ភ្នំពេញ៖ កូដករក្រុមហ៊ុនណាហ្គាវើលដ៍សាទរចំពោះសាររបស់សម្តេច ស ខេង ដែលចង់ឱ្យភាគីវិវាទបែរមុខរកគ្នា ដើម្បីឈានទៅចូលតុចរចាស្វែងរកដំណោះស្រាយ។ តែយ៉ាងណា ក្រុមកូដករនៅតែទទូចឱ្យមានការដោះលែងតំណាងសហជីពរបស់ពួកគេទាំង ៨ រូបជាមុនសិន ទើបពួកគេព្រមចូលតុចរចា។
លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ
ក្រុមកូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍ស្វាគមន៍និងសាទរចំពោះលើកឡើងរបស់សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃដែលបង្ហាញបំណងចង់ឱ្យភាគីវិវាទនៃក្រុមហ៊ុនណាហ្គាវើលដ៍អាចបន្ទន់ជំហររឹងត្អឹងបែរមុខរកគ្នា ដើម្បីឈានទៅរកតុចរចាជជែកស្វែងរកដំណោះស្រាយរួម។
ការសាទររបស់កូដករណាហ្គាវើលដ៍នេះ បន្ទាប់ពីសម្តេច ស ខេង កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ បានថ្លែងក្នុងពិធីប្រគល់រថយន្តជូនវរសេនាតូចនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី១ ភូមិភាគទី២ និងភូមិភាគទី៣ នៅអគ្គស្នងការដ្ឋាននគរបាលជាតិថា ជម្លោះក្រុមហ៊ុនណាហ្គាវើលដ៍នេះស្ថិតក្នុងវិវាទការងារ ដូច្នេះក្រសួងការងារនិងអ្នកពាក់ព័ន្ធត្រូវរក្សាភាពអត់ធ្មត់ក្នុងការសម្របសម្រួលដោះស្រាយ។ ជាងនេះសម្តេច ក៏ផ្តល់អនុសាសន៍ដល់ភាគីវិវាទទាំងសងខាងត្រូវចេះបែរមុខរកគ្នា ដើម្បីអាចមានលទ្ធភាពចូលអង្គុយចរចាស្វែងរកដំណោះស្រាយ។
សម្តេច ស ខេង ៖«បើអាចថាបន្តិចម្តងៗយើងងាកមុខរកគ្នាទៅ បើយើងមិនងាកមុខដាក់គ្នាទេ មិនដឹងថាឆ្នាំណាយើងរកដំណោះស្រាយឃើញទេ។ខ្ញុំតែងផ្តល់នូវយោបល់ទៅអាជ្ញាធរក្រុង និងឯកឧត្តម អ៊ិត សំហេង និងសមត្ថកិច្ចផងដែរឱ្យខិតខំដើម្បីសម្របសម្រួលភាគីទាំងពីរនេះ អាចនិយាយជាមួយគ្នាហើយរកដំណោះស្រាយជាមួយគ្នា បើមិនអាចរកដំណោះស្រាយមិនឃើញអាចនឹងផ្តល់តុលាការ»។
កញ្ញា អ៊ុក សុភ័ក្រម៉ូនីកា សមាជិកសហជីពនិងជាបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី២៦ខែមករានេះថា កញ្ញាសប្បាយចិត្តដែលថ្នាក់ដឹកនាំជាន់ខ្ពស់បានយកចិត្តទុកដាក់និងថ្លែងសារជំរុញឱ្យភាគីវិវាទស្វែងរកដំណោះស្រាយដោយសន្តិវិធី។ តែយ៉ាងណាកញ្ញាបញ្ជាក់ថា កន្លងមកខាងកូដករ តែងតែបន្ទន់ខ្លួនចូលដោះស្រាយតាមរយៈយន្តការផ្សេងៗជាប់ជានិច្ច តែភាគីក្រុមហ៊ុនទេមិនដែលទទួលយកសំណើនិងការលើកឡើងរបស់ក្រុមកូដករ។ ដោយឡែកសម្រាប់ភាគីកូដករ ការចរចាអាចកើតឡើងបានលុះត្រាតែតំណាងរបស់ពួកគេត្រូវបានដោះលែងជាមុនសិន។ នេះជាការបញ្ជក់បន្ថែមពីកញ្ញា ម៉ូនីកា។
កញ្ញា អ៊ុក សុភ័ក្រម៉ូនីកា៖«ពីខាងខ្ញុំកូដករទៅគឺពួកខ្ញុំចាំតែភាគីក្រុមហ៊ុនបែរខ្នងទៅរក ពួកខ្ញុំតែងបែរមុខទៅរកគេរហូត តែក្រុមហ៊ុនតែងបែរខ្នងដាក់យើង ដែលយើងមានការដោះស្រាយជាមួយគ្នាប៉ុន្មានដងហើយជាមួយក្រសួងការងារ និងសាលារាជធានីភ្នំពេញ តែខាងក្រុមហ៊ុនតែប្រកែកមិនព្រមទទួលសំណើរបស់ពួកខ្ញុំ។ ចឹងពួកខ្ញុំសប្បាយចិត្តចំពោះប្រសាសន៍របស់សម្តេច ស ខេង ដែលអាចធ្វើឱ្យក្រសួងការងារមេត្តាជួយជំរុញហើយឱ្យក្រុមហ៊ុនទម្លាក់ចោលនូវការរើសអើងមកខាងសហជីព»។
កូដកម្មរបស់បុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៍ដែលជាកាស៊ីណូធំមួយនាកណ្តាលរាជធានីភ្នំពេញ បានផ្ទះឡើងកាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីការស្វែងរកដំណោះស្រាយពីស្ថាប័នពាក់ព័ន្ធមិនទទួលបានជោគជ័យ។ ភាគីក្រុមកូដករបានស្នើឱ្យក្រុមហ៊ុនគោរពនិងទទួលយកលក្ខខណ្ឌចំនួន ៩ ចំណុចដែលរួមមានការទទួលយកបុគ្គលិកចំនួន៣៦៥នាក់ឱ្យចូលធ្វើការវិញ និងការទូទាត់ប្រាក់បំណាច់ផ្សេងៗសម្រាប់បុគ្គលិកដែលត្រូវកាត់ចេញ រួមជាមួយលក្ខខណ្ឌមួយចំនួនផ្សេងទៀត។ ប៉ុន្តែលក្ខខណ្ឌនេះត្រូវបានភាគីក្រុមហ៊ុនបដិសេធ។
រហូតមកទល់ថ្ងៃទី ២៣ ខែមករា កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនណាហ្គាវើលដ៍បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនមួយ ដោយបានរ៉ាយរ៉ាប់ពីការខាតបង់និងការធ្លាប់ចុះនៃទំហំអាជីវកម្មរបស់ក្រុមហ៊ុនដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ១៩។ សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា ការកាត់បន្ថយបុគ្គលិកសហជីពកម្មករ គឺដើម្បីទ្រទ្រង់និងការពារផលប្រយោជន៍និងសុខុមាលភាពបុគ្គលិកដទៃទៀតប៉ុណ្ណោះ ហើយការកាត់បុគ្គលិកនេះទៀតសោតមិនមានចេតនារើសអើងសហជីពនោះទេ។
តែសម្រាប់កញ្ញា ម៉ូនីកា ចាត់ទុកការលើកឡើងរបស់ក្រុមហ៊ុនថា ជាការប្រើរូបភាពបោកប្រាស់ និងបន្លំភ្នែកមហាជនតែប៉ុណ្ណោះ។ ការយល់បែបនេះ ព្រោះកញ្ញាមើលឃើញថា ក្នុងអំឡុងពេលកូវីដ១៩ ក្រុមហ៊ុនណាហ្គាវើលដ៍គឺគ្រាន់តែបាត់បង់ប្រាក់ចំណេញតែប៉ុណ្ណោះ មិនបានខាតបង់ចំណូលទាំងស្រុងដែលមិនអាចទ្រទ្រង់បុគ្គលិកនោះទេ។ កញ្ញាបន្ថែមថា សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនដែលលើកឡើងពីបញ្ហាខាតចង់នេះ គឺគ្រាន់ជាលេសមួយចង់បំបាត់សហជីពចេញពីក្រុមហ៊ុនតែប៉ុណ្ណោះ ព្រោះកន្លងមកសហជីពតែងតែតវ៉ាប្រឆាំងជាមួយក្រុមហ៊ុនការពារផលប្រយោជន៍ជូនកម្មករដែលរងការរំលោភបំពាន។
កញ្ញា អ៊ុក សុភ័ក្រម៉ូនីកា៖«គាត់នូវតែមានលទ្ធភាពរក្សាបុគ្គលិកទាំងអស់ដដែល ព្រោះសព្វថ្ងៃពួកខ្ញុំមិនបានធ្វើការពេញលេញទេ ចឹងបានន័យថា ប្រាក់ខែដែលត្រូវចំណាយបុគ្គលិកក៏មិនចំណាយពេញដែល ដូចថា ខ្ញុំប្រាក់ខែ៣០០ដុល្លារ ប៉ុន្តែពេលកូវីដ១៩ គាត់ចំណាយមកខ្ញុំតែ១៥០ដុល្លារទេ។ ចឹងគាត់អត់ចំណាយមកលើបុគ្គលិកទាំងអស់នោះទេ»។
មន្រ្តីនៃអង្គការសង់ត្រាល់ដែលតាមដានវិវាទមួយនេះ បានប្រាប់អ្នកសារព័ត៌មានពីរបាយការណ៍ឆ្នាំ២០២១ ដែលខ្លួនរកឃើញថា ក្រុមហ៊ុនណាហ្គាវើលដ៍នៅតែរកបានប្រាក់ចំណេញ និងមានលទ្ធភាពសាងសង់អាគារណាហ្គាវើលដ៍ទី៣ បន្ថែមទៀតផងដែរ។
សូមបញ្ជាក់ថា វិវាទការងារនៃក្រុមហ៊ុនណាហ្គាវើលដ៍មួយនេះបានឈានដល់ការធ្វើកូដកម្មពីសំណាក់បុគ្គលិកកម្មករជារៀងរាល់ថ្ងៃនៅក្បែរវិមានរដ្ឋសភាជាតិ។ កូដកម្មមួយនេះត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចាត់ទុកជាសកម្មភាពបង្កការអុកឡុក ធ្វើឱ្យចលាចល និងមានការញុះញង់បង្កអសន្តិសុខ។ ហើយរហូតមកដល់បច្ចុប្បន្ននេះ មានតំណាងសហជីពនិងបុគ្គលិកចំនួន ៨ នាក់ត្រូវបានចាប់ឃុំខ្លួនក្រោមបទចោទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។
ដោយឡែកកាលពីពេលថ្មីៗនេះ ក្រុមកូដករបានប្រមូលស្នាមមេដៃបុគ្គលិកជាងមួយពាន់នាក់ដាក់ញត្តិតាមស្ថានទូតបរទេសនានាចំនួន១៤ ដើម្បីជំរុញឱ្យមានកិច្ចអន្តរាគមន៍ដោះលែងតំណាងរបស់ពួកគេនិងជួយអន្តរាគមន៍ឱ្យមានការដោះស្រាយវិវាទមួយនេះ៕