អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានថ្លែងនៅល្ងាចថ្ងៃព្រហស្បតិ៍ថា ខ្លួន«បារម្ភជាខ្លាំង»អំពីអំពើហិង្សាដែលនៅតែបន្តមានក្នុងប្រទេសភូមា ហើយបានធ្វើសំណើមួយចំនួនទៅភាគីជម្លោះនៅទីនោះ។
លោក ឯម មាឃ ជូនសេចក្ដីរាយការណ៍ …
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ដើម្បីបង្ហាញ«ការព្រួយបារម្ភជាខ្លាំង»របស់ខ្លួន ចំពោះការប៉ះទង្គិចប្រដាប់អាវុធយ៉ាងធ្ងន់ធ្ងររវាងយោធានិងកម្លាំងប្រដាប់អាវុធផ្សេងៗទៀត នៅក្នុងទីក្រុងនៃរដ្ឋកាយ៉ាហ៍របស់ប្រទេសភូមាឬមីយ៉ាន់ម៉ា។
អំពើហិង្សាប្រដាប់អាវុធរវាងកងទ័ពភូមានិងកងកម្លាំងជនជាតិភាគតិចនៅក្នុងប្រទេសភូមា នៅតែបន្តកើតមានឡើង ទោះបីជាមានកិច្ចព្រមព្រៀងបញ្ឈប់អំពើហិង្សាកាលពីខែមេសា ឆ្នាំ២០២១ និងការសម្រេចបន្លាយពេលនៃបទឈប់បាញ់ពីសំណាក់មេដឹកនាំយោធាភូមា អំឡុងទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជានៅទីនោះកាលពីថ្ងៃទី៧ ខែមករា ក៏ដោយ។
«អំពើហិង្សាដែលនៅតែបន្តកើតមាននេះកំពុងធ្វើឱ្យប៉ះពាល់ដល់វឌ្ឍនភាពដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចការងារនាពេលថ្មីៗនេះរបស់សម្ដេចតេជោ ហ៊ុន សែន»។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសនៅក្នុងសេចក្ដីថ្លែងការណ៍នោះ។
យោធាភូមាបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យក្រោមការដឹកនាំរបស់លោកស្រី អោង សាន ស៊ូ ជី នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ ចាប់តាំងពីពេលនោះមក ប្រជាពលដ្ឋ និងរដ្ឋាភិបាលនិរទេសភូមា បានសហការជាមួយកងកម្លាំងប្រដាប់អាវុធជនជាតិភាគតិចនៅក្នុងប្រទេសនោះ ដើម្បីប្រឆាំងនឹងការគ្រប់គ្រងប្រទេសបែបផ្ដាច់ការដោយពួកយោធា។
អំពើហិង្សាប្រដាប់អាវុធជាបន្តបន្ទាប់រវាងភាគីជម្លោះនានា បានធ្វើឱ្យសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា ASEAN ព្រួយបារម្ភ និងចង់ឱ្យប្រទេសភូមាវិលត្រឡប់ទៅដើរលើផ្លូវប្រជាធិបតេយ្យវិញ។ នៅក្នុងខែមេសាឆ្នាំមុន មេដឹកនាំប្រទេសសមាជិកអាស៊ានទាំង១០ រួមទាំងមេដឹកនាំរបបយោធាភូមាផង បានព្រមព្រៀងគ្នាជាឯកច្ឆន្ទចំនួន៥ចំណុច ដែលផ្តោតលើការបញ្ឈប់អំពើហិង្សា ការចរចារកសន្តិភាព តួនាទីបេសកជនពិសេស និងការផ្តល់ជំនួយមនុស្សធម៌។
ក្រោយមកទៀត នាយករដ្ឋមន្ត្រីកម្ពុជា បន្ទាប់ពីបានក្លាយជាប្រធានអាស៊ានឆ្នាំ២០២២ពេញសិទ្ធិ បានធ្វើទស្សនកិច្ចនៅភូមានាដើមខែមករានេះ ជាឯកតោភាគី ពោលគឺពុំមានការយល់ព្រមពីសមាគមអាស៊ានទេ។ ទស្សនកិច្ចនោះបានធ្វើឡើងតបតាមការអញ្ជើញរបស់មេដឹកនាំរដ្ឋប្រហារយោធាភូមា មីន អោង ឡាំង ក្រោមសន្ធឹករិះគន់ឥតសំចៃមាត់របស់ប្រជាពលរដ្ឋភូមា និងសហគមន៍អន្តរជាតិ។
អ្នកនាំពាក្យក្រសួងការបរទេសឱ្យដឹងពីម្សិលមិញថា អំឡុងទស្សនកិច្ចនោះ សម្ដេច ហ៊ុន សែន បានចែករំលែកជាមួយមេដឹកនាំយោធាភូមា អំពីភាពជោគជ័យនៃនយោបាយឈ្នះ-ឈ្នះរបស់កម្ពុជា ក្នុងការស្វែងរកសន្តិភាពនិងអភិវឌ្ឍន៍ ដែលផ្អែកលើការចូលរួមនិងការឯកភាពពេញលេញពីគ្រប់ភាគីពាក់ព័ន្ធ។
តាមរយៈសេចក្ដីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ដដែល អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានអំពាវនាវឱ្យ«គ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវតែទទួលយកបទឈប់បាញ់ បញ្ចប់សកម្មភាពហិង្សា អនុវត្តការអត់ធ្មត់ខ្ពស់បំផុត និងចាប់ផ្ដើមកិច្ចសន្ទនា» ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ាន៕