en     km
en     km

បទវិភាគ៖ ការបំបែកសំណុំរឿងលោក កឹម សុខា ការចរចាតាមផ្លូវនយោបាយជាកូនសោរបន្ថយភាពតានតឹង

Share

ភ្នំពេញ៖ សំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា បានអូសបន្លាយពេលនិងមានភាពស្មុគស្មាញក្នុងដំណើរការក្តីខ្លាំងណាស់ ព្រោះសំណុំរឿងនេះទាក់ទងបញ្ហានយោបាយ។ រឿងក្តីបែបនយោបាយដូច្នេះមានតែការដោះស្រាយតាមបែបនយោបាយនោះទេទើបអាចបញ្ចប់រឿងក្តីក្តាំមួយនេះបាន។ បើអ្នកនយោបាយអាចការដោះស្រាយបញ្ហានេះបានឆាប់រហ័ស វាអាចស្តារមុខមាត់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំនេះ និងអាចស្តារស្ថានភាពនយោបាយ និងសិទ្ធិមនុស្សផងដែរ។ មួយទៀតបើអ្នកនយោបាយបក្សទាំងពីរអាចអង្គុយចរចាត្រូវរូវគ្នា នោះអ្នកនយោបាយបន្តវេននឹងមិនដាក់ការស្តីបន្ទោសដែលមកត្រូវដោះស្រាយវិញ្ញាសារដ៏សែនស្មុគស្មាញ និង សាំញាំមួយនេះ។

តទៅនេះ សូមនាងកញ្ញាលោក លោកស្រី អញ្ជើញស្តាប់បទវិភាពដែលរៀបរៀងដោយលោក កែវ សុខា ដូចតទៅ។

 

 

សំណុំរឿងសន្និដ្ឋិភាពជាមួយបរទេស ឬ ទោសក្បត់ជាតិដែលត្រូវរ៉ូវគ្នាជាមួយបរទេសចង់ផ្ដួលរំលំរដ្ឋាភិបាលរបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការរាជធានីភ្នំពេញចាប់ផ្តើមលើកយកមកធ្វើការជំនុំជម្រះឡើងវិញហើយ បន្ទាប់ពីត្រូវបានផ្អាកខកខានបើកសវនាការជិតពីរឆ្នាំក្រោមមូលហេតុនៃការរាតត្បាតនៃជំងឺកូវីដ-១៩។

សំណុំរឿងរបស់អ្នកនយោបាយជាន់ខ្ពស់រូបនេះ ជាផ្លូវបំបែកនៃអនាគតគណបក្សប្រឆាំងដ៏ធំជាងគេដែលមានកម្លាំងនិងប្រជាប្រិយភាពប្រកួតជាមួយគណបក្សកាន់អំណាច។ មកដល់ត្រឹមនេះ យើងមើលឃើញថា លោក កឹម សុខា កំពុងតែកាន់កូនសោរមួយក្នុងដៃ ដែលនៅពីមុខលោកមានទ្វារចំនួនពីរដែលតម្រូវឱ្យលោកជ្រើសរើសមួយដើម្បីចាក់ចូល។ ដូច្នេះ មិនដឹងថា លោក កឹម សុខា សម្រេចចិត្តយកកូនសោរចាក់ចូលទ្វារមួយណានោះទេ។

ការនិយាយបែបនេះ ក៏ព្រោះថា មជ្ឈដ្ឋានមួយចំនួនបានមើលឃើញពីតាក់ទិចនយោបាយមួយដែលចង់បំបែកគណបក្សប្រឆាំងឱ្យទន់ខ្សោយ តាមរយៈការបំបែកកម្លាំងថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ពោលមុខព្រួញគឺបាញ់សំដៅលើលោក​ កឹម សុខា តែម្តង។

បើទោះបីជាមិនទាន់មានការចូលអង្គុយទល់មុខចរចា ឬការសម្របសម្រួលបញ្ហាជាប់គាំងនយោបាយរវាងបក្សកាន់អំណាច និងអតីតបក្សប្រឆាំងនៅឡើយក្តី តែដំណើរទស្សនកិច្ចរបស់សម្តេច​ ស ខេង ទៅបារាំង និងការឆ្មក់ចូលរបស់សម្តេច ហ៊ុន​ សែន ក្នុងកិច្ចប្រជុំរបស់មន្រ្តីនិងសកម្មជនអតីតបក្សសង្គ្រោះជាតិតាមប្រព័ន្ថ Zoom គឺសុទ្ធតែជាសញ្ញាណដែលអាចជាពន្លឺនាំឱ្យមានកិច្ចចរចានយោបាយណាមួយកើតឡើងនាពេលខាងមុខ។

អ្វីជាការតក់សម្គាល់ពិសេសជាងនេះ គឺការលើកយកសំណុំរឿងរបស់លោក កឹម សុខា មកជំនុំជម្រះឡើងវិញកាលពីថ្ងៃទី១៩ ខែមករា ម្សិលមិញ។ បើទោះជាសំណុំនេះ ត្រូវលើកពេលបន្តសវនាការនៅសប្តាហ៍ក្រោយក៏ដោយ តែវាអាចជាជំហានមួយឈានបោះទៅមុខ ដែលមហាជនកំពុងរងចាំមើលថាតើលោក កឹម សុខា អាចមានលទ្ធភាពចូលរួមការបោះឆ្នោតឃុំនិងការបោះឆ្នោតជាតិនៅឆ្នាំ២០២២ និង២០២៣ បានដែរឬទេ?

ឥឡូវនេះយើងមកពិនិត្យមើលសំណុំរឿងលោក កឹម សុខា​ វិញ។ បច្ចុប្បន្នភាពនៃសំណុំរឿងនេះ តំណាងអយ្យការ មេធាវីខាងរាជរដ្ឋាភិបាលដែលជាដើមបណ្តឹងរដ្ឋប្បវេណី និងសហមេធាវីកំពុងពិនិត្យភស្តុតាងវីដេអូរយៈពេលជាងមួយម៉ោងដែលលោក កឹម សុខា ថ្លែងទៅកាន់អ្នកគាំទ្រនៅប្រទេសអូស្ត្រាលី។

លោក កឹម សុខា ចេញពីសវនាការកាលពីថ្ងៃទី១៩មករា២០២២។

 

សំណុំរឿងនេះ ខាងដើមបណ្តឹងបានដាក់ភស្តុងតាងវីដេអូកាត់ជាចំណែកៗដែលលោក កឹម សុខា បានថ្លែងនៅអូស្រ្តាលី ជាមូលដ្ឋានដាក់បន្ទុកចោទប្រកាន់មកលើលោក កឹម សុខា ថាបានរៀបចំផែនការជាមួយរដ្ឋបរទេសផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ តែសម្រាប់ខាងមេធាវីលោក កឹម សុខា វិញមានវីដេអូថ្លែងនេះជាវីដេអូពេញលេញដែលអាចបំភ្លឺនិងជាភស្តុតាងដោះបន្ទុកយ៉ាងសំខាន់មួយផងដែរ។ នេះបើយើងពិនិត្យមើលទិដ្ឋភាពច្បាប់។

តែបើក្រឡេកមើលពីទិដ្ឋភាពជាក់ស្តែងវិញ យើងឃើញថា លោក កឹម សុខា គ្មានបញ្ចេញសកម្មភាពអ្វី ឬថ្លែងសារជាសាធារណៈ ឬតាមបណ្តាញសង្គមអំពាវនាវឱ្យពលរដ្ឋឬយោធាងើបបះបោលផ្តួលរំលំរដ្ឋាភិបាលនោះទេ។នេះចំណុចទី១។ ចំណុចទី២៖ គេសង្កេតឃើញថា អំឡុងពេលលោក កឹម សុខា ជាប់ឃុំក្នុងផ្ទះមានបណ្តាអង្គទូត និងរដ្ឋមន្រ្តីការបរទេសលោកសេរីមួយចំនួនបានចូលសួរសុខទុក្ខលោកហើយរដ្ឋាភិបាលខ្លួនឯងក៏អនុញ្ញាតឱ្យបណ្តាថ្នាក់ដឹកនាំទាំងនោះចូលជួបលោក កឹម សុខា។ប្រការនេះ បើសិនជាលោក កឹម សុខា​ ពិតជាមានគំនិតក្បត់ជាតិដូចការចោទប្រកាន់មែនទំនងរដ្ឋាភិបាលមិនអនុញ្ញាតឱ្យអ្នកទាំងនោះចូលជួបសួរសុខទុក្ខលោក កឹម សុខា នោះទេ។ និងចំណុចចុងក្រោយគេសង្កេតឃើញថា លោក កឹម សុខា បានចុះទៅជួបសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ គ្រោះរាំងស្ងួត និងបញ្ហាជំងឺកូវីដដោយមិនបានថ្លែងសារនយោបាយជំរុញឱ្យមានការធ្វើបដិវត្តន៍អ្វីនោះទេ ហើយតាមរយៈសកម្មភាពចែកអំណោយដល់ជនរងគ្រោះនេះ ជារូបភាពបញ្ជាក់យ៉ាងច្បាស់ថា លោក កឹម សុខា បានជួយរួមចំណែកជាមួយរាជរដ្ឋាភិបាលបំពេញនៅចន្លោះខ្វះខាតដែលផ្ទុយពីទង្វើក្បត់ជាតិ។

តាមរយៈទឡ្ហីករខាងលើយើងអាចទាញការសន្និដ្ឋានបានថា លោក កឹម សុខា អាចរួចផុតពីការចោទប្រកាន់ពីទោសក្បត់ជាតិបាន។

ក៏ប៉ុន្តែរឿងក្តីបែបនយោបាយបែបនេះ ទំនងមិនអាចងាយបញ្ចប់បានដោយស្រួលៗនោះទេ ពោលរឿងនយោបាយគឺត្រូវដោះតាមរយៈការចរចាបែបនយោបាយ។

រឿងក្តីបែបនយោបាយមួយនេះយើងត្រូវបន្តតាមដានតួអង្គពីរសំខាន់ៗទីមួយគឺតួអង្គលោក កឹម សុខា ។ បើសិនលោក កឹម សុខា មានការសម្រេចចិត្តចែកផ្លូវពីអតីតគណបក្សសង្គ្រោះជាតិ ហើយសម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សថ្មី នោះទំនងមានសេចក្តីសម្រេចរបស់តុលាការឱ្យលោក កឹម សុខា ជាប់ទោសក្នុងកម្រិតណាមួយ ហើយមិនយូរនោះទេ ព្រះរាជសារលើកលែងទុក្ខដល់លោក កឹម សុខា ដែលឡាយព្រះហស្តលេខាពីអង្គព្រះមហាក្សត្រនឹងមកដល់។ ប៉ុន្តែបើសិនលោក កឹម សុខា មិនទាន់ព្រមដាច់ចិត្តលះលែងពីគណបក្សដែលខំកសាងប្រជាប្រិយភាពជាយូរណាស់មកហើយនោះទេ នោះដំណើរការក្តីសំណុំរឿងក្បត់ជាតិមួយនេះមិនដឹងអាចបញ្ចប់បាននៅពេលណានោះទេ។

ដោយឡែកតួអង្គសំខាន់មួយទៀតដែលកំពុងកាន់កូនសោរសំខាន់ក្នុងដៃផងដែរ គឺតួអង្គរដ្ឋាភិបាលដែលជាដើមបណ្តឹងរដ្ឋប្បវេណីប្តឹងលោក កឹម សុខា ករណីនេះ។ កូនសោរគន្លឹះក្នុងដៃរដ្ឋាភិបាលមួយនេះ ធ្វើឱ្យមជ្ឈដ្ឋានទូទៅរួមទាំងអ្នកវិភាគមួយចំនួនផងពិបាកក្នុងការទស្សន៍ទាយ ព្យាករណ៍ និងសន្និដ្ឋានបានណាស់ តើថា កូនសោរមួយនេះចាក់ពេលណា និងចាក់បែបណា ឬទុកឱ្យអ្នកនយោបាយបន្តវេនជាអ្នកចាក់វិញ?

សម្រាប់ជាទស្សនទាន កូនសោរក្នុងដៃរដ្ឋាភិបាលមួយនេះ គួរតែចាក់បើកទំព័រស័ករាជថ្មីដែលកម្ពុជាជាប្រធានប្តូរវេនអាស៊ាន។ បើកម្ពុជាអាចដោះស្រាយវិបត្តិនយោបាយផ្ទៃក្នុងប្រទេសបានល្អ មុននឹងឈានទៅដោះស្រាយវិបត្តិនយោបាយប្រទេសភូមានាពេលខាងមុខនោះ គឺរឹតតែល្អប្រសើរ។

ការប្រញប់ដោះស្រាយវិបត្តិនយោបាយបានឆាប់រហ័ស តាមរយៈការដោះលែងលោក កឹម សុខា និងសកម្មជននយោបាយផ្សេងៗ ជាភាពអំណោយទានមួយស្តារស្ថានភាពនយោបាយ ស្ថានភាពសិទ្ធិមនុស្សកុំឱ្យធ្លាប់ដុនដានជាងមុន។ និយាយបែបនេះព្រោះថា កម្ពុជាបានជ្រុសបាត់ប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហគមន៍អឺរ៉ុបចំនួន២០%រួចមកហើយ ដោយសារតែការបំបិទសំឡេងបក្សប្រឆាំង សំឡេងប្រព័ន្ធផ្សព្វផ្សាយនិងសំឡេងអ្នករិះគន់។ ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធEBA ពីសហគមន៍អឺរ៉ុប ២០% បើទោះបីជារដ្ឋាភិបាលប្រកាសថា មិនប៉ះពាល់សេដ្ឋកិច្ចកម្ពុជាខ្លាំងយ៉ាងក្តី តែវាក៏បាត់បង់ផលប្រយោជន៍មួយផ្នែក ដែលអាចជួយស្តារសេដ្ឋកិច្ចនិងលុបបំបាត់ភាពក្រីក្ររបស់ប្រជាជនដែរ។

ដូច្នេះ កម្ពុជាមិនគួរបណ្តោយឱ្យភ្លាត់ស្នៀតជ្រុសបាត់ប្រព័ន្ធអនុគ្រោះពន្ធគយ GSP របស់សហរដ្ឋអាមេរិកមួយទៀតនោះទេ ព្រោះប្រព័ន្ធមួយនេះសហរដ្ឋអាមេរិកអនុគ្រោះដល់ប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍឱ្យនាំចូលទំនិញប្រហែល ៤ ពាន់មុខដោយមិនគិតពន្ធគយ។

ដូច្នេះចង់ឬមិនចង់អ្នកនយោបាយមានអំណាចក្នុងដៃ គប្បីដោះស្រាយវិបត្តិនយោបាយមួយនេះ ដើម្បីរក្សាកេរ្តិ៍ឈ្មោះក្នុងស្រទាប់មហាជន និងលើឆាកអន្តរជាតិ ធ្វើយ៉ាងណារក្សាឱ្យបានការផ្សះផ្សាជាតិជាគំរូល្អដល់អ្នកជំនាន់ក្រោយ។

បើសិនជារដ្ឋាភិបាលអាចត្រួសត្រាយផ្លូវបានល្អនៅជំនាន់នេះ នោះអ្នកដឹកនាំបន្តវេនជំនាន់ក្រោយក៏អាចងាយស្រួលបន្តការដឹកនាំដែរ ព្រោះយើងមិនដឹងថា អ្នកដឹកនាំបន្តវេនអាចមានប្រជាប្រិយភាពនិងសមត្ថភាពដោះស្រាយបញ្ហានេះបានឬមិនបាននោះទេ។

ករណីអ្នកដឹកនាំបន្តវេនមិនអាចមានលទ្ធភាពដោះស្រាយវិបត្តិមួយនេះបាន នោះការដឹកនាំនឹងមានភាពរង្គោះរង្គើ ហើយការសម្រេចចិត្តប្លែកៗក៏អាចលេចឡើងនាំឱ្យខាតបង់ផលប្រយោជន៍ជាតិ។

ដូច្នេះ អ្នកជំនាន់នេះមិនគួរហូបអំបិលច្រើនពេក ហើយទុកឱ្យអ្នកជំនាន់ក្រោយស្រែកទឹកនោះទេ៕

 

 

 

 

  

 

Share

Image
Image
Image