en     km
en     km

បទយកការណ៍៖អ្នកគាំទ្រលោក កឹម សុខា បន្តមកតាមដានសវនាការខណៈសំណុំរឿងអាចអូសបន្លាយយូរ

Share

ភ្នំពេញ៖ តុលាការរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះបានបន្តសវនាការសំណុំរឿងលោក កឹម សុខា ជាសវនាការសប្តាហ៍ទី២ បន្តពីអាក់ខានជិតពីរឆ្នាំ។ សវនាការទាំងពីរលើកនេះ អ្នកគាំទ្រលោក កឹម សុខា ជាច្រើននាក់បានមកតាមដានឃ្លាំមើល ដើម្បីផ្តល់ជាកម្លាំងចិត្ត។ អ្នកគាំទ្រលោក កឹម សុខា ឱ្យដឹងថា ពួកគេនឹងមកលើកទឹកចិត្តលោក កឹម សុខា ជាប់ជានិច្ច បើទោះបីត្រូវចំណាយធនធានរាល់ពេលធ្វើដំណើរយ៉ាងណាក្តី។ ការប្តេជ្ញាចិត្តរបស់អ្នកគាំទ្រលោក កឹម សុខា នេះស្របពេលសំណុំរឿងលោក កឹម សុខា ត្រូវតុលាការបញ្ជក់ថា ត្រូវការពេលពិនិត្យមើលយូរនិងត្រូវការបើកសវនាការច្រើនដង ដើម្បីធានាភាពសុក្រឹតយុត្តិធម៌។

តទៅនេះសូមនាងកញ្ញា លោក លោកស្រី អញ្ជើញស្តាប់បទយកការណ៍ដែលលោក កែវ សុខា បានចុះទៅប្រមូលព័ត៌មាននៃទិដ្ឋភាពពីមុខតុលាការភ្នំពេញដូចតទៅ!

ពីមុខសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ មានសភាពមមាញឹកដូចសព្វដង ហើយព្រឹកនេះមានសភាពអ៊ូអរជាងមុន ដោយសារមានសកម្មជនអតីតបក្សប្រឆាំង សកម្មជនបរិស្ថាន សកម្មជននិងមន្រ្តីសិទ្ធិមនុស្ស ជាមួយអ្នកសារព័ត៌មានជាច្រើននាក់បានមកតាមដាននិងឃ្លាំមើលសវនាការសំណុំរឿងលោក កឹម សុខា។

ជាមួយគ្នានេះដែល ក៏ឃើញមានកម្លាំងសមត្ថកិច្ចបានមកត្រៀមដើម្បីរក្សាការពារសណ្តាប់ធ្នាប់ ហើយសមត្ថកិច្ចខ្លះក៏បានសម្រួលចរាចរ ស្របពេលរថយន្តនៃមណ្ឌលអប់រំកែប្រែឬរថយន្តពន្ធនាគារព្រៃសរបានដឹកអ្នកទោសចេញចូលតុលាការដូចផ្សារត្រី ធ្វើឱ្យមហាវិថីសាលដឺហ្គូលព្រឹកនេះលាន់លឺសំឡេងសារ៉េនយ៉ាងត្រហឹង។

ម៉ោងប្រហែលជា​៨ បន្តិចបន្តួចលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិបានជិះរថយន្តលុចស៊ិលពណ៌ខ្មៅចូលសាលាដំបូងរាជធានីភ្នំពេញ តែលើកនេះលោកបានបើកកញ្ចក់រថយន្តលើដៃបោយនិងញញឹមទៅកាន់អ្នកគាំទ្រជាសញ្ញានៃការស្វាគមន៍របស់លោក។

ក្រោយពីលោក កឹម សុខា ចូលបន្ទប់សវនាការសកម្មជននានាក៏ចាប់ផ្តើមមកជាបន្តបន្ទាប់ដើម្បីចាំលោកទឹកចិត្តដល់លោក កឹម សុខា​។

សាលាដំបូងរាជធានីភ្នំពេញ។

 

ឆ្លៀតពេលត្រូវរង់ចាំលទ្ធផលនៃសវនាការលោក កឹម​ សុខា រហូតដល់ម៉ោង១២ថ្ងៃត្រង់នោះ ខ្ញុំបានជួបសម្ភាសន៍អ្នកគាំទ្រលោក កឹម សុខា មួយចំនួនដែលពួកគេអង្គុយរង់ចាំនៅពីមុខតុលាការ។​

ខ្ញុំបានជួបសម្ភាសន៍អ្នកស្រី ជា សាមួន ជាអតីតក្រុមប្រឹក្សាស្រុកល្វាឯម ខេត្តកណ្តាល ដែលអ្នកស្រីតែងតែមកគាំទ្រលោក កឹម សុខា មិនដែលខកខាតនោះឡើយ។

គ្រងដោយអាវផ្កាពណ៌លឿងបង់កក្រមាឆ្នូតពណ៌ក្រហមសផង អ្នកស្រីផ្តល់សម្ភាសន៍ជូនវិទ្យុស្រ្តីទាំងទឹកមុខស្រស់ស្រាយថា អ្នកស្រីជារឿយៗតែងមកគាំទ្រនិងចាំលើកទឹកចិត្តលោក កឹម សុខា ជានិច្ច ដើម្បីឱ្យលោក កឹម សុខា មានទឹកចិត្តក្រោកឈរ តស៊ូប្រឆាំងភាពអយុត្តិធម៌ ការបំបិទសិទ្ធិសេរីភាពជាដើម។

អ្នកស្រី ជា សាមួន ។

 

បើទោះបីជាគណបក្សសង្រ្គោះជាតិត្រូវបានរំលាយទៅហើយក្តី ខណៈដែលលោក កឹម សុខា កំពុងរង់ក្តីត្តាំងទៀតនោះ ប៉ុន្តែសម្រាប់អ្នកស្រី សាមួន ប្រាប់ថាក្នុងចិត្តគឺគណបក្សប្រឆាំងមួយនេះនៅតែរស់រានមានជីវិតគ្មានថ្ងៃរលត់ពីក្នុងចិត្ត។ អ្នកស្រីយល់ថា​ មានតែបក្សប្រឆាំងដែលហ៊ានរិះគន់ភាពអវិជ្ជមានរបស់រដ្ឋាភិបាលនេះហើយ ទើបអាចជួយជនទន់ខ្សោយដែលរងគ្រោះក្នុងបញ្ហាសិទ្ធិមនុស្ស សិទ្ធិកម្មករ បញ្ហាការរំលោភបំពានដីធ្លី និងការបំផ្លិចបំផ្លាញធនធានធម្មជាតិជាដើម។​

 

​នៅពេលសួរនាំអ្នកស្រីពីការចំណាយផ្សេងៗដើម្បីមកគាំទ្រលោក កឹម សុខា អ្នកស្រីបញ្ជក់ថា គឺជាថវិកាផ្ទាល់ខ្លួនទាំងអស់ ពុំមានការឧបត្ថម្ភគាំទ្រពីខាងណានោះទេ ពោលការចំណាយ លះបង់ ទាំងពេលវេលាទាំងកម្លាំងកាយ និងធនធានថវិកា គឺផុសចេញពីទឹកចិត្តនិងការគាំទ្រពីក្រុមគ្រួសារខ្លួនឯងតែប៉ុណ្ណោះ។

ងាកចេញពីអ្នកស្រី​សាមួន ខ្ញុំបានសុំសម្ភាសន៍អ្នកគាំទ្រម្នាក់ទៀតដែលនៅក្បែរនោះគឺលោក សឹង វណ្ណសុខ។ លោក​ សឹង វណ្ណសុខ ប្រាប់ឱ្យដឹងថា លោកស្រលាញ់គាំទ្រលោក កឹម សុខា ជាយូរណាស់មកហើយគឺតាំងពីលោក កឹម​ សុខា ជាប្រធានគណបក្សសិទ្ធិមនុស្សម្ល៉េះ។ លោកយល់ថា សេណារីយ៉ូនយោបាយបច្ចុប្បន្នគឺការបំបែកលោក កឹម សុខា ពីអតីតគណបក្សសង្គ្រោះជាតិ ប៉ុន្តែលោកជឿជាក់ថា លោក កឹម សុខា នឹងមិនបែកពីបក្សសង្គ្រោះជាតិនោះទេ។  

​ចេញពីសម្ភាសន៍លោក សឹង វណ្ណសុខ ប្រហែលម៉ោង១២ថ្ងៃត្រង់គឺដល់ពេលល្មមដែលលោក កឹម សុខា​ ត្រូវចេញពីបន្ទាប់សវនាការ។ អ្នកគាំទ្រលោក កឹម សុខា និងអ្នកសារព័ត៌មានបានឈូឆរក្រោកឡើងខ្លះតត្រៀមទូរស័ព្ទខ្លះត្រៀមកាមេរ៉ា ដើម្បីផ្តិតរូបលោក កឹម សុខា។ លោក កឹម សុខា បានជិះរថយន្តរបស់ចេញពីតុលាការ ជាពេលវេលាមួយដែលអ្នកសារព័ត៌មាននិងអ្នកគាំទ្រលោក កឹម សុខា រង់ចាំដំណឹងនៃលទ្ធផលសវនាការថ្ងៃនេះ។

សហមេធាវីទាំងបួនរូបរបស់លោក កឹម សុខា បានធ្វើដំណើរឆ្លងផ្លូវមកផ្តល់ព័ត៌មានជូនអ្នកសារព័ត៌មាន ស្របពេលមេធាវីការខាងរដ្ឋាភិបាលមិនអាចផ្តល់សម្ភាសន៍បាននោះទេ ព្រោះសមត្ថកិច្ចហាមមិនឱ្យអ្នកសារព័ត៌មានចូលតុលាការ។

លោក អាង ឧត្តម មេធាវីមួយរូបក្នុងចំណោមសហមេធាវីទាំងបួនរូបរបស់លោក កឹម សុខា ប្រាប់អ្នកសារព័ត៌មានពីការដាក់ភស្តុតាងនានានិងការតតាំងក្តីក្នុងបន្ទាប់សវនាការនៅព្រឹកមិញនេះ។ 

លោកមេធាវី អាង ឧត្តម ផ្តល់បទសម្ភាសន៍ជូនអ្នកសារព័ត៌មាន។

 

សម្រាប់ក្រុមសហមេធាវីលោក កឹម សុខា  ការចំណាយពេលនិងការពន្លាត់ពេលសវនាការក្នុងសំណុំរឿងលោក កឹម សុខា កាន់តែយូរបានធ្វើឱ្យកូនក្តីរបស់ខ្លួនកាន់តែខូចប្រយោជន៍ ព្រោះកូនក្តីត្រូវបានតុលាការផ្អាកសវនាការយូរមកហើយ។ លោក ចាន់ ចេន បញ្ជក់ថា ខាងមេធាវីការពារក្តីជូនលោក កឹម សុខា បានព្យាយាមស្នើដល់តុលាការពន្លឿននីតិវិធីរឿងនេះឱ្យឆាប់ តែតុលាការមិនទទួលសំណើដោយថា រឿងក្តីនេះមានទំហំធំស្មុគស្មាញដែលត្រូវបានពេលពិនិត្យឱ្យល្អិតល្អន់។

 

លោក កឹម សុខា ត្រូវបានចាប់ខ្លួនទាំងកម្រោល នៅរំលងអាធ្រាត្រថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០១៧។ លោកត្រូវតុលាការចោទ ពីបទសន្និដ្ឋិភាពជាមួយបរទេស ឬ ទោសក្បត់ជាតិដែលត្រូវរ៉ូវគ្នាជា មួយបរទេសចង់ផ្ដួលរំលំរដ្ឋាភិបាល តាមរយៈវីដេអូដែលលោក កឹម សុខា ថ្លែងនៅប្រទេសអូស្រ្តាលីក្នុងជំនួបជាមួយអ្នកគាំទ្រ។

បន្ទាប់មក លោក កឹម សុខា ត្រូវបានឃុំខ្លួននៅគុកត្រពាំងផ្លុងជាប់ព្រំដែនវៀតណាមជាងមួយឆ្នាំ។ ហើយក្រោយមក លោកត្រូវបានឃុំខ្លួននៅក្នុងផ្ទះជាងមួយឆ្នាំទៀត  ដោយតុលាការហាមលោកមិនឪ្យធ្វើសកម្មភាពនយោបាយ និងទៅក្រៅប្រទេសនោះទេ។

សំណុំរឿងមួយនេះ ត្រូវបានមជ្ឈដ្ឋានជាតិនិងអន្តរជាតិមើលឃើញថា មានជាប់ពាក់ព័ន្ធនឹងបញ្ហានយោបាយ។សំណុំរឿងទាក់ទងនយោបាយបែបនេះ មានតែការដោះស្រាយតាមបែបនយោបាយនោះទេទើបអាចបញ្ចប់រឿងក្តីបានឆាប់រហ័ស៕

Share

Image
Image
Image