងារមួយនេះ នៅមានភាពស្មុគស្មាញ ពុំទាន់អាចរកច្រកចេញបាននៅត្រង់ថា ក្រុមហ៊ុនណាហ្គាវើលដ៍អាចទទួលយកតំណាងសហជីពចូលធ្វើការវិញ ឬចង់កម្ចាត់សហជីពទាំងនោះចេញពីណាហ្គាវើលដ៍។
បើសិនជាក្រុមហ៊ុនមានចេតនាចង់កំចាយក្រុមសហជីពចេញពីក្រុមហ៊ុនមែន នោះវិវាទមួយនេះទំនងអូសបន្លាយពេលយូរ ហើយការលូកដៃពីមន្រ្តីជាន់ខ្ពស់ក្នុងរឿងនេះ ប្រហែលជាគ្មានប្រសិទ្ធិភាពនោះទេ។
ការនិយាយបែបនេះ បើយើងពិនិត្យមើលជំហរខាងកូដករដែលជាបុគ្គលិកណាហ្គាវើលដ៍ ពួកគេបានចេញធ្វើកូដកម្មជារៀងរាល់ថ្ងៃ ហើយមិនព្រមចូលតុចរចាផ្ទៀងផ្ទាត់ប្រាក់ទូទាត់ផ្សេងៗតាមការប្រកាសរបស់ក្រសួងការងារនោះទេ ក្រោយតំណាងសហជីពរបស់ពួកគេត្រូវចាប់ខ្លួន។ ហើយពួកគេតែងប្រកាសជំហរថា ពួកគេមិនព្រមចូលតុចរចាឡើយបើមិនដោះលែងតំណាងសហជីពមកវិញ។ ហេតុដូច្នោះហើយ ទើបធ្វើឱ្យវិវាទមួយនេះអូសបន្លាយពេលជាច្រើនខែបែបនេះ។
បើពិនិត្យឱ្យមែនទែនទៅ វិវាទមួយនេះ មានចំណុចធំៗពីរសំខាន់ដែលមានភាពចម្រូងចម្រាស។
គឺការទាមទារឱ្យក្រុមហ៊ុនទទួលយកបុគ្គលិកជាង ៣៥៦នាក់ចូលធ្វើការវិញ និងការទូទាត់ប្រាក់បំណាច់ផ្សេងៗសម្រាប់បុគ្គលិកដែលត្រូវកាត់ចេញបញ្ឈប់ពីណាហ្គាវើលដ៍។
សម្រាប់ចំណុចការទូទាត់ប្រាក់បំណាច់ផ្សេងៗសម្រាប់បុគ្គលិកដែលត្រូវកាត់ចេញពីក្រុមហ៊ុន យើងពិនិត្យឃើញហេតុការណ៍ពីរផ្សេងទៀត។
ហេតុការណ៍ទី១ គឺនៅមុនការចេញធ្វើកូដកម្មរបស់បុគ្គលិក និងនៅមុនការចាប់ខ្លួនតំណាងសហជីពបុគ្គលិក ៨ នាក់។និងហេតុការណ៍ទី២គឺនៅក្រោយការចាប់ខ្លួនតំណាងសហជីព។នៅមុនការចាប់ខ្លួនតំណាងរបស់ពួកគេ កាលនោះ ការទូទាត់ប្រាក់បំណាច់ផ្សេងៗពីសំណាក់ក្រុមហ៊ុនជូនបុគ្គលិកមានភាពមិនត្រឹមត្រូវ ពោលការទូទាត់ពេលនោះបាត់ប្រាក់បុគ្គលិកដែលធ្វើឱ្យបុគ្គលិកជំទាស់មិនទទួលយក។
ក៏ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ ពោលគឺក្រោយការចាប់ខ្លួនតំណាងសហជីព ខាងក្រុមហ៊ុនប្រាប់ក្រុមកូដករថា ការទូទាត់ប្រាក់បំណាច់កាលពីពេលមុនគឺខុស ហើយស្នើឱ្យក្រុមកូដករចូលមកផ្ទៀងផ្ទាត់ប្រាក់បំណាច់នោះឡើងវិញដើម្បីបញ្ចប់រឿង។
ត្រង់ចំណុចនេះ ខាងកូដករណាហ្គាវើលដ៍មិនព្រមនោះឡើយ ព្រោះយល់ថា នេះជាល្បិចខាងក្រុមហ៊ុនព្យាយាមឱ្យកូដករទទួលយកប្រាក់ទូទាត់ឈប់ទៅធ្វើកូដកម្ម។ រឿងនេះកូដករយល់ថា បើខ្លួនព្រមទទួលយកការទូទាត់ ដូច្នេះស្មើនឹងពួកគេបោះបង់ចោលតំណាងសហជីពខ្លួនដែលកំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារទៅហើយ។ ដូច្នេះហើយ ទើបរហូតមកទល់ពេលនេះ ពួកគេពុំមាននរណាព្រមទៅទូទាត់ប្រាក់បំណាច់នោះទេ។
មួយទៀត ក្រុមកូដករបានប្រាប់ថា រយៈពេលចុងក្រោយនេះ ខាងក្រុមហ៊ុនបានហៅទូរស័ព្ទមកបុគ្គលិកម្នាក់ៗផ្ទាល់តែម្តង ដោយបានបញ្ចុះបញ្ចូលឱ្យកូដករម្នាក់ៗនោះបោះបង់ការធ្វើកូដកម្មជាថ្នូរនឹងការទទួលយកចូលធ្វើការវិញ។
បើពិនិត្យមើលសេនារីយ៉ូទាំងប៉ុន្មានខាងលើ យើងអាចទាញការសន្និដ្ឋានបានថា ខាងក្រុមហ៊ុនគ្មានឆន្ទៈដោះស្រាយវិវាទមួយនេះដោយសុច្ចចិត្តនោះទេ ពោលគឺមានបំណងចង់ទាត់សហជីពចេញពីក្រុមហ៊ុនតែម្តង។ ការដែលចង់បំបាត់សហជីពចេញពីក្រុមហ៊ុន បើតាមក្រុមបុគ្គលិកធ្លាប់ប្រាប់ថា តំណាងសហជីពរបស់ពួកគេតែងតែហ៊ានចេញមុខតវ៉ា ទាមទារនិងប្រឆាំងជាមួយក្រុមហ៊ុន ក្នុងការការពារផលប្រយោជន៍ជូនបុគ្គលិកកម្មករទន់ខ្សោយ។ ទំនងជាចង់ដកឆ្អឹងទទឹងកហើយមើលទៅ ទើបមានព្រឹត្តិការចាប់ឃាត់ខ្លួននិងការចោទប្រកាន់ឃុំឃាំងតំណាងសហជីពទាំងនោះ។
តាមរយៈការកាត់បន្ថយបុគ្គលិកនិងសហជីពពីក្រុមហ៊ុនណាហ្គាវើលដ៍នេះ ក្រុមហ៊ុនណាហ្គាវើលដ៍បានពន្យល់ពីហេតុផលរបស់ខ្លួនក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២៣ ខែមករាថ្មីៗនេះដោយសារបញ្ហាកូវីដ១៩។
ក្រុមហ៊ុនណាហ្គាវើលដ៍គូសបញ្ជាក់ថា ការកាត់បន្ថយបុគ្គលិកធ្វើឡើងដោយសារតែទំហំអាជីវកម្មរបស់ក្រុមហ៊ុនធ្លាក់ចុះ ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។ ការកាត់បន្ថយបុគ្គលិកមួយផ្នែកនេះ មិនមែនជាចេតនាចង់លុបបំបាត់សហជីពនោះទេ តែផ្ទុយទៅវិញដើម្បីទ្រទ្រង់ការពារសុខុមាលភាពបុគ្គលិកផ្សេងទៀតតែប៉ុណ្ណោះ។
សម្រាប់ហេតុផលលើកឡើងរបស់ក្រុមហ៊ុននេះ ត្រូវមជ្ឈដ្ឋានមួយចំនួនដែលតាមដានរឿងនេះ បានលាតត្រដាងពីចំណូលរបស់ក្រុមហ៊ុនតាមរយៈរបាយការណ៍ហិរញ្ញវត្ថុរបស់ណាហ្គាវើលដ៍។
របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ដែលកាសែតបារាំងមួយបានស៊ើបអង្កេត ហើយត្រូវបានលោក សម រង្ស៊ី បង្ហាញលើទំព័រហ្វេសប៊ុករបស់លោកបានរកឃើញថា នៅឆ្នាំ ២០១៩ ក្រុមហ៊ុនណាហ្គាវើលដ៍ រកបានប្រាក់ចំណូល ១.៧ ពាន់លានដុល្លារ។ ក្នុងនោះប្រាក់ចំណេញសុទ្ធជាង ៥០០ លានដុល្លារអាមេរិក ចំណូលនេះ កើនឡើងឥតឈប់ឈររយៈពេលជាច្រើនឆ្នាំមកហើយ។ ការចំណេញនេះបានធ្វើឱ្យNagaworld សំរេចសាងសង់សាខាទី៣ របស់ខ្លួនផងដែរ។
សរុបមកវិញ វិវាទការងារនៃក្រុមហ៊ុនណាហ្គាវើលដ៍នេះ បើសិនជាខាងក្រុមហ៊ុនមិនមានបំណងទទួលយកសហជីពចូលធ្វើការវិញទេ ឬចង់ផ្លាស់ប្តូរសហជីពថ្មីដែលជាសហជីពការពារផលប្រយោជន៍ខាងក្រុមហ៊ុនវិញនោះ នោះវិវាទមួយនេះ អាចនៅតែកើតមានឡើងដដែល។
បុគ្គលិកណាហ្គាវើលដ៍ដែលមានសរុបជាង ១៣០០នាក់ ហើយក្នុងចំណោមនោះបុគ្គលិកជាស្ត្រីមានជាង៧០%នោះ ពួកគេពិតជាត្រូវការជាចាំបាច់ តំណាងសហជីពមួយដែលអាចការពារផលប្រយោជន៍របស់ពួកគេ បញ្ជៀសបានពីការរំលោភបំពានផ្សេងៗពីថៅកែ។
បុគ្គលិកណាហ្គាវើលដ៍ដែលភាគច្រើនជាស្រ្តី នារយៈពេលចុងក្រោយត្រូវបាត់បង់ប្រាក់ចំណូល និងត្រូវចំណាយធនធានថវិកាដើម្បីចេញធ្វើកូដកម្មទាមទារឱ្យដោះលែងតំណាងរបស់ពួកគេមកវិញ។ ពួកគេខ្លះត្រូវដាច់ចិត្តលក់វត្ថុមានតម្លៃដើម្បីបន្តសកម្មភាពធ្វើកូដកម្មទាមទារឱ្យមានការដោះលែងតំណាងសហជីពរបស់ពួកគេ។
ដូច្នេះ ល្មមដល់ពេលហើយដែលភាគីក្រុមហ៊ុនណាហ្គាត្រូវត្រិះរិះពិចារណាឡើងវិញ និងទម្លាក់ចោលបំណងឬចេតនាកំចាយតំណាងសហជីពនោះ។ សម្រាប់ដំណោះស្រាយចំពោះមុខនេះ ការដោះលែងតំណាងទាំង ៨នាក់មកវិញ ជាជម្រើសល្អបំផុត ដើម្បីឈានទៅរកតុចរចាបញ្ចប់វិវាទនៃកាស៊ីណូល្បែងស៊ីសងនាកណ្តាលរាជធានីភ្នំពេញនេះបាន៕