មេដឹកនាំប្រទេសអ៊ុយក្រែន កាលពីថ្ងៃអង្គារ បានព្យាយាមធានាចំពោះមុខប្រជាជាតិខ្លួនថា ការឈ្លានពានពីប្រទេសរុស្ស៊ី ដែលនៅជិតខាង គឺមិនកើតឡើងភ្លាមៗទេ ខណៈដែលមានការយល់ឃើញថាមាន«ល្បែងការទូតដ៏ស្មុគស្មាញ»នៅក្នុងរឿងនេះ។
លោក ឯម មាឃ ជូនសេចក្ដីរាយការណ៍ ដោយផ្អែកតាមទីភ្នាក់ងារសារព័ត៌មានអេភី …
មេដឹកនាំប្រទេសអ៊ុយក្រែន កាលពីថ្ងៃអង្គារ បានព្យាយាមធានាចំពោះមុខប្រជាជាតិខ្លួនថា ការឈ្លានពានពីប្រទេសរុស្ស៊ី ដែលនៅជិតខាង គឺមិនកើតឡើងភ្លាមៗទេ ថ្វីបើជាពួកគេបានទទួលស្គាល់ថា ការគំរាមកំហែងគឺមានពិត ហើយបានទទួលជំនួយជាសម្ភារៈយោធាពីសហរដ្ឋអាមេរិក ដើម្បីពង្រឹងកិច្ចការពារខ្លួនក៏ដោយ។
រដ្ឋាភិបាលប្រទេសរុស្ស៊ីបានបដិសេធថា ខ្លួនមិនបានរៀបចំផែនការវាយលុកទេ ប៉ុន្តែប្រទេសនេះបានប្រមូលផ្តុំកងទ័ពប្រមាណ១សែននាក់នៅជិតប្រទេសអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយកំពុងធ្វើសមយុទ្ធនៅតាមទីតាំងជាច្រើនក្នុងប្រទេសរុស្ស៊ី។ ការណ៍នេះបាននាំឱ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងអង្គការ ណាតូ រួសរាន់ត្រៀមខ្លួន ដើម្បីធ្វើសង្គ្រាមដែលអាចកើតមាន។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន បានប្រាប់អ្នកសារព័ត៌មានថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន «បន្តបង្កើនកងកម្លាំងនៅតាមបណ្ដោយព្រំដែនអ៊ុយក្រែន» ហើយការវាយប្រហារណាមួយ «នឹងក្លាយជាការឈ្លានពានដ៏ធំបំផុត ចាប់តាំងពីសម័យសង្គ្រាមលោកលើកទី២មក។ វានឹងផ្លាស់ប្តូរពិភពលោក»។
ការចរចាតាមផ្លូវការទូតកម្រិតខ្ពស់ ជាច្រើនលើក មិនបានសម្រេចចេញជាដំណោះស្រាយណាមួយទេ ហើយភាពតានតឹងបានកើនរឹតតែខ្លាំងឡើងនៅសប្តាហ៍នេះ។ អង្គការ ណាតូ បាននិយាយថា ខ្លួនកំពុងពង្រឹងការទប់ស្កាត់នៅក្នុងតំបន់សមុទ្របាល់ទិក រីឯសហរដ្ឋអាមេរិកបានបញ្ជាឱ្យទាហាន៨ពាន់៥រយនាក់ ប្រុងជើងការខ្ពស់ ត្រៀមដាក់ពង្រាយនៅអឺរ៉ុប។ វាជាផ្នែកមួយនៃ«កម្លាំងឆ្លើយតប»របស់សម្ព័ន្ធមិត្ត ក្នុងករណីចាំបាច់។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន ក៏បាននិយាយដែរថា លោកបានត្រៀមបញ្ជូនកងទ័ព ទៅការពារសម្ព័ន្ធមិត្តក្នុងអង្គការណាតូនៅទ្វីបអឺរ៉ុបហើយ។
នៅឯទីក្រុងប៊ែរឡាំងឯណោះ ជាការបង្ហាញឯកភាពរបស់អឺរ៉ុប អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្កុលស៍ និងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានអំពាវនាវឲ្យមានការបន្ធូរបន្ថយវិបត្តិ។ លោក ស្កុលស៍ បាននិយាយថា គាត់ចង់បាន«ការបោះជំហានច្បាស់លាស់ពីប្រទេសរុស្ស៊ី ដែលអាចរួមចំណែកដល់ការបន្ធូរស្ថានការណ៍»។ លោក ម៉ាក្រុង ដែលបានប្រាប់ថា លោកនឹងនិយាយជាមួយលោក ពូទីន តាមទូរស័ព្ទនៅថ្ងៃសុក្រ បានថ្លែងថា «ប្រសិនបើមានការរំលោភបំពាន ការតបតនឹងកើតមាន ហើយតម្លៃខាតបង់នឹងខ្ពស់ណាស់»។
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បានគំរាមដាក់ទណ្ឌកម្មដែលមិនធ្លាប់មានពីមុនមក ប្រសិនបើរុស្ស៊ីបញ្ជូនទាហានរបស់ខ្លួនឱ្យចូលអ៊ុយក្រែន ប៉ុន្តែពួកគេមិនបានផ្តល់ព័ត៌មានលម្អិតទេ គ្រាន់តែនិយាយថា វាជាការល្អបំផុត ដែលទុកឱ្យលោក ពូទីន បន្តការប៉ាន់ស្មានរបស់គាត់។
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាឱ្យក្រុមគ្រួសារបុគ្គលិកអាមេរិកទាំងអស់ នៅស្ថានទូតខ្លួនក្នុងទីក្រុងគៀវ ចាកចេញពីប្រទេសអ៊ុយក្រែន។ ក្រសួងដដែលបាននិយាយថា បុគ្គលិកស្ថានទូតដែលមិនចាំបាច់អាចចាកចេញបាន។ អង់គ្លេសក៏បាននិយាយដែរថា ខ្លួនកំពុងដកមន្ត្រីការទូតមួយចំនួន និងអ្នកនៅក្នុងបន្ទុករបស់ពួកគេ ចេញពីស្ថានទូតនៅទីក្រុងគៀវ។ គ្រួសាររបស់បុគ្គលិកការទូតកាណាដា ក៏ត្រូវបានគេប្រាប់ឲ្យចាកចេញពីប្រទេសអ៊ុយក្រែនដែរ។
ទោះបីជាយ៉ាងនេះក្ដី អាជ្ញាធរអ៊ុយក្រែនបានព្យាយាមធ្វើឱ្យមានភាពស្ងៀមស្ងាត់។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សឺឡឹនស្គី បានស្នើកុំឱ្យប្រជាជនអ៊ុយក្រែនភិតភ័យ ពេលលោកថ្លែងសុន្ទរកថាតាមទូរទស្សន៍ជាលើកទី២ ទៅកាន់ប្រជាជាតិ។
លោក ហ្សឺឡឹនស្គី បាននិយាយតាមសម្ដីដើមថា៖ «យើងមានកម្លាំងគ្រប់គ្រាន់ ក្នុងការរក្សាអ្វីៗគ្រប់យ៉ាងឲ្យស្ថិតនៅក្រោមការគ្រប់គ្រង និងក្នុងការបង្អាក់រាល់ការប៉ុនប៉ងណាមួយដែលធ្វើឲ្យមានអស្ថិរភាព»។
លោកប្រធានាធិបតីបាននិយាយទៀតថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក អង់គ្លេស អូស្ត្រាលី អាល្លឺម៉ង់ និងកាណាដា ក្នុងការដកអ្នកការទូតមួយចំនួន និងអ្នកនៅក្នុងបន្ទុករបស់ពួកគេ ចេញពីទីក្រុងគៀវ «មិនមែនសុទ្ធតែជាសញ្ញាដែលថាមានភាពតានតឹងមិនអាចបញ្ចៀសបាននោះទេ ហើយវាជាផ្នែកមួយនៃល្បែងការទូតដ៏ស្មុគស្មាញមួយ»។ លោកបន្ថែមថា៖ «យើងកំពុងធ្វើការរួមគ្នាជាមួយដៃគូយើង ក្នុងនាមជាក្រុមតែមួយ»។
រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន លោក អូឡិកស៊ី រ៉េស្នីកូវ បានប្រាប់សភាថា «មកដល់ថ្ងៃនេះ គ្មានមូលដ្ឋានណាដែលត្រូវជឿទេ»ថា រុស្ស៊ីនឹងឈ្លានពានក្នុងពេលឆាប់ៗ។ លោក រ៉េស្នីកូវ បានកត់សម្គាល់ថា កងទ័ពរបស់ខ្លួនមិនបានបង្កើតនូវអ្វីដែលលោកហៅថាក្រុមប្រយុទ្ធ ដើម្បីចេញទៅកាន់ព្រំដែននោះទេ។ គាត់បាននិយាយទៀតថា «កុំបារម្ភអី សម្រាន្តឱ្យបានលក់ស្រួលទៅ» ហើយថា «មិនចាំបាច់វេចបង្វិចរបស់អ្នកទេ»
ប៉ុន្តែ នៅក្នុងបទសម្ភាសន៍មួយកាលពីល្ងាចថ្ងៃចន្ទ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនរូបនេះបានទទួលស្គាល់ថា «សេណារីយ៉ូដែលមានហានិភ័យ» គឺអាចកើតឡើង៕
រុស្ស៊ីបាននិយាយថា ការចោទប្រកាន់ពីលោកខាងលិចថា ខ្លួនកំពុងរៀបចំផែនការវាយប្រហារ គឺគ្រាន់តែជាការបិទបាំងការបង្កហេតុ ដែលអង្គការណាតូបានគ្រោងទុកប៉ុណ្ណោះ។ អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ី លោក ឌីមីទ្រី ប៉េស្កូវ បានចោទប្រកាន់សហរដ្ឋអាមេរិកម្តងទៀតថា«បង្កើតភាពតានតឹង»ជុំវិញរឿងអ៊ុយក្រែន ដែលជាអតីតរដ្ឋមួយក្នុងសហភាពសូវៀត ហើយដែលមានជម្លោះជាមួយរុស្ស៊ីអស់រយៈពេលជិត៨ឆ្នាំមកហើយ។
ក្រុមអ្នកវិភាគនិយាយថា មេដឹកនាំអ៊ុយក្រែនស្ថិតនៅចន្លោះការព្យាយាមរម្ងាប់អារម្មណ៍របស់ប្រជាជន និងការធានាថាខ្លួនទទួលបានជំនួយគ្រប់គ្រាន់ពីលោកខាងលិច ក្នុងករណីមានការឈ្លានពាន។
អ្នកវិភាគនយោបាយមួយរូប គឺលោក វ៉ូឡូឌីមៀរ ហ្វេស្សិនកូ បាននិយាយថា «ផែនការរបស់វិមានក្រឹមឡាំង រួមមានការធ្វើឱ្យខូចដល់ស្ថានការណ៍ក្នុងប្រទេសអ៊ុយក្រែន ការធ្វើឱ្យមានការរំជើបរំជួល និងការភ័យខ្លាចក្នុងចំណោមប្រជាជនអ៊ុយក្រែន ហើយអាជ្ញាធរអ៊ុយក្រែនយល់ឃើញថា វាមានការលំបាកកាន់តែខ្លាំងឡើង ក្នុងការទប់ស្កាត់ភាពភ័យខ្លាចដែលកើនឡើងយ៉ាងឆាប់រហ័នេះ»៕
—
យោង៖ https://apnews.com/article/russia-ukraine-russia-diplomacy-europe-baltic-sea-44821c52f54b5e927d86ea28420cb2cf